មេធាវី​បក្ស​ប្រឆាំង​ម្នាក់​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បដិសេធ​ដោយ​ថា​ជាប់​បណ្តឹង​នៅ​តុលាការ

រូប​ឯកសារ៖ លោក​ ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ​បាន​ឲ្យ​ដឹង​ថា​ក្រសួង​មិន​អាច​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​លោក ជូង ជូងី មេធាវី​បក្ស​ប្រឆាំង​ដោយ​សារ​លោក​ជាប់​បណ្តឹង​នៅ​តុលាការ​រឿង​បង្ហោះ​ហ្វេសប៊ុក​ទាក់​ទង​នឹង​ការ​អំពាវនាវមិន​ឲ្យ​ពលរដ្ឋទៅ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨។

អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​កាល​ពី​៣​សប្តាហ៍​មុន។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ភាគច្រើន​ឲ្យ​មន្រ្តី​ក្រុមជំទាស់​បាន​ប្រាប់​VOA​កាល​ពី​ព្រឹកថ្ងៃ​សុក្រ​នេះថា​លោក​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទៅ​២៤ ​ខែ​មិថុនា​ឆ្នាំ​២០២១។

នៅ​ក្នុង​ពាក្យ​សុំ​នីតី​សម្បទា​ធ្វើ​នយោបាយ​ដែល​បោះ​ត្រា​ចូល​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ វេលា​ម៉ោង​៣​និង​៣០នាទី​រសៀល​លោក​ ជូង ជូងី​ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​ឲ្យ​ពិនិត្យ​តាម​នីតិវិធី​និង​ផ្តល់​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក ជូង ជូងី​ បញ្ជាក់​ប្រាប់​វីអូអេ​ថាលោក​នៅមិន​ទាន់​បានទទួលដំណឹង​ត្រឡប់​មក​វិញ​ថា​តើ​មាន​បញ្ហា​អ្វី​ពាក់​ព័ន្ធ​នឹង​ពាក្យ​សុំ​នោះ​ទេ ខណៈ​លោក​លើក​ឡើង​ថា​វា​ខុស​ពី​អ្នកផ្សេង​ទៀត​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​កាល​ពី​កន្លង​ទៅ។

យ៉ាង​ណាក្តី​លោក​បាន​បញ្ជាក់​នូវ​គោល​ជំហរ​របស់​លោក​ជុំវិញ​ការ​សម្រេច​ចិត្តដាក់ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ ដោយ​លើក​ឡើង​ពី​បំណង​បន្ត​តួនាទី​ជា​មេធាវី ស្រប​ពេលលោកអាច​ចូលរួម​ក្នុង​សកម្ម​ភាព​នយោបាយ​បាន​ដែរ។

លោក​ថ្លែង​ថា៖ «ពីព្រោះ​កន្លង​មក​ខ្ញុំ​ការពារ​ឲ្យ​សកម្ម​ជន​អ្នក​នយោបាយ​ការពារ​ឲ្យ​សកម្មជន​បរិ​ស្ថាន សកម្ម​ជន​ដីធ្លី។ ហើយ​ដើម្បី​ឲ្យ​ការ​ការពារ​ក្តី​ដល់​ពួក​គេ​គាត់​ហ្នឹង​មាន​ភាព​រលូន កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ខ្ញុំ​ធ្វើ​សកម្មភាព​នយោបាយ​។ អញ្ចឹង​ខ្ញុំ​សូម​នីតិ​សម្បទា​នយោ​បាយ​ម្តង​ទៅ​ដើម្បី​ឲ្យ​ស្រួល​ក្នុង​ការ​ការពារ​ក្តី​ឲ្យ​សកម្មជន​នយោ​បាយ។ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​ចូល​រួម​សកម្មភាព​នយោ​បាយ​ដើម្បី​ប្រយោជន៍​សង្គម​ផង​ដែរ»។

លោក​ ​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​ជួង ជូងី ​នៅ​ជាប់​បណ្តឹង​នៅ​តុលា​ការ​រឿង​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ដូច្នេះ​លោក​ថា​ក្រសួង​មិន​អាច​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​បាន​ទេ​នៅ​ពេល​នេះ។

លោក​ថ្លែង​ថា៖ «កាល​ពី​ឆ្នាំ​២០១៨​ លោក​ជួង ជូងី​គាត់​បាន​ប្រើប្រាស់​ហ្វេសប៊ុក​របស់​គាត់​ហ្នឹង​បង្ខាំង​ឬ​អូសទាញ​ពលរដ្ឋ​ហាម​ឃាត់ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​តាម​ការ​ញុះញង់​របស់​សមរង្ស៊ី​ហើយ​ទង្វើ​របស់​គាត់​ហ្នឹង​ត្រូវ​បាន​គណៈកម្មាការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដែល​រង​ពាក្យ​បណ្តឹង​ហ្នឹង នីតិវិធី​របស់​តុលាការ​កំពុង​តែ​ដំណើរការ។ ដូច្នេះ​គាត់​មិន​អាច​ទទួល​បាន​ការ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ឬ​រដ្ឋាភិបាល​ទេ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជ​នកម្ពុជា​បាន​ប្តឹង​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប.)​ឲ្យ​ចាត់​វិធានការ​ចំពោះ​លោកជូង ជូងីចំពោះ​សកម្មភាព​របស់​លោក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកក្នុង​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ ជូង ជូងី កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទាក់​ទង​នឹង​ការ​បដិសេធរបស់​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​មិន​ទាន់​អាច​ទទួល​បាន​ការ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ។

រូបឯកសារ៖ ប្រជាជនខ្មែរជិះម៉ូតូកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។

អតីត​ថ្នាក់​ដឹកនាំ​និង​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិចំនួន​១១៨​នាក់​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល។

តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (ស្ទួន)នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បាន​នីតិសម្បទា​ឡើង​វិញ​នេះ អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ត្រូវ​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។ ក្រោយ​ពី​ការ​ពិនិត្យ ក្រសួង​មហា​ផ្ទៃ​នឹងបន្ត​ស្នើនាយក​រដ្ឋមន្រ្តី​ដើម្បី​ពិចារណា​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ។

លោក ឯម សុវណ្ណរ៉ា អ្នក​វិភាគ​នយោបាយ បាន​ប្រាប់​VOA​ថា​ចំនួន​អតីត​ថ្នាក់​ដឹកនាំ​ឬ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​នយោបាយ និង​ទទួល​បាន​នីតិ​សម្បទា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​មក​គឺ​មាន​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៃ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​សរុប​១១៨​នាក់ ដែល​បាត់​បង់​សិទ្ធិ​នយោបាយ។ លោកបន្ត​ថា​ចរន្តនៃ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយជា​បន្ត​បន្ទាប់​នេះ​មិន​បាន​បង្ហាញ​ពី​បិរយាកាស​ឬ​លម្ហ​នយោ​បាយ​ច្រើន​នោះ​ទេ។

លោក​ ឯម សុវណ្ណរ៉ា ​បាន​លើកឡើងថា​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​សំណាក់​លោក​ជូង ជូងី​ នេះ​ ប្រហែល​ជា​មាន​សម្ពាធ ឬ​បញ្ហា​ណាមួយ​មក​លើ​រូប​លោក។

លោក​ពន្យល់​ថា៖ «នៅ​ក្នុង​ក្រប​ខណ្ឌ​នយោបាយ​វា​នៅ​តែ​ជំពាក់​ជំពិន​គ្នា​អញ្ចឹង​ហើយ អញ្ចឹង​បាន​ជា​គាត់​លើក​ឡើង​ហ្នឹង​អាច​ជា​ក្របខណ្ឌ​នយោបាយ​ទេ។ បើ​យើង​និយាយ​ពី​ក្រប​ខណ្ឌ​ច្បាប់ មិន​ពាក់ព័ន្ធ​ទេ។ គាត់​នៅ​តែ​មាន​យន្តការ មាន​អាទិភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ដែរ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​គេ​ហៅ​ថាមាន​សង្គម​មួយ​មាន​យុត្តិធម៌​ត្រឹមត្រូវ​គាត់​នៅ​តែ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ពេញ​លេញ​បាន។ ប៉ុន្តែ​ប្រហែល​ជា​គាត់​គិត​ថា ពិបាក​នៅ​ក្នុង​សង្គម​មួយ​ដែល​ពិបាក​នឹង​ផ្តល់​យុត្តិធម៌​ហើយ បាន​គាត់​ងាក​មក​ក្នុង​សកម្មភាព​នយោបាយ​ជាង​បាទ»។

រហូត​មក​ទល់​ពេល​នេះ​មាន​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​២០​រូប​ហើយ​ត្រូវ​បានផ្តល់​នីតិ​សម្បទា​នយោ​បាយ​ឡើង​វិញ។ ពួក​គេ​មួយ​ចំនួន​ក៏​បាន​បង្កើត​គណបក្ស​ថ្មី​ផង​ដែរ ដូច​ជា​លោក ​អ៊ូ ច័ន្ទរ័ត្ន បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា​«គណ​បក្ស​កែ​ទម្រង់​កម្ពុជា» ដោយ​មានការ​ចូលរួម​ពី​លោក ប៉ុល ហំម​ ផង​ដែរ៕