បន្ទាប់ពីការបោះឆ្នោតជាតិនាពេលកន្លងទៅថ្មីៗក្នុងប្រទេសបង់ក្លាដែស សម្ព័ន្ធបក្សប្រឆាំងនិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបង្ហាញពីការខកចិត្តចំពោះសារព័ត៌មានក្នុងស្រុកដែលមិនបានផ្សព្វផ្សាយសឹងតែទាំងស្រុងអំពីការបន្លំសន្លឹកឆ្នោតដែលជារឿងត្រូវគេចោទប្រកាន់។
ក៏ប៉ុន្តែអ្នកសារព័ត៌មានជាច្រើនបានពន្យល់តបថា ភាពភ័យខ្លាចពីការបង្រ្កាបរបស់រដ្ឋាភិបាលបាននាំឱ្យស្ថាប័នព័ត៌មានជាច្រើនព្យាយាមមិនផ្សព្វផ្សាយនូវការក្លែងបន្លំដែលត្រូវចោទប្រកាន់ទាំងនោះ។
លោក Ruhul Kabir Rizvi Ahmed អគ្គលេខាធិការរួមជាន់ខ្ពស់របស់គណបក្សជាតិ និយមបង់ក្លាដែស BNP បានប្រាប់ VOA ថា៖
«កម្រិតនៃការប្លន់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី៣០ខែធ្នូ គឺមិនធ្លាប់មានពីមុននោះទេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅមុនការបង្កើតឱ្យមានការបោះឆ្នោតតាមរបៀបក្លែងបន្លំដ៏ធំនោះ រដ្ឋាភិបាលបានបង្កើតឡើងនូវច្បាប់កខ្វក់មួយចំនួនដូចជាច្បាប់សន្តិសុខឌីជីថល ដែលរឹតត្បិតដល់ប្រព័ន្ធផ្សព្វផ្សាយ»។
លោកបន្តថា៖
«ម្យ៉ាងវិញទៀតរដ្ឋាភិបាល ធ្វើការគំរាមកំហែងជាច្រើនដល់ស្ថាប័នព័ត៌មានក្នុងស្រុកដើម្បីកុំឱ្យពួកគេរាយការណ៍ព័ត៌មានដោយសេរី ហើយនឹងមិនអនុញ្ញាតឱ្យពិភពលោកដឹងឮពីការលួចបន្លំសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់នេះ»។
ផលិតករកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិប្រចាំទីក្រុងដាក្កា បាននិយាយថា ស្ថាប័នព័ត៌មានជាច្រើនមិនអាចអនុវត្តការងារបស់ពួកគេដោយសេរីនោះទេ អំឡុងពេលបោះឆ្នោត។
«មុនការបោះឆ្នោតជាតិ គណៈកម្មការបោះឆ្នោតបានចេញគោលការណ៍ថ្មីៗមួយចំនួន ដែលដាក់កំហិតដល់សកម្មភាពពាក់ព័ន្ធនានា ក្នុងការយកព័ត៌មានរបស់អ្នកកាសែតនាពេលបោះឆ្នោត។ ជាលើកដំបូងហើយដែលមានការរារាំងមិនឱ្យថតរូប ថតវីដេអូ ឬក៏ធ្វើការផ្សាយផ្ទាល់រាល់សកម្មភាពផ្សេងៗទាក់ទងនឹងបោះឆ្នោតក្នុងការិយាល័យបោះឆ្នោត»។
នេះបើតាមសម្តីរបស់ផលិតករកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិប្រចាំទីក្រុងដាក្កាមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយភ័យខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាល។
លោកបានបន្ថែមថា៖
«អ្នកកាសែតទទួលសារដ៏គួរឱ្យតក់ស្លុតមួយថា ប្រសិនបើពួកគេរំលោភលើគោលការណ៍ទាំងនោះ ពួកគេអាចនឹងប្រឈមការដាក់ទោសទណ្ឌធ្ងន់ធ្ងរពីរដ្ឋាភិបាល។ ស្ថិតក្នុងស្ថានការណ៍ដ៏គួរឱ្យភ័យខ្លាចនេះធ្វើឱ្យសកម្មភាពនានាទាក់ទិននឹងការបន្លំសន្លឹកឆ្នោតមិនត្រូវបានគេផ្សព្វផ្សាយសឹងតែទាំងស្រុង»។
អ្នកសារព័ត៌មានផ្សេងៗទៀត ដែលបានប្រាប់រឿងរ៉ាវស្រដៀងគ្នាដល់ VOA បានសុំមិនឱ្យស្រង់សម្តីផ្ទាល់របស់ពួកគេដោយភ័យខ្លាចពីការគំរាមកំហែងរបស់រដ្ឋាភិបាល។
«ពួកគេកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះមុខ រួមទាំងការចាប់ឃុំខ្លួនតាមអំពើចិត្ត និងការវាយដំដោយប៉ូលិស ការចាប់បំបាត់ខ្លួននិងបទលើ្មសព្រហ្មទណ្ឌបរិហារកេរ្តិ៍ដ៏តឹងរ៉ឹងនិងច្បាប់ស្តីពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតជាដើម បានធ្វើឱ្យអ្នកសារព័ត៌មានជាច្រើនជាប់ពន្ធនាគារ»។
នេះបើតាមការលើកឡើងរបស់ លោក Steven Butler អ្នកសម្របសម្រួលគម្រោងអាស៊ីរបស់គណៈកម្មការការពារអ្នកសារព័ត៌មាន (CPJ) ដែលមានទីតាំងក្នុងរដ្ឋ ញូវយ៉ក។
លោក Butler បានបន្ថែមថា៖
«ពួកគេក៏បានទទួលការផ្តល់ឱវាទបែបគំរាមកំហែងជាបន្តបន្ទាប់ តាមរយៈទូរសព្ទពីក្រុមប៉ូលិស ក្រុមអ្នកស៊ើបការយោធា និងរដ្ឋាភិបាល។ ជារួមគឺជាការបំភិតបំភ័យផ្លូវអារម្មណ៍។ អីច៊ឹងហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលពួកគេភ័យខ្លាចក្នុងការសរសេរព័ត៌មានអំពីភាពមិនប្រក្រតីពីការបោះឆ្នោត ដែលពួកគេបានឃើញ ហើយពួកគេមើលស្រាលជំហររបស់រដ្ឋាភិបាលលើការបោះឆ្នោត»។
ការចោទប្រកាន់នានាពីការបន្លំសន្លឹកឆ្នោត
ក្រោយកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែស ប្រកាសឱ្យដឹងនៅដើមខែធ្នូ រដ្ឋាភិបាលបានបញ្ជាក់ជាថ្មីទៀតថា ការបោះឆ្នោតនឹងដំណើរការប្រកបដោយភាពសេរីនិងយុត្តិធម៌សម្រាប់គ្រប់ភាគី។
ក៏ប៉ុន្តែប៉ុន្មានម៉ោងមុនការបើកការិយាល័យបោះឆ្នោតនៅព្រឹកថ្ងៃទី៣០ ខែធ្នូ សម្ព័ន្ធបក្សប្រឆាំងបានចោទថា សកម្មជនមួយចំនួនរបស់បក្សកាន់អំណាច សម្ព័ន្ធ Awami (AL) បានដាក់សន្លឹកឆ្នោតដោយខុសច្បាប់ចូលក្នុងហឹបឆ្នោតនានាក្នុងមណ្ឌលបោះ ឆ្នោតជាច្រើនទូទាំងប្រទេស នៅមុខមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតនិងកងរក្សាសន្តិសុខ។
នៅក្នុងថ្ងៃបោះឆ្នោតនោះ គណបក្សសម្ព័ន្ធនៃក្រុមជំទាស់ក៏បានចោទផងដែរថាភ្នាក់ងាររបស់ខ្លួនរាប់សិបពាន់នាក់នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស ត្រូវបានក្រុមអ្នកគាំទ្របក្សកាន់អំណាច AL គំរាមកំហែងនិងត្រូវបានដេញចេញឆ្ងាយពីមណ្ឌលបោះឆ្នោត។
ក្រោយពេលដែលគណៈកម្មការរៀបចំបោះឆ្នោតបានប្រកាសថា គណបក្សសម្ព័ន Awami និងគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនបានទទួលសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹក សន្ទាប់ឈ្នះអាសនៈចំនួន ២៨៨ ក្នុងចំណោម៣០០អាសនៈក្នុងសភា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែធ្នូ។ តែ រណសិរ្ស Jatiya Oikya ឬ (JOF) ដែលជាសម្ព័ន្ធបក្សជំទាស់ធំជាងគេ បានទាត់ចោលលទ្ធផលបោះឆ្នោតដោយនិយាយថា «នេះគឺជាការបោះឆ្នោតតាមរបៀបក្លែងបន្លំដ៏ធំ គួរឱ្យអស់សំណើច»។
ទោះយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធ AL និយាយថា ការចោទពីការក្លែងបន្លំសន្លឹកឆ្នោតគឺគ្មានមូលដ្ឋានច្បាស់លាស់ទេ។
«តើពួកគេអាចបង្ហាញភស្តុតាងបានទេ ថាតើបន្ទប់បោះឆ្នោតមួយណាដែលត្រូវបានរារាំងដោយបង្ខំឬ មនុស្សណាខ្លះដែលគូសសន្លឹកឆ្នោតបន្លំ? ពួកគេមិនអាចបង្ហាញភស្តុតាងអ្វីទាំងអស់ ដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេនោះទេ។ តែពួកគេបានត្រឹមតែស្រែកថាសន្លឹកឆ្នោតត្រូវបានគេក្លែងបន្លំតែប៉ុណ្ណោះ»។
មេដឹកនាំរណសិរ្ស JOF លោក Iqbal Hasan Mahmud Tuku ថ្លែងថា ភស្តុតាងពីការក្លែងបន្លំសន្លឹកឆ្នោតនោះគឺពិតជាតិចហើយចេញពីការបោះឆ្នោតនេះ ដោយមូលហេតុសឹងតែទាំងស្រុងនោះគឺអ្នកសារព័ត៌មានជាច្រើន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការងារដោយសេរីក្នុងអំឡុងពេលបោឆ្នោត។
លោក Tuku បានប្រាប់ VOA ថា៖
«នៅពេលដែលការបន្លំកំពុងកើតមានឡើងក្នុងមណ្ឌលបោះឆ្នោតស្ទើរតែទាំងអស់គឺកើតឡើង ដោយមានវត្តមានរបស់មន្ត្រីនៃគណៈកម្មការបោះឆ្នោតនិងកងរក្សា សន្តិសុខនៅទីនោះផងដែរ យើងបានប្រាប់អ្នកសារព័ត៌មានឱ្យទៅយកព័ត៌មានពីហេតុការណ៍ទាំងនោះ។ ក៏ប៉ុន្តែពួកគេនិយាយថា ពួកគេខ្លាចក្នុងការសរសេរព័ត៌មានពីការប្រព្រឹត្តខុសឆ្គងទាំងនោះណាស់ ហើយព្យាយាមនៅឱ្យឆ្ងាយពីមណ្ឌលបោះឆ្នោតទាំងនោះ»។
សកម្មភាពលើបណ្ដាញសង្គម
ទោះជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបញ្ឈប់ការរាយការណ៍សឹងតែទាំងស្រុងលើការ ចោទនានាអំពីការបន្លំសន្លឹកឆ្នោតក៏ដោយ តែបណ្ដាញសង្គមនៅតែផ្សព្វផ្សាយសកម្មយ៉ាងខ្លាំង។ មនុស្សម្នាជាច្រើនបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកពីការជួបប្រទះរបស់ខ្លួន នៅក្នុងមណ្ឌលបោះឆ្នោតនានាកាលពីថ្ងៃទី៣០ ខែធ្នូ។
វីដេអូខ្លីៗរាប់រយវីដេអូ ដែលពលរដ្ឋអះអាងថា ពួកគេត្រូវបានហាមប្រាមមិនឱ្យទៅបោះឆ្នោតដោយសកម្មជនបក្សសម្ព័ន្ធភាព AL ត្រូវបានចែករំលែកពេញបណ្ដាញសង្គម។ វីដេអូខ្លីៗជាច្រើនដែលអះអាងពីការលួចបន្លំសន្លឹកឆ្នោតដោយខុសច្បាប់របស់សកម្មជនបក្សសម្ព័ន្ធភាព AL ក៏ត្រូវបានបង្ហោះពេញហ្វេសប៊ុកនិងធ្វីតធឺ (Twitter) ផងដែរ។
សកម្មជនប្រជាធិបតេយ្យ Pinaki Bhattacharya និយាយថា ការគំរាមកំហែងរបស់ច្បាប់ស្តីពីសន្តិសុខឌីជីថលក៏បានធ្វើឱ្យអ្នកសារព័ត៌មានជាច្រើនត្រូវរារាំងនៅឆ្ងាយពីការបោះឆ្នោតនេះដែរ។
«អ្នកសារព័ត៌មានក្នុងប្រទេសបង់ក្លាដែសជាច្រើនភ័យខ្លាចពីការទម្លាក់កំហុសក្រោមបណ្ដឹងនានាតាមច្បាប់ស្តីពីសន្តិសុខឌីជីថល។ អីច៊ឹងហើយពួកគេតម មិនធ្វើសេចក្តីរាយការណ៍អំពីការពិតក្នុងករណីជាច្រើនដែលបានកើតឡើងអំឡុងការបោះឆ្នោតថ្ងៃទី៣០ ខែធ្នូ។ ច្បាប់នេះបានប្លន់ស្មារតីនិងសេរីភាពសារព័ត៌មានក្នុងប្រទេសបង់ក្លាដែស»។
នេះបើតាម លោក Bhattacharya ដែលគេស្គាល់ថា មានប្រជាប្រិយភាពលើបណ្តាញអ៊ីនធឺណិត បានប្រាប់ VOA។
សកម្មជនប្រចាំក្រុងដាក្ការូបនេះ ដែលបានលាក់ខ្លួនចាប់តាំងពីខែសីហា បន្ទាប់ពីលោកត្រូវគេរាយការណ៍ថា លោកត្រូវតាមប្រមាញ់ដោយអ្នកស៊ើបការយោធា បានប្រើប្រាស់ទំព័រមួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុកនិងធ្វីតធឺ Twitter សរសេរពីការប្រព្រឹត្តខុសច្បាប់ទាំងនេះអំឡុងពេលបោះឆ្នោត។
មិនមានព័ត៌មានគ្រប់គ្រាន់ពីការបោះឆ្នោតទេ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានព្យាយាមនៅឱ្យឆ្ងាយពីការសរសេរព័ត៌មាន រឿងការក្លែងបន្លំសន្លឹកឆ្នោតសឹងតែទាំងស្រុង។ នេះបើតាមសម្តីរបស់លោក Bhattacharya។
«គ្មានអ្នកឃ្លាំមើលការបោះឆ្នោតអន្តរជាតិណាមួយចុះអង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតនោះទេ។ ក្នុងស្ថានការណ៍នេះ របាយការណ៍ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើនរបស់បង់ក្លាដែសគួរត្រូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកត់ត្រាអំពីការបោះឆ្នោត។ ៩៥ ភាគរយឬក៏ច្រើនជាងនេះនៃមណ្ឌលបោះឆ្នោត មានសន្លឹកឆ្នោតត្រូវបានគេបន្លំ។ ប៉ុន្តែការប្រព្រឹត្តខុសច្បាប់ទាំងនេះ ភាគច្រើនលើសលប់មិនត្រូវបានកត់ត្រា ដោយសារតែអវត្តមាននៃសេចក្តីរាយការណ៍ព័ត៌មាន ដែលមានវិជ្ជាជីវៈព័ត៌មានត្រឹមត្រូវ»។
នេះបើតាមសម្តីរបស់លោក Bhattacharya។
សកម្មជនសិទ្ធិមនុស្សក្នុងទីក្រុងហុងកុងនៃ Asian Legal Resource Centre លោក Mohammad Ashrafuzzaman និយាយថា «ការមិនដំណើរការ» របស់ប្រព័ន្ធផ្សព្វ ផ្សាយសំខាន់ៗជាច្រើនក្នុងអំឡុងពេលបោះឆ្នោតគឺ«មិនអាចវាស់ស្ទង់និងកែប្រែវិញបានឡើយ»។
លោកថា ការចោទពីការបន្លំក្នុងពេលបោះឆ្នោត «គួរត្រូវបានគេស៊ើបអង្កេតដោយឯករាជ្យ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗទាំងឡាយដែលមានបណ្តាញទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។ ការធ្វើដូច្នោះបាន វាអាចជួយឱ្យពិភពលោកទាំងមូលបានដឹង ពីវិធីដែលរដ្ឋាភិបាលមួយត្រូវបានលើកបន្តុប ក្នុងប្រទេសបង់ក្លាដែស តាមរយៈការបោះឆ្នោតក្លែងបន្លំយ៉ាងធ្ងន់ធ្ងរនេះ»។
Iqbal Sobhan Chowdhury ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានថ្លែងថា មានអ្នកសារព័ត៌មាន «ម្នាក់ ពីរនាក់» តែប៉ុណ្ណោះដែលទំនងជា«ប្រឈមនឹងការរឹតត្បិត»ក្នុងប្រទេសបង់ក្លាដែស។
«ប៉ុន្តែបើលោកអ្នកសន្និដ្ឋានពីអត្ថាធិប្បាយដែលថា អ្នកសារព័ត៌មានជាច្រើនក្នុងប្រទេសបង់ក្លាដែសគឺធ្វើការក្រោមឥទ្ធិពលនៃការគំរាមកំហែងឬក៏រឹតបន្តឹង វាមិនត្រឹមត្រូវនោះទេ ពីព្រោះថាវាអាចកើតឡើងចំពោះតែអ្នកសារព័ត៌មានម្នាក់ ពីរនាក់ បីឬបួននាក់តែប៉ុណ្ណោះ»។
នេះបើតាមសម្តី Chowdhury ដែលថ្លែងប្រាប់ VOA ហើយលោកបានបន្តថា បើអ្នកសារព័ត៌មានណារងការគំរាមកំហែងពីប៉ូលិស ភ្នាក់ងារស៊ើបការយោធា គាត់គួរដាក់ពាក្យបណ្ដឹងជាផ្លូវការជូនសមត្ថកិច្ចក្នុងប្រទេសនេះ។
«ក្នុងប្រទេសបង់ក្លាដែស) មានស្ថាប័នវិជ្ជាជីវៈជាច្រើនដូចជាក្រុមប្រឹក្សានិពន្ធ វិទ្យាស្ថានសារព័ត៌មាន និងក្រុមប្រឹក្សាសារព័ត៌មានជាដើម។ ប្រសិនបើវាអីច៊ឹងមែន ហើយពួកគេត្រូវបានរឹតត្បិត ពួកគេរងការគំរាម ដោយភ្នាក់ងារស៊ើបការយោធានានា ឬក៏ប៉ូលិស ខ្ញុំមិនដឹងថាតើពួកគាត់បានប្តឹងស្ថាប័នទាំងនេះហើយឬនៅ? ខ្ញុំមិនគិតថាមានពាក្យបណ្ដឹងណាមួយត្រូវបានទទួលដោយស្ថាប័នទាំងនេះទេ។ ហើយ នៅទីនេះពួកគេក៏អាចដាក់ពាក្យបណ្ដឹងប្រឆំាងនឹងក្រុមភ្នាក់ងារទាំងនោះទៅកាន់តុលាការបានដែរ»។
លោកបន្តថា៖
«ខ្ញុំសូមមិនធ្វើការអធិប្បាយលើអ្វីដែលអ្នករាយការណ៍ឬសារព័ត៌មានទាំងនេះបាននិយាយជាមួយមនុស្សឬស្ថាប័នក្រៅស្រុក (រួមVOA ឬក៏CPJ) នោះទេ។ យ៉ាងហោចណាស់ ប្រសិនបើយើងមិនបានទទួលពាក្យបណ្ដឹងណាមួយពីអ្នកសារព័ត៌មានណាទេ យើងមិនអាចនិយាយអ្វីលើបញ្ហានេះបាននោះទេ»៕
ប្រែសម្រួលដោយ លោក នៅ វណ្ណារិន នៃ VOA