បក្ស​ប្រឆាំង​ស្នើ​សុំ​ឱ្យ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ

  • ​គង់ ​សុឋានរិទ្ធ

យុទ្ធនាការមុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ២០១២ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ជិត​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​ភ្នំពេញ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​រដ្ឋាភិបាល​ធានា​ដល់​ការបោះឆ្នោត​មួយ​«សេរី​និង​យុត្តិធម៌»​នៅ​កម្ពុជា។

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​ជំទាស់​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​សន្តិសុខ ​សុវត្ថិភាព​សម្រាប់​ធានា​ដល់​ការបោះឆ្នោត​មួយ​ត្រឹមត្រូវ។

លោកនិយាយថា៖ «គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​ដូចជា​រូបខ្ញុំ​ផ្ទាល់ ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ និង​ឲ្យ​មាន​សន្តិសុខ​ដើម្បី​ឲ្យ​ការបោះឆ្នោត​ខាងមុខនេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌»។

សេចក្តី​អំពាវនាវ​នេះ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា​ការជួបជុំ​សំណេះ​សំណាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​កន្លែង​ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា ​បាន​រង​នូវ​ការរំខាន​ពី​ក្រុម​សកម្មជន​ដែល​គេ​ជឿថា​ជា​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​នៅ​ខេត្តកណ្តាល។

សកម្មជន​ទាំងនេះ​បាន​រាំងខ្ទប់​លោក​កឹម សុខា​មិនឱ្យ​ចាក​ចេញពី​កន្លែង​ជួបជុំ​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​មុន​នឹង​ក្រុម​អ្នកគាំទ្រ​របស់​លោក​ជម្លៀស​រូបលោក​ចេញ។

នៅក្នុង​សន្និសីទ​ដដែល​នេះ​លោក​កឹម សុខា ​បាន​លើក​ពី​ករណី​ការបណ្តេញ​តំណាងរាស្ដ្រ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ដែលជា​គណបក្ស​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ការរារាំង​និង​ការរំខាន​ការជួបជុំ​សកម្មជន​នៃ​គណបក្ស​លោក​នៅតាម​បណ្តា​ខេត្ត​ជាដើម។

លោក​កឹម សុខា ​យល់​ថាបើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត​នោះ ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ​ជាមិនខាន។

លោកនិយាយថា៖ «គឺ​ការឈាន​មកដល់​អស្ថិរភាព​និង​ឈាន​ទៅដល់​ការបាត់បង់​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌ ​ប្រសិនបើ​ស្ថានភាព​បែបនេះ​មិនមាន​ការផ្លាស់​ប្តូរទេ»។
ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨​ខែកក្កដា ​ឆ្នាំ២០១៣​នេះ។មាន​គណបក្សនយោបាយ​ចំនួន​ប្រាំបី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹកឆ្នោត។ ដោយឡែក​ការឃោសនា​បោះឆ្នោត​រយៈពេល​៣០ថ្ងៃ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧​ខែមិថុនា​នេះ។

លោក​ទេព នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)​មាន​ប្រសាសន៍​ថា​គ.ជ.ប​មិន​គ្រប់គ្រង​លើ​សកម្មភាព​នានា​របស់​គណបក្ស​នយោបាយ​មុន​ការ​ឃោសនា​បោះឆ្នោត​ចាប់ផ្តើម​នោះ​ទេ​ប៉ុន្តែ​មន្ត្រី​គ ជ ប ​អាចជួយ​ធ្វើការ​សម្របសម្រួល​បានក្នុងពេលដែល​សកម្មភាព​គណបក្ស​ទាំងនោះ​ជួប​បញ្ហា។

លោកនិយាយថា៖ «សមត្ថភាព​នៃ​ការគ្រប់គ្រង​ដែល​ទាក់ទង​នឹង​ការឃោសនា​បោះឆ្នោត​នោះ​មិនទាន់​ឈានដល់​ដំណាក់​កាល​ដែល​គ.ជ.ប​ទទួល​ខុសត្រូវ​ទេ។ ក៏ប៉ុន្តែ​គជប​បាន​បង្កើត​គណៈកម្មការ​ឃុំ-សង្កាត់​ រៀបចំ​ការបោះឆ្នោត។ យើង​បាន​ឲ្យ​គាត់​ធ្វើការ​សម្រប​សម្រួល​សកម្មភាព​របស់​គណបក្ស​នយោបាយ​ដើម្បី​ត្រៀម​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត»។

ដោយឡែក​លោក​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិនអាច​ទាក់ទង​បាន​ទេ​ប៉ុន្តែ​យោងតាម​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាលពីថ្ងៃ​អង្គារ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​រក្សា​សណ្តាប់​ធ្នាប់​ពេល​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​ក្នុង​ការឃោសនា​ដោយសារ​ធ្លាប់​មាន​បញ្ហា​ក្នុង​ការបោះឆ្នោត​កន្លង​មក៕