ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កំដៅ​នយោបាយ​និង​រដ្ឋបាល​ស្មុគស្មាញ​ធ្វើ​ឱ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​បាន​តិច


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

គិតត្រឹមថ្ងៃទី​២៥ខែ​កញ្ញា​ពលរដ្ឋ​ដែល​មកចុះឈ្មោះ​មានចំនួន​២១២.៩៧១​នាក់​ដែល​ត្រូវជា​១៣ភាគរយនៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី។ នេះ​បើតាមតួលេខ​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។​

ការ​ចុះឈ្មោះអ្នកបោះឆ្នោត​ថ្មីមានរយៈពេល​ជិតមួយខែ​ហើយ​ប៉ុន្តែ​ចំនួន​ពលរដ្ឋ​ដែល​បាន​មក​ចុះឈ្មោះ​មានតែ​ជាង​១០ភាគរយប៉ុណ្ណោះ​នៃ​ចំនួន​សរុប​១,៦លាននាក់។

លោក​ឱក សេរីសោភក្តិ៍​អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​Hello VOA ​កាលពីថ្ងៃ​ច័ន្ទ​ថា​ចំនួនតិចតួចនេះ​អាច​បណ្តាល​មក​ពីស្ថានការណ៍នយោបាយ​តឹងតែង​ នីតិវិធី​រដ្ឋបាល​ស្មុគស្មាញ​សម្រាប់​ជនផ្លាស់ប្តូរទីលំនៅនិង​កត្តាអាកាស​ធាតុ​ដែល​មាន​ភ្លៀង​ធ្លាក់ច្រើន​ជាដើម។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

គិតត្រឹមថ្ងៃទី​២៥ខែ​កញ្ញា​ពលរដ្ឋ​ដែល​មកចុះឈ្មោះ​មានចំនួន​២១២.៩៧១​នាក់​ដែល​ត្រូវជា​១៣ភាគរយនៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី។ នេះ​បើតាមតួលេខ​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។​

​នីតិវិធី​នៃ​ការចុះឈ្មោះ​នៅ​ឆ្នាំ​២០១៧​នេះ​មានការតឹងរ៉ឹង​ជាង​ឆ្នាំ​២០១៦។ តាមសេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​បាន​កំណត់​ថា​ អ្នកចុះឈ្មោះ​ថ្មី​ឆ្ងាយពី​ទី​លំនៅ​អចិន្ត្រៃយ៍ត្រូវមាន​អត្ត​សញ្ញាណបណ្ណ​ជនជាតិ​ខ្មែរ ​មានសាក្សីដែលបានចុះឈ្មោះ​ហើយ​ចំនួន​មួយនាក់ និង​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​បណ្តោះអាសន្ន​(ក៩)ចេញដោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៃ​ឃុំ​សង្កាត់​របស់​សាម៉ីខ្លួន។ រីឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ថែម​នីតិវិធីមួយទៀតក្នុងការ​ទទួល​បាន​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​(ក៩) គឺ​ពលរដ្ឋ​ត្រូវ​មានលិខិត​ផ្លាស់ប្តូរ​ទីលំនៅ​ពីកន្លែងដើម (ក៥) និង​(ក៦) ទើប​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​អនុញ្ញាត​ចុះក្នុង​បញ្ជី​ស្នាក់នៅបណ្តោះអាសន្ន​(ក៨)​និង​បន្ទាប់​មក​ទើប​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​បណ្តោះ​អាសន្ន(ក៩)​បាន។

លោក​ឱក សេរីសោភក្តិ៍បានស្នើឡើងថា​ចំណាត់ការរដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​និង​អាជ្ញាធរ​មូលដ្ឋាន​គឺ​មាន​ប្រសិទ្ធភាព​តែ​លើ​ការគ្រប់គ្រងសន្តិសុខ​ច្រើនជាង​ការសម្រួល​ឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​បាន​ច្រើនព្រោះ​នីតិវិធីនៃការ​ចុះឈ្មោះស្នាក់នៅ​មាន«លក្ខណៈសាំញ៉ាំ‍»​បើទោះបីជា​ស្រប​ទៅនឹង​ច្បាប់​ជាធរមាន​ក៏ដោយ‍។

លោក​បន្ថែម​ថា៖

«រឿងហ្នឹង​ល្អ​សម្រាប់​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏ប៉ុន្តែ​ដល់​យក​មក​អនុវត្ត​នៅក្នុង​ក្របខណ្ឌ​ចុះឈ្មោះ​បោះឆ្នោត​ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​គាត់​លំបាក​មែនទែន​ហើយ​ជាលទ្ធផល​អាច​នឹង​ធ្វើ​ឱ្យ​មានការ​រារែក​កង្វល់​ហើយ​យឺតយ៉ាវ​នៅក្នុង​ការចុះ​បញ្ជី​ហ្នឹង‍»។​

លោក​សោភក្តិ៍​ស្នើឱ្យក្រសួងមហាផ្ទៃ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ធ្វើការជាមួយ​គ្នា​ដើម្បី​ជួយសម្រួល​ឱ្យ​មាន​ភាពងាយស្រួល​ជាង​ពេល​បច្ចុប្បន្ន​នេះ។ ​

លោក​បាន​ផ្តល់​យោបល់​ថា​អត្តសញ្ញាណបណ្ណពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធថ្មី​រក្សា​ជា​ឌីជីថល​អាច​នឹង​ជួយកាត់បន្ថយ​ការចុះឈ្មោះស្ទួនគ្នា​បានហើយ​គួរតែ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ការចុះឈ្មោះ​បោះឆ្នោត។

ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​មាន​លក្ខណៈ​តឹងតែង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិដោយសង្ស័យ​ថា​បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស។

លោក​បាន​បន្ថែម​ថា៖ ​

«ស្ថានការណ៍នយោបាយ​ដែល​ក្តៅ​គគុក​បែប​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ហេងហាង​ ង៉េមង៉ាម​ លោក​មិន​ដឹង​ថា​តើ​ស្ថានការណ៍​ហ្នឹង​វា​អាច​នឹង​នាំ​ឱ្យ​មានការ​បោះឆ្នោត​ឬអត់​ហើយ​អាច​ឈាន​ទៅដល់​ការ​ដែល​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំហ្នឹង​អាច​ចូលរួមការបោះឆ្នោត​ឬអត់​‍»។

ភាគច្រើន​នៃពលរដ្ឋចំនួន​១,៦លាននាក់​ថ្មីគឺជាអ្នក​ដែល​ទៅធ្វើការនៅប្រទេស​ថៃ​និង​អ្នកដែលទើប​មាន​អាយុ​គ្រប់​១៨ឆ្នាំ។ នេះបើតាមការបញ្ជាក់​របស់​លោក​សោភក្តិ៍។

ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នឹង​បញ្ចប់​នៅថ្ងៃទី​៩ខែវិច្ឆិកា​ខាងមុខនេះ​ហើយ​ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨។

លោក​សោភក្តិ៍​យល់​ថា​ការបោះឆ្នោត​មួយ​ដែលកើតឡើងនៅក្នុងបរិយាកាសកំដៅនយោបាយ​ខ្លាំងហើយបើឈាន​ទៅ​ដល់​អត់មាន​គណបក្ស​ប្រឆាំង​ដ៏ធំនៅក្នុងប្រទេសកម្ពុជា​នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​នោះ​ផង​ដែរ។

«តើ​ការបោះឆ្នោត​ហ្នឹង​អាច​នឹង​មាន​ការទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​ពីមតិជាតិ​និង​សហគមន៍​អន្តរជាតិ​ដែរ​ឬអត់​ហើយនៅពេល​ហ្នឹង​តើ​ស្ថានការណ៍ហ្នឹង​វា​អាច​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា? នេះ​ជា​កង្វល់​ស៊ី​ជម្រៅ​របស់ខ្ញុំ‍»៕

XS
SM
MD
LG