ក្រោយអាជ្ញាធរចាប់ខ្លួនមន្ត្រីគណបក្សជំទាស់ ២រូប កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាំពាក្យគណបក្សជំទាស់មួយនេះ បានជំរុញអាជ្ញាធរកុំឱ្យធ្វើទុក្ខបុកម្នេញសកម្មជនរបស់ខ្លួនបន្តទៀត។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ស្របពេលគណបក្សមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ គឺជាបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ។ លោកស្នើឱ្យអាជ្ញាធរបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែងលើសកម្មជនរបស់ខ្លួនបន្តទៀត។
អ្នកនាំពាក្យរូបនេះប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «អាជ្ញាធរបញ្ឈប់ការដាក់សម្ពាធ ការគំរាមកំហែងផ្នែកនយោបាយទៅលើសកម្មជន ឬក៏ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៀតទៅ ព្រោះដំណាក់កាលនេះ យើងនៅស្ងប់ស្ងៀមអត់មានធ្វើអ្វីទេ។ ហើយយើងគោរពទៅតាមច្បាប់អ្វីដែលគេបានធ្វើវិសោធនកម្ម។ អ៊ីចឹងយើងមានបំណងល្អសម្រាប់ឱ្យការបោះឆ្នោតហ្នឹង វាប្រព្រឹត្តទៅដោយរលូន»។
លោក លី រី សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និង លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ពួកគេទាំងពីរត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់» ដែលពាក់ព័ន្ធនឹងការបង្កចលាចលដល់ការបោះឆ្នោត។ នេះបើតាមមេធាវីការពារក្តីគឺ លោក ជូង ជូងី។
លោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «តុលាការចោទប្រកាន់គាត់ពីបទញុះញង់ឱ្យមានភាពវឹកវរបង្កចលាចលដល់ការបោះឆ្នោត ហើយចៅក្រមស៊ើបសួរល្ងាចមិញ[ថ្ងៃអាទិត្យ] បានសម្រេចឃុំខ្លួនគាត់ទាំងពីរនាក់ជាបណ្តោះអាសន្ន»។
លោក ជូង ជូងី បន្តថា ពួកគេទាំងពីរនាក់ត្រូវបានឃុំនៅពន្ធនាគារព្រៃស។ ប៉ុន្តែមេធាវីការពារក្តីរូបនេះមិនទាន់អាចបញ្ជាក់អំពីដំណើរហេតុ និងអង្គហេតុនៃការចាប់ខ្លួនសកម្មជនទាំងពីរនាក់នេះនោះទេ។
ភរិយារបស់ លោក លី រី គឺអ្នកស្រី លី គឹមហួង អាយុ២៦ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា មុនពេលអាជ្ញាធរចាប់ខ្លួនស្វាមី អ្នកស្រីសង្កេតឃើញមានអ្នកតាមដានជិះឃ្លាំមើល និងថតរូបផ្ទះរបស់អ្នកស្រី នៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជាប្រចាំប្រមាណ ២ខែ។ អ្នកស្រីស្នើឱ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពវិញ។
អ្នកស្រីបន្ថែមថា មួយរយៈពេលចុងក្រោយនេះ ស្វាមីអ្នកស្រីមិនបានធ្វើសកម្មភាពអ្វីនោះឡើយ។
អ្នកស្រីប្រាប់វីអូអេថា៖ «អត់ទេបង គឺមួយរយៈធំនេះ គឺគាត់អត់ដែលជួបជុំ ឬប្រជុំតាម online តាមអីគឺអត់ទាំងអស់»។
បើតាមអ្នកស្រី លី គឹមហួង អាជ្ញាធរនិងជនស៊ីវិល ប្រមាណ ២០នាក់បានចុះមកចាប់ស្វាមីរបស់អ្នកស្រី នៅពេលស្វាមីអ្នកស្រី ដើរសំដៅទៅយកឡាននៅក្រៅផ្ទះ ដើម្បីយកមកទុកក្នុងផ្ទះ និងចាប់ខ្លួននៅវេលាម៉ោងជាង ៧ នាយប់ថ្ងៃសុក្រ ដោយអាជ្ញាធរមិនបានបញ្ជាក់មូលហេតុ និងមិនមានដីកាអ្វីទាំងអស់។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពី លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ។
ក្រោយអាជ្ញាធរចាប់ខ្លួនអស់រយៈពេលប្រមាណ ៣ថ្ងៃ លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀន ប្រចាំរាជធានីភ្នំពេញ បានចេញវីដេអូឃ្លីបរយៈពេលជាង ១នាទី សុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកំហុសរបស់ខ្លួន។ នេះបើតាមវីដេអូឃ្លីបនោះដែល លោក ហ៊ុន សែន បង្ហោះក្នុងប្រព័ន្ធតេឡេក្រាមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា។
ក្នុងវីដេអូនោះ លោក ប៊ុន ខេត បានលើកឡើងថា៖ «ដោយនៅពេលថ្មីៗនេះ ខ្ញុំបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឱ្យខ្ញុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យគូសសន្លឹកឆ្នោតខ្វែងចោល ដែលផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ។ អាស្រ័យដូចបានរៀបរាប់នូវខាងលើនេះ សូមសម្តេច អត់ឱនទោស ដល់រូបខ្ញុំបាទ ដែលបានអនុវត្តខុសកន្លងមក»។
លោកនាយករដ្ឋមន្ត្រីក៏បានចោទសួរថា តើគណបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ ព្រោះសមាជិកដែលប្រព្រឹត្តខុស បានបញ្ជាក់ថា ធ្វើតាមបទបញ្ជារបស់ លោក សម រង្ស៊ី។
លោក ហ៊ុន សែន សរសេរក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកថា៖ «បក្សភ្លើងទៀនទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ ៣ជំនាន់ដែលជាទណ្ឌិត។ តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»។
គណបក្សភ្លើងទៀនក៏បានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៦ ខែកក្កដា ដោយបានចាត់ទុកការចាប់ លោក លី រី និង លោក ប៊ុន ខេត កាលពីថ្ងៃសុក្រនោះ គឺជាការចាប់ខ្លួន និងឃុំខ្លួនអយុត្តិធម៌។ គណបក្សជំទាស់មួយនេះ ក៏ស្នើឱ្យដោះលែងអ្នកទាំងពីរនេះឱ្យមានសេរីភាពឡើងវិញផងដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនបានលើកឡើងថា គណបក្សមិនជាប់ពាក់ព័ន្ធអ្វីជាមួយលោក សម រង្ស៊ី ឡើយ។
លោកថ្លែងថា៖«យើងបានបញ្ជាក់ប្រាប់ហើយថា គណបក្សភ្លើងទៀនគ្មានទៅពាក់ព័ន្ធ គ្មានណែនាំសមាជិក ឬថ្នាក់ដឹកនាំណាឱ្យធ្វើអ៊ីចឹងទេ។ ហើយយើងគ្មានពាក់ព័ន្ធទៅនឹងបុគ្គលណាដែលមានបំណងញុះញង់ឱ្យមានបញ្ហាហ្នឹងទេ។ គណបក្សភ្លើងទៀនតែងតែប្រកាសជំហរហើយ គឺយើងមានការដឹកនាំត្រឹមត្រូវ យើងមានការណែនាំ យើងមានការបញ្ជាក់ច្បាស់លាស់ ហើយត្រង់ថាបុគ្គលណា គេនិយាយថាម៉េចៗ អាហ្នឹងសមត្ថកិច្ចគិតមើលខ្លួនឯង ហើយស្រាវជ្រាវទៅ ហើយយើងមិនបានពាក់ព័ន្ធទេ»។
បើតាម លោក គីមសួរ ភិរិទ្ធ នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតនេះ គណបក្សភ្លើងទៀនបានណែនាំទៅកាន់ថ្នាក់ដឹកនាំគ្រប់សាខាទាំងអស់ថា មិនឱ្យធ្វើសកម្មភាពអ្វីនោះទេ រហូតដល់ក្រោយការបោះឆ្នោត ទើបចាប់ផ្តើម គិតសកម្មភាពបន្តទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹង ដោយមានសកម្មជននយោបាយខ្លះទទួលរងអំពើហិង្សា រងបណ្តឹង និងការចាប់ខ្លួនជាដើម។ លោកយល់ថា រូបភាពប្រឈមទាំងអស់នេះ នឹងធ្វើឱ្យអ្នកជំនាន់ក្រោយរារែកក្នុងសកម្មភាពនយោបាយ និងមិនសូវហ៊ានលើកឡើងពីបញ្ហាសង្គម ដូចជាភាពក្រីក្រ គ្រឿងញៀន ចំណាកស្រុក អសន្តិសុខសង្គមជាដើម ដែលវានឹងប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស។
លោកថា៖ «បើយើងនិយាយអំពីសង្គមប្រជាធិបតេយ្យ សេរីភាព ឬសិទ្ធិនយោបាយត្រូវបានលើកកម្ពស់ ត្រូវបានការការពារ មិនមែនរងការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធឱ្យពួកគាត់មានការភ័យខ្លាចក្នុងការសម្រេចចិត្តផ្នែកនយោបាយអ៊ីចឹងទេ»៕
ភ្នំពេញ —