ប៉ូលិស​ចាប់​និង​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាន់ខ្ពស់

ស្រ្តី​ម្នាក់​​កាន់​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះជាតិ។

លោក ​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន ​និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ស្លៀក​ពាក់​ឯក​សណ្ឋាន​ស៊ីវិល​បាន​ចាប់​ខ្លួន​ ​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុងធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម។​

មន្ត្រី​ប៉ូលិស​អានដីកា​តុលាការថា៖​ «សម្រេច៖​ ១- ឲ្យនាំ​ខ្លួន​ឈ្មោះ​មាជ សុវណ្ណារ៉ា​ ដែល​មាន​អត្ត​សញ្ញាណ​ខាង​លើ​នេះ។​ ២- បង្គាប់​មក​កង​កម្លាំងសារធារណៈ​ឲ្យចាប់​និង​នាំ​ខ្លួន​ឈ្មោះ​ខាង​លើ​នេះ​មក​ប្រគល់​ជូន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់»។​

នៅ​ក្នុង​ដីកាបង្គាប់​ឲ្យចាប់​ខ្លួន​ តុលាការ​បាន​ចោទ​ប្រកាន់​លោក​មាជ សុវណ្ណារ៉ា​ពីបទ៖ ​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស» ​ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ​តាម​មាត្រា​ទី​៤៥៩​ មាត្រា​ទី៤៩៥​ មាត្រា​ទី​២៨​ និង​មាត្រា​ទី​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។​

លោក​ មាជ សុវណ្ណារ៉ា ​ដែលជា​ស្ថាបនិក​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ និង​ជា​ជន​ជាតិ​ខ្មែរ​សញ្ជាតិអាមេរិកាំង​ បាន​ប្រាប់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិកប៉ុន្មាននាទី​មុន​ពេល​ដែល​សមត្ថកិច្ច​បាន​នាំ​ខ្លួន។​ ​លោក​បាន​បញ្ជាក់​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។​

លោក​មាជ សុវណ្ណារ៉ា​មាន​ប្រសាសន៍​ថា​ ការ​ចូល​រួម​បាតុកម្ម​របស់​លោក​កន្លង​មក​គឺ​ដោយ​សន្តិវិធី​ គ្មាន​គោល​បំណង​ដើម្បី​ញុះញង់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។​

លោក​និយាយ​ថា៖​ «បាទ​ សុំ​ឲ្យអ្នក​កាសែត​ជាតិ​ និង​អន្តរជាតិ​រក​យុត្តិធម៌​ ជូន​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​មក​នេះ​ធ្វើ​នយោបាយ​ ជា​នយោ​បាយ​ស្រប​ច្បាប់​ អហិង្សា​អត់​មាន​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​ណា​ទេ ​ពី​ព្រោះ​ខ្ញុំ​ជា​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ម្នាក់។ ​ខ្ញុំ​ស្រឡាញ់​ជាតិ​ខ្ញុំ​បាទ»។​

លោក​ Jay Raman​ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ។​ លោក​បាន​បញ្ជាក់​តាម​សារ​អេឡិច​ត្រូនិច​ថា ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​បុគ្គល។

លោក​មាជ សុវណ្ណារ៉ា​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ដឹក​តាម​រថ​យន្តពី​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ​រួច​យក​មក​សារ​សួរ​នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ភ្លាម​ ​ពោល​គឺ​សមត្ថកិច្ច​មិន​បាន​ប្រើ​នីតិ​វិធី​សាក​សួរ​រយៈ​ពេល​៤៨​ម៉ោង​ទេ។​

លោក​ កែ មុន្នី​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ ក្រោយ​ពី​បាន​សាក​សួរ​អស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង​ បាន​សម្រេចចេញ​ដីកា​ឃុំ​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះទោស។​

លោក​ចៅក្រម​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​សារ​តែ​តុលាការ​កំពុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​កំពុង​ដំណើរ​ការ​នីតិវិធី»។​

នៅ​ក្នុង​បន្ទប់​តុលាការ​ មាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិដែល​តុលាការ​ធ្លាប់​បាន​ចាប់​ឃុំ​កន្លង​មក​ បាន​មក​សាក​សួរ​និង​លើក​ទឹក​ចិត្ត​ដល់​លោក​មាជ សុវណ្ណារ៉ា។ ​ក៏​ប៉ុន្តែ​ពួក​គេ​មិន​អាច​រារាំង​ដំណើរ​ការ​ផ្លូវ​ច្បាប់​បាន​ទេ​គឺ​បាន​ត្រឹម​តែ​ឈរ​មើល​នីតិ​វិធី​របស់​តុលាការ​ដែល​ធ្លាប់​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​ នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​

លោក​ចាន់ ចេន​ មេធាវី​ការពារក្តី​លោក​មាជ សុវណ្ណារ៉ា​មាន​ប្រសាសន៍​ថា ​ការ​ចេញ​ដីកាឃុំ​ខ្លួន​របស់​លោក​ចៅក្រម​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់ ពី​ព្រោះ​កូនក្តី​របស់​លោក​មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ​ដឹក​នាំ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។​

លោក​និយាយ​ថា៖​«បើ​យើង​ឆ្លុះ​បញ្ជាំង​ពី​អង្គ​ហេតុ​ ភស្តុតាង​នានា​ យើង​ឃើញ​ថា​ កូន​ក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ​ហើយ​វា​មិន​យុត្តិធម៌​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ ​ហើយ​ទី​បំផុត​ចៅ​ក្រម​ស៊ើប​សួរ​គាត់​បាន​យក​កូន​ក្តី​ខ្ញុំ​ដើម្បី​យក​ទៅ​ឃុំ​ឃាំង​នោះ​ទេ»។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ហៅ​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ចុង​ក្រោយ​នេះ​ថា ​នឹង​អាច​ប៉ះ​ពាល់​ដល់​ការ​ចរចា​ក្នុង​ពេល​ដែល​ក្រុម​ការ​ងារ​នៃ​គណបក្ស​ទាំង​ពីរ​កំពុង​ជជែក​អំពី​សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ការ​កែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត។

លោក​និយាយ​ថា៖​ «នេះ​ជា​ការ​លំបាក​ ជាការ​បារម្ភ​មួយ​ដែល​ធ្វើ​ឲ្យមាន​បរិយាកាស​នយោបាយ​មិន​ល្អ​ចំពោះ​ការ​ចរចា។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​មាន​ជំនឿ​ថា ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​នឹង​ជួប​ជុំ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ដោយ​សន្តិវិធី​ហើយ​ដំណោះ​ស្រាយ​មិន​ខុស​ពី​អ្វី​ដែល​បាន​ដោះ​ស្រាយ​ដូច​ករណី​ដែល​ធ្វើ​ឡើង​បែប​នេះ​ពី​មុន​មកទេ​ បាទ»។​

សំណុំ​រឿង​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ​តុលាការ​មិន​បាន​បោះ​បង់​ចោល​ទេ​ បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេចចូល​រួម​ក្នុង​សភា​ដើម្បី​បង្គ្រប់​សិទ្ធិដល់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ។​

លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ក្នុង​សង្គម​ ​មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​នេះ​គណបក្ស​គ្រប់​គ្រង​អំណាច​និង​បន្ត​លេង​ល្បែង​នយោបាយ​នេះ​ដើម្បី​កៀប​សង្កត់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យហ៊ាន​តវ៉ា​រឿង​សមាស​ភាគ​គ.ជ.ប.ថ្មី៕