ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​តែ​​មាន​ភាព​ចម្រូង​ចម្រាស


ស្ត្រីម្នាក់​ដាក់​សន្លឹកឆ្នោត​ខ្លួន​ចូល​ក្នុង​ហឹបឆ្នោត​នៅការិយាល័យ​បោះឆ្នោត​តាខ្មៅ​ខេត្ត​កណ្តាលប្រទេស​កម្ពុជា​កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។
ស្ត្រីម្នាក់​ដាក់​សន្លឹកឆ្នោត​ខ្លួន​ចូល​ក្នុង​ហឹបឆ្នោត​នៅការិយាល័យ​បោះឆ្នោត​តាខ្មៅ​ខេត្ត​កណ្តាលប្រទេស​កម្ពុជា​កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។

មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ការ​គូស​សន្លឹកឆ្នោត​ក្នុង​បន្ទប់​សម្ងាត់ គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់ពលរដ្ឋ​ម្នាក់​ៗ ដែល​មិន​មាន​ច្បាប់​ចែងដាក់​ទោស​ពៃរ៍ បើ​ទោះ​ការគូស​សន្លឹក​ឆ្នោត​នោះ​បែបណា​ក៏​ដោយ។

​ការ​លើក​ឡើង​បែប​នេះ នៅ​គ្រា​ដែល​មាន​ការ​ពិភាក្សា​លើ​ការ​គូស​សន្លឹក​ឆ្នោ​ត​ចោល នៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ គឺ​ថ្ងៃ​ទី​២៣ ខែកក្កដា​ខាង​មុខ តាម​ការ​អំពាវ​នាវ​របស់​មេដឹកនាំគណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ សំអាត លើក​ឡើង​ថា ​ការ​គូស​សន្លឹក​ឆ្នោត គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ ដោយ​មិន​មា​នច្បាប់​ណា​មួយ អាច​ផ្តន្ទា​ទោស​ទាក់​ទង​នឹង​ការ​គូស​សន្លឹក​ឆ្នោត​បែប​ណា​ក៏ដោយ។ ប៉ុន្តែ​លោក​ថា​បើ​បុគ្គល​ណា​ម្នាក់«ញុះ​ញង់»​អ្នកណា​ផ្សេង​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល ឬ​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល​ ឬបំផ្លាញ​សន្លឹក​ឆ្នោត​ចោល ទើប​អាច​មាន​ទោស​ទណ្ឌ តាម​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ត្រូវ​បាន​ស្នើ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ត្រូវ​បាន​ប្រកាសឱ្យប្រើប្រាស់​រួច​ទៅ​ហើយ។

​លោក​ប្រាប់​វីអូអេ​ថា៖ «ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​បន្ទប់សម្ងាត់ វា​ជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ មិន​មែន​ជា​ការ​ដាក់​ទោស​អ្វី​ទេ ​ព្រោះ​អាហ្នឹង​គេ​ហៅ​ថា​បន្ទប់​សម្ងាត់។ អ៊ីចឹង​ការ​សម្រេច​ចិត្ត​គូស​សន្លឹក​ឆ្នោត​លើ​គណបក្ស​នយោបាយ​ណា​មួយ​ឬ​ក៏​យ៉ាង​ម៉េច​ អាហ្នឹង​វាជា​សិទ្ធិ​របស់​គាត់»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប) ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា​ការគូស​សន្លឹក​ឆ្នោត​ចោល និង​ការញុះ​ញង់​អ្នក​ដទៃ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល ​គឺ​ជា​អំពើ​ខុស​ច្បាប់​ និង​អាច​ជាប់​ទោស។

​នៅ​ពេល​សួរ​បញ្ជាក់​ថា​តើ​បើ​ពលរដ្ឋ​ម្នាក់​គូស​សន្លឹក​ឆ្នោត​ចូល​ក្នុង​បន្ទប់​សម្ងាត់ មាន​ទោស​ទណ្ឌ​ឬយ៉ាងណា លោក ហង្ស ពុទ្ធា ​ថ្លែង​ថា​៖ ​«ខ្ញុំ​អា​ច​បញ្ជាក់​បាន​ថា​ការ​គូស​សន្លឹក​ឆ្នោត​ចោល​ ​ជា​អំពើ​ខុស​ច្បាប់ ​ចំនុច​ទី១​។ ចំណុច​ទី២ ​អ្នក​ញុះ​ញង់​ហ្នឹង ហើយ​ដែល​ហ្នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​ដែល​ជា​ធរ​មាន»។

ប៉ុន្តែ​នៅ​ពេល​សួរ​ថា​តើ​គ.ជ.ប នឹង​កំណត់​បែបម៉េច​ទៅ​លើ​អ្នក​គូស​សន្លឹក​ឆ្នោត​ចោល អ្នក​នាំពាក្យ​រូប​នោះ​ថ្លែង​ថា​៖ «ចំណុច​នេះ ​សម្រាប់​ខ្ញុំ [គឺ]ខ្ញុំ​មិន​មែន​ជា​ជំនាញ​របស់​ខ្ញុំ​ក្នុង​ការ​បែក​ចែក​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។​ ខ្ញុំ​គ្រាន់​តែ​អាច​ជម្រាប​ជូន​បាន​ថា​ការ​ដែល​គូស​សន្លឹក​ឆ្នោត​ចោល ជា​អំពើ​ខុស​ច្បាប់»។

​អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ចង់ឃើញ​អ្នក​នយោ​បាយនិង​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត គួរ​តែ​ពន្យល់​ពល​រដ្ឋ​ឱ្យ​បាន​ច្បាស់​ទាក់​ទង​នឹង​ការប្រើ​ប្រាស់​សិទ្ធិ ​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត ​ចៀស​វាង​ការ​ភ័ន្ត​ច្រឡំ ​និង​បង្កើតភាព​តាន​តឹង។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា​ក្នុង​បញ្ហា​នេះ ទាំង​អ្នក​នយោបា​យក្តី​ ទាំង​អ្នក​រៀបចំ​ការ​បោះឆ្នោ​ត​ក្តី គួរ​តែ​កុំ​បង្កើត​នូវ​ភាព​តានតឹ​ងដល់​ប្រជា​ពល​រដ្ឋ​។ គួរ​ធ្វើ​យ៉ាង​ណា មាន​ការ​ពន្យល់ ហើយ​គោរព​នូវ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ទាំង​ទៅ​ចូលរួម​បោះឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​ គាត់​ប្រើ​ប្រាស់​មធ្យោ​បាយ​របៀប​ម៉េច​នៅ​ក្នុង​ការ​ចូលរួម​ គូស​សន្លឹក​ឆ្នោត អាហ្នឹង​ក៏​ជា​សិទ្ធិ​របស់​គាត់​ដែរ។ អ៊ីចឹងយើង​មិន​អាច​ទៅ​គូស​វាស ចាប់​ទោស​អូស​ដំណើរ​ទេ»។

អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ«គូស​សន្លឹក​ឆ្នោត​ចោល​ដោយ​សម្ងាត់»។

នៅ​ថ្ងៃ​អង្គារ​នេះ ​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោតគ.ជ.ប ក៏​បាន​ចេញសេចក្តីប្រកាស​ព័ត៌​មាន ដោយ​លើក​ឡើង​ថា​ជន​ណា​ណែ​នាំ​ ឬញុះញង់​ឱ្យ​អ្នក​បោះ​ឆ្នោត​បំផ្លាញ​ ឬ​ធ្វើ​ឱ្យ​ខូច​សន្លឹក​ឆ្នោត ជន​ណា​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និង​ជន​ណា​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។

ក្នុង​ករណីប្រព្រឹត្ត​សកម្មភាព​ខាង​លើ ជន​នោះ​នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ ហើយ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ ឬ/និងលុប​បេក្ខភាព​របស់​សមីខ្លួន​ ឬ/និងដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​រយៈពេល​៥​ឆ្នាំ​យ៉ាង​តិច​បន្ថែម​ទៀត។ ប៉ុន្តែ​គ.ជ.ប មិន​បាន​បញ្ជាក់ថា​ការ​គូស​សន្លឹក​ឆ្នោត​ចោល ក្នុង​ថ្ងៃ​បោះ​ឆ្នោ​ត ​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ៕

XS
SM
MD
LG