ពហិការ​គណបក្ស​​សង្គ្រោះ​ជាតិ​មិន​​ប្រជុំ​សភា​នាំ​ឲ្យ​ខាត​ប្រយោជន៍​​​​

រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​​​​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ VOA​ ​នា​ថ្ងៃ​​អង្គារ​នេះ​ថា​​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​បន្ត​បំពេញ​ការងារ​ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ បើ​ទោះ​​ជា​គណបក្ស​នេះ​នឹង​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋ​សភា​ក៏​ដោយ។

ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​៥៥រូប​នៃ​គណបក្ស​ប្រឆាំង ​ជា​ច្រើន​លើក​ច្រើន​សារ ​បាន​ប្រកែក​មិន​ចូល​ទៅ​ប្រជុំ​សភាទេ​ ដើម្បី​តតាំង​អំពី​ការ​ធ្វើ​ច្បាប់​សម្រាប់​ប្រយោជន៍​ប្រជា​រាស្ត្រ​ខ្មែរ​ទូទៅចាប់​តាំង​ពី​ការ​ចាប់​បញ្ជូន​សកម្មជន​ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ជាង​១០រូបដោយ​រដ្ឋអំណាច​បញ្ជូន​ទៅ​ឲ្យ​តុលាការឃុំ​ខ្លួន។ ក្រុម​អ្នក​សង្កេត​ស្ថានការណ៍​នយោបាយ​កម្ពុជា​និយាយ​ថា​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ឆ្នោត។​

បន្ទាប់​ពី​មេ​ដឹកនាំ​គណបក្ស ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ បាន​ព្រមព្រៀង​គ្នា​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៤​ ក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​បាន​ចូល​ប្រជុំ​សភា​ និង​បាន​កោះ​ហៅ​រដ្ឋមន្ត្រី​នៃ​អំណាច​នីតិ​ប្រតិបត្តិ​មក​សួរ​នាំជា​បន្ត​បន្ទាប់។​

ក៏​ប៉ុន្តែ​សកម្មភាពកោះ​ហៅ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​បាន​ចុះ​ខ្សោយ​ទៅៗ ​ចាប់​តាំង​ពី​រដ្ឋ​អំណាច​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ចាប់មន្ត្រី​ជាន់​ខ្ពស់​ និង​សកម្ម​ជន​នៃ​គណបក្ស​ប្រឆាំង​ទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​កាត់​ទោស​ ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​ និង​បញ្ហា​ព្រំដែន​កម្ពុជា​ វៀត​ណាម ដែល​បាន​កើតឡើង ចាប់តាំងពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​មក​នោះ។​

មក​ដល់​ឆ្នាំ​២០១៦​នេះ​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោកសម រង្សីបាន​ទទួល​រង​ការ​កាត់​ទោស ​ពាក់​ព័ន្ធ​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​លោកហេង សំរិន​ ប្រធាន​សភា​ជាតិ។ ចំណែក​ឯ​លោក​កឹម សុខា​ អនុ​ប្រធានគណបក្ស​ប្រឆាំងនៅ​ជាប់​ពាក់​ព័ន្ធក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​គួរ​ឲ្យ​ឆ្ងល់ដែល​នាំ​ឲ្យមន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ចំនួន​បួន​រូប​ និងអគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេចឃុំ​ខ្លួន។​

នៅ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ​ ក្រុម​អ្នក​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​មិន​ត្រឹម​តែ​បង្អាក់​ដំណើរ​ការ​កោះ​ហៅមន្ត្រី​រដ្ឋាភិបាល​មក​សួរនាំ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ក៏​ថែម​ទាំង​មិន​ចូល​ប្រជុំ​សភា​ទៀត​ផង។

ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​ថ្លែង​ថា​ ការ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំក្នុង​សភា​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងនេះ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​អ្នក​បោះ​ឆ្នោត​ និង​រដ្ឋ​ធម្មនុញ្ញ​ដែល​ប្រកាន់លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស។​ នេះ​មាន​ន័យ​ថា​ ការ​ធ្វើ​ច្បាប់​មួយ​ចំនួនត្រូវ​ស្ទះ​ ព្រោះ​មិន​អាច​សម្រេច​ដោយ​ឯកបក្ស​នៅ​ក្នុង​សភា​នោះ​ទេ។

លោក​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ Nicfec ​(និកហ្វិក)​ បាន​ប្រាប់​ VOA ​កាលពី​ខែ​កក្កដា​ថា ​ការ​មិន​ចូលប្រជុំ​សភា​ ឬ​បន្ត​ធ្វើ​ពហិការ​ប្រជុំ​នៅ​រដ្ឋសភា​ បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​របស់​ស្ថាប័ន​សភា​ និង​ស្ថាប័ន​នីតិ​ប្រតិបតិ្ត។

លោក​បាន​ចាត់​ទុក​ថា​ ការ​មិន​ព្រម​ចូល​ទៅ​ប្រជុំ​ក្នុង​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គឺ​ជា​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​ដល់​អ្នក​បោះឆ្នោត​រាប់​លាន​នាក់។​ ​

«ខាត! ​ខាត​ដល់​ប្រជា​ពលរដ្ឋ​ហ្មង​ បញ្ហា​សង្គម ​ធ្វើឲ្យ​គាត់​បាន​ចូលរួម​អញ្ចឹង​ខាត​ ព្រោះ​អី​គាត់​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ចង់​កន្លះ​ប្រទេស​ហើយ​៥៥​កៅអី។​ ៥៥​អាសនៈ​ ច្រើន​ណាស់​ណ៎ា​ រាប់​លាន​នាក់​ ហើយ​គាត់​អត់​បាន​ទៅ​បញ្ចេញ​សំឡេងក្នុង​ការ​អនុម័ត​ច្បាប់​ ក្នុង​ការ​សម្រេច​ផ្សេងៗ​ហ្នឹង​ ខាត​ធ្ងន់​ណាស់។ ​ខាត​សង្គម​ជាតិ​យើង​ ខាត​ទាំង​អស់​ហ្មង។​ ​បញ្ហា​ប្រទេស​ជាតិ​ខាត​ទាំង​អស់​ ទាំង​គ្រប់​វិស័យ​ យើង​ធ្វើ​អញ្ចឹង»។​

លោក​សំ គន្ធាមី​បាន​ស្នើ​ឲ្យ​ក្រុម​សមាជិក​សភា​៥៥​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ វិល​ទៅ​កាន់​ការ​ប្រជុំ​សភា​វិញ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បក​ស្រាយ​ពី​រដ្ឋាភិបាល​អំពី​ការ​ធ្វើច្បាប់​ដែល​ជា​ប្រយោជន៍​ទូទៅ​របស់​ប្រជាជន​ ​និង​មិន​មែន​ជា​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​នោះ​ទេ។​

នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ សមាជិក​សភា​ទាំង​៥៥​រូប​នៃ​គណបក្សសង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ព្រម​ចូល​ទៅ​អង្គុយ​ក្នុង​អាសនៈ​របស់​ខ្លួន។ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា លទ្ធ​ផល​ឆ្នោត​មាន​ការ​គៃ​បន្លំ។​

ស្ថាន​ភាព​នយោបាយ​បាន​វិល​មក​ស្ថានភាព​ធម្មតា​វិញ​ បន្ទាប់​ពី​មេដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ ដែល​លើក​ឡើង​ពី​ការ​អនុវត្ត​«វប្បធម៌​សន្ទនា»​ ​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដាឆ្នាំ​ ២០១៤។​

ក្រោយ​មក​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​បាន​បោះបង់​ចោល​វប្បធម៌​សន្ទនា​ ដែល​មាន​អាយុ​កាល​ខ្លី​នេះ​ ចាប់​ពីខែ​កក្កដា​ឆ្នាំ​២០១៥​ ដោយសារ​មាន​ការ​ញាំញី​ពី​ប្រព័ន្ធ​តុលាការ​មក​លើ​សកម្ម​ជន​ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង។​

លោក​បណ្ឌិត​មាស នី​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ប្រាប់​ ​VOA ​ថា​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​អាច​ខកខាន​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ ក្នុង​កាលៈទេសៈ​សភាព​ការណ៍នយោបាយ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នោះ​ទេ។​ លោក​ថា​ ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​ចាប់​ផ្តើម​កិច្ចការ​របស់​ខ្លួន​ក្នុង​រឿង​សំខាន់ៗ​របស់​ជាតិ​ ដូចជា​កិច្ចការ​ការពារ​សន្តិសុខ​សង្គម​ជា​ដើម។​

«ករណី​ឃាត​កម្ម​កើត​ឡើង​លើ​លោក​កែម​ ឡី​នា​ពេល​ថ្មីៗ​នេះ​ ខ្ញុំ​គិត​ថា​ ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​ជា​ញត្តិ​មួយ​ដើម្បី​សុំ​កោះ​ប្រជុំ​សភា​ ហើយ​ចោទ​សួរ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​អីហ្នឹង​ជា​រឿង​សំខាន់ៗ។​ ខ្ញុំ​គិត​ថា​ បើ​មិន​ចូល​ទាំង​អស់ វា​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​តាន​តឹង​ផ្នែក​នយោបាយ​ហ្នឹង​ វា​នៅ​តែ​បន្ត»។​

មាត្រា​៨៩​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រកម្ពុជា​ ​ចែង​ថា តាម​ការ​ស្នើ​សុំពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្តម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​អំពី​បញ្ហា​ដែល​មាន​សារៈ​សំខាន់​ពិសេស។​

ផ្នែក​សំខាន់ៗ​ខ្លះនៃ​មាត្រា៩៦​នៃ​រដ្ឋ​ធម្មនុញ្ញកម្ពុជាបាន​ចែង​ថា​ តំណាង​រាស្រ្ត​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជ​រដ្ឋាភិបាល។​ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋ​សភា។​ ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​ អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើងពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។​ បើ​បញ្ហា​ពាក់​ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។​

លោក​សុន ឆ័យ ​ប្រធានក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្រ្គោះជាតិថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​កណ្ដាល​បក្ស​សង្រ្គោះជាតិ​នារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ ទី​០៩ ខែ​សីហា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ VOA​ ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ​សកម្មភាពនៃ​ការ​ដាក់​កម្លាំង​របស់​រដ្ឋ​អំណាច​ដើម្បី​ចាប់​ខ្លួនលោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ញាំ​ញី​ខាង​ផ្លូវ​ច្បាប់​លើ​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​គឺ​ជា​ទង្វើ​ខុស​ធ្ងន់​ធ្ងរ​មួយ។​

លោក​និយាយ​ថា​ ទង្វើ​នេះ​បាន​ធ្វើឲ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ដក​ខ្លួន​ពី​ការ​ប្រជុំ​ពេញ​អង្គ​នានា​នៃ​រដ្ឋ​សភា។ លោក​បញ្ជាក់​ទៀត​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​បន្ត​បំពេញ​ការងារ​ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ បើ​ទោះជា​គណបក្ស​នេះ​នឹង​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋ​សភា​ក៏​ដោយ។​

«ដូច្នេះ​ខ្ញុំ​គ្រាន់​តែចង់​បញ្ជាក់​ថា​ យើង​តែង​យក​ចិត្ត​ទុកដាក់​អំពី​ភារកិច្ច​យើង​ ដែល​ជា​សមាជិក​សភា​ទទួល​បាន​ការ​បោះឆ្នោតពី​ប្រជា​ពលរដ្ឋគឺត្រូវ​តែ​យក​តួនាទី​របស់​យើង​ហ្នឹង​ទៅបំពេញ​សកម្មភាព​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋដែល​យើង​មាន​ដើម្បី​ធ្វើ​ម៉េច​អាច​បម្រើ​ប្រជា​ពលរដ្ឋ​យើង​បាន​ជា​អតិបរមា»។​

ដ្បិតតែ​សភា​បាន​ធ្វើការ​ប្រជុំ​ដោយ​គ្មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក្តី​ ក៏​លោក​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​ថា សភា​នៅ​តែ​អាច​បំពេញ​ការ​ងារ​របស់​ខ្លួន​បាន​ក្នុង​ការ​ធ្វើ​ច្បាប់​ និង​ការ​ផ្តល់​សច្ចាបន​នានា​ដែល​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ​ត្រឹម​៥០​ភាគ​រយ​បូក​មួយ។

«ពាក្យ​ដែល​ហៅ​ថា​ វិបត្តិ​នយោបាយ​ ដោយសារ​សភា​ប្រជុំ​អត់​កើត​ ទៅ​ប្រជុំ​អនុម័ត​អី​អត់​បាន​ តែ​ឥឡូវ​ ​បើ​ថា​ ភាគី​ក្នុង​សភា​មិន​ចូលរួម​ទេ​ ក៏​សភា​ដែល​មាន​តែ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួ​មហ្នឹង​ក៏អាច​អនុម័ត​ច្បាប់​អី​បាន​ដែរ​ ចំពោះ​ច្បាប់​ដែល​តម្រូវ​ឲ្យ​អនុម័ត​ដោយ​សំឡេង​៥០​ភាគរយ​បូក​មួយ»។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អ្នក​តំណាង​រាស្ត្រនៃ​គណបក្ស​ប្រឆាំង​មិន​អាច​សម្ងំ​ស្ងៀម​ និង​ព្យាយាម​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ ដោយ​សំអាង​លើ​ហេតុផល​ថា​ កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ ហើយ​ធ្វើមិន​ដឹង​មិន​ឮ​វិបត្តិ​នៃ​ការ​ធ្វើ​ច្បាប់​ដោយ​គណបក្ស​តែមួយ ដែល​នឹង​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ដល់​ការ​រស់​នៅ​របស់​ប្រជារាស្ត្រ​ខ្មែរ៕​