អ្នក​តំណាងរាស្រ្ត​និង​សកម្មជន​សង្គ្រោះ​ជាតិ​ត្រូវ​ដោះលែង​និង​ទម្លាក់ចោល​ការ​ចោទប្រកាន់

ជំនួប​កំពូល​បិទទ្វារ​រយៈ​ពេល​ជិត​៥ម៉ោង​នៅ​ថ្ងៃ​អង្គារទី ២២ ខែកក្កដា​ ឆ្នាំ២០១៤​​នេះ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​ និង​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ដោយ​ លោក​ សម រង្ស៊ី​ និង​ ​លោក​ កឹម សុខា។

មនុស្ស​ប្រមាណ​ជាង​៣០០​នាក់​ខ្លះទទូរ​អាវភ្លៀង​ ខ្លះទទឹក​ជោគ​ដោយ​សារ​ទឹក​ភ្លៀង​មួយ​មេធំ ​បាន​ស្រែក​អបអរ​ការដោះលែងតំណាងរាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំពីរ​រូប រួម​ទាំង​សកម្មជន​គណបក្ស​នេះ​មួយ​រូប​ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ការដោះលែង​និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ការចរចា​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង​រវាង​គណបក្សប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគូ​ជម្លោះ​នយោបាយ​យ៉ាង​តាន​តឹង​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែកក្កដា​ឆ្នាំ​មុន។

​តំណាងរាស្រ្ត​ទាំង​ប្រាំពីរ​រូប​រួម​មាន​លោក​ស្រី​ មូរ​ សុខហួរ ​លោក​ ឡុង រី​ ​លោក​ នុត​ រំដួល​ លោក​ កែវ​ ភីរម្យ ​លោក ​ម៉ែន ​សុថាវរិន្ទ្រ ​លោក ​រៀល ​ខេមរិន្ទ្រ​ និង​លោក​ ហូរ ​វ៉ាន់ ​បាន​ជិះ​រថយន្ត​ចេញ​ពីច្រក​ពន្ធនាគារ​សំដៅ​មកខ្លោង​ទ្វារ​វត្ត​អង្គមេត្រីដែល​ស្ថិតនៅចម្ងាយ​ពី​ពន្ធនាគារ​ប្រមាណ​៥០០​ម៉ែត្រ។

​ក្រុម​អ្នក​គាំទ្របាន​ស្រែក​ហ៊ោ​និង​ស្រែក​ហៅ​ឈ្មោះ​អ្នក​តំណាងរាស្ដ្រ​ដែល​ពួកគេ​ស្គាល់។

លោកស្រី​មូរ សុខហួរ ​តំណាងរាស្រ្ត​មួយ​រូប​ក្នុង​ចំណោម​តំណាង​រាស្ដ្រ​ទាំង​ប្រាំពីរ​រូប​បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជុំជិត​ស្ទើរ​ស្តាប់​គ្នា​មិន​បាន។

«សូម​អរគុណ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​ជា​អ្នក​ស្នេហា​ជាតិ ​សូម​រួប​រួម​ជា​កម្លាំង​ដើម្បី​ឲ្យ​ជាតិ​យើង​ឈាន​ទៅមុខ​ ដើម្បី​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា។​ ខ្ញុំ​សូម​អរគុណ​ដល់​គ្រប់​ភាគី​ទាំងអស់​ជាពិសេស​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ទាំង​អស់​ចូល​រួម​ជាមួយ​យើង​ក្នុង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ»។​


តំណាងរាស្ត្រ​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​យ៉ាង​ហិង្សា​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ខែកក្កដា​រវាង​បាតុករ​គាំទ្រ​គណបក្ស​ជំទាស់​ជាមួយ​កង​សន្តិសុខ​នៅក្បែរ​ស្ពាន​នាគ​ខាង​មុខ​វត្តភ្នំ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការបើកទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ធ្វើ​ការ​តវ៉ា​ឡើងវិញ។​

លោកនី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ចាត់ទុក​ការដោះ​លែង​នេះ​ជារឿង​នយោបាយ។

«ការដោះ​លែង​នេះ​ជា​ផ្នែក​មួយ​នៃ​ការព្រម​ព្រៀង​ក្នុង​ការចរចា​តែ​យើង​ក៏មាន​ការសោក​ស្តាយ​ដែរ​ដែល​ថា​គេ​តែង​តែ​យក​រឿង​នយោបាយ​ រឿង​ចាប់​ប្រជាជន​ ចាប់​មនុស្ស​យកមក​ធ្វើ​ជា​លក្ខខណ្ឌ​នយោបាយ។​យើង​គិតថា​ថ្ងៃ​ក្រោយ​ឈប់​ឲ្យ​មាន​ទៀត​ព្រោះ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ផ្នែក​នយោបាយ​ទេ»។

ដោយឡែក​អ្នកស្រី​ជា វណ្ណាត ​អ្នកវិភាគ​ឯករាជ្យ​យល់​ថា​ការដោះលែង​តំណាង​រាស្រ្ត​ជំទាស់​នេះ​បង្ហាញ​ពី​ការតស៊ូ​មួយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ។
«ដូច​លោកណែលសុន មែនដែលឡា​ (អតីតប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង)​ជាប់គុក​ជាង​២០​ឆ្នាំ​ឯណោះ។​ក្នុង​មាគ៌ា​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ជាតម្លៃ​មួយ​ដែល​ត្រូវ​ប្រើ​អស់​តម្លៃ​ប៉ុណ្ណឹង​ចំពោះ​អ្នក​តស៊ូ។​នេះ​ជា​តម្លៃ​ដែល​ត្រូវ​ចាយ»។
ក្រោយ​ពី​ដោះ​លែង​ក្រុម​តំណាង​រាស្ដ្រ​និង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ស្នាក់​ការនយោបាយ​របស់​ខ្លួន​ដើម្បី​ជួប​ជាមួយក្រុមអ្នក​គាំទ្រ​នៅ​ទីនោះ៕