ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​សមាជិក​ពីរនាក់​របស់​គណបក្ស​ភ្លើងទៀន​ពី​បទ​ញុះញង់​ឱ្យ​បំផ្លាញ​សន្លឹក​ឆ្នោត


រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

មន្ត្រី​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមាជិក​ពីរនាក់​នៃ​គណបក្ស​ជំទាស់​ត្រូវបាន​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឱ្យ​អ្នក​បោះឆ្នោត​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ខ្លួន មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ឈាន​មក​ដល់។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឱ្យ​ដឹង​ថា លោក លី រី ដែល​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​រាជធានី​ភ្នំពេញ និង​លោក ប៊ុន ខេត ដែល​ជា​ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ពី​បទ «ញុះញង់​ឱ្យ​ពលរដ្ឋ​បំផ្លាញ​សន្លឹក​ឆ្នោត»។

អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​បទ​ចោទប្រកាន់​លើ​សមាជិក​បក្ស​ជំទាស់​ទាំងពីរ​នាក់​នេះ​ទេ ក៏ប៉ុន្តែ​លោក ខៀវ សុភ័គ ថ្លែង​ថា អាជ្ញាធរ​មាន​«ភស្តុតាំង​គ្រប់គ្រាន់» ក្នុង​ការ​ចោទ​បុរស​ទាំងពីរ​នាក់​នេះ។

នៅថ្ងៃ​អាទិត្យ ​ទី ២៣ ខែកក្កដា​ខាង​មុខ​នេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ ដោយ​គ្មាន​ការ​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​ដែល​ជា​គូ​ប្រជែង​ចម្បង ត្រូវបាន​បដិសេធ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ដោយសារ​តែ​កង្វះ​ឯកសារ។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភិរិទ្ធ បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា​តើ​នៅ​ពេល​ណា​សមាជិក​របស់​បក្ស​ទាំង​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​នោះ បាន​អំពាវនាវ​ឱ្យ​មាន​ការ​បំផ្លាញ​សន្លឹក​ឆ្នោតនោះ​ទេ។

លោក​បាន​ប្រាប់​សារព័ត៌មាន AFP ថា៖ «យើង​កំពុង​តាមដាន​ករណី​នេះ»។

វិសោធនកម្ម​ថ្មី​លើ​ច្បាប់​បោះឆ្នោត​ ដែល​លោក​ ហ៊ុន សែន​ បាន​ស្នើ​ឡើង​ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើ​ពហិកា​លើ​ការ​បោះ​ឆ្នោត​ដោយ​ក្រុម​សកម្មជន​បក្ស​ជំទាស់ កំណត់​ថា អ្នក​ដែល​មិន​បាន​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​នេះ នឹង​មិនមាន​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​អនាគត​ឡើយ។

ជាមួយ​គ្នា​នោះ ការ​រារាំង​ដល់​ដំណើរការ​បោះឆ្នោត ឬ​អំពាវនាវ​ឱ្យ​អ្នក​បោះឆ្នោត​បំផ្លាញ​សន្លឹក​ឆ្នោត គឺជា​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ។

ក្រុម​អ្នក​ការងារ​សិទ្ធិមនុស្ស​បានរិះគន់​លោក ហ៊ុន សែន ដែល​បាន​និង​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត ៤០ឆ្នាំ​មក​នេះ ថា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាបសង្កត់​ការ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​គេ​រំពឹង​ថា​ លោក​អាច​នឹង​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​នាំ​ប្រទេស​នាពេល​អនាគត៕

XS
SM
MD
LG