សកម្មជន​ និង​គ្រួសារ​បក្ស​ប្រឆាំង​ស្ពាយ​អម្រែកនៃ​ការ​ផ្ចាញ់​ផ្ចាល​ខាង​នយោបាយ

រូបឯកសារ៖ ក្រុមអ្នកគាំទ្រ ​គណបក្ស​សង្គ្រោះជាតិ​កាន់​រូបថត​លោក សម រង្សុី​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

អ្នកស្រី​ សុខ ចាន់ថៃ​ រំឭក​ពេល​កំពុង​បើក​ម៉ូតូនៅ​ខេត្តកំពង់ធំ​ នៅលើ​ផ្លូវ​ដែល​អ្នកស្រី​បាន​ប្រើ​វា​ជាញឹកញាប់​តាំងពី​ពេល​មុន​មក​ហើយ។ នៅ​ពេល​នោះ​ អ្នកស្រី​កំពុងធ្វើ​ដំណើរ​ទៅ​ការិយា​ល័យ​រដ្ឋបាល​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ច្បាប់​បើក​អាជីវកម្ម​របស់​អ្នកស្រី។

ស្រ្តី​វ័យ​៣៧​ឆ្នាំ​ ដែល​ជាម្តាយ​របស់​កូនពីរនាក់​ បានធ្វើ​អាជីវកម្ម​ផលិត​ទឹក​បរិសុទ្ធ​ខ្នាត​តូច​ ដែល​ចែកចាយ​ដល់​ពលរដ្ឋ​នៅ​ក្នុងស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។ នៅ​ពេល​បើក​ម៉ូតូ​ គាត់​ដឹងតែ​បើក​ប៉ុណ្ណោះ​ ប៉ុន្តែ​មិនដឹង​ថាតើ​ ត្រូវទៅ​ផ្លូវណា​ទេ។ មាន​អ្វីម្យ៉ាង​ដែល​មក​ហួងហែង​ចិត្ត​អ្នក​ស្រី។

អ្នកស្រី​បាន​ប្រាប់វីអូអេ​ថា៖​ «គិត​ចុះគិត​ឡើង​ ជិះវង្វេង​ខេត្ត​កំពង់​ធំ​បងអើយ​»។​

​ស្វាមីអ្នកស្រី​សុខ ចាន់ថៃ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ ដោយ​ការ​សង្ស័យថា​លោក​បាន​គាំទ្រ​លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន ​នៅ​ក្នុងគម្រោង​មួយដែល​គេចោទ​ថា​ ជារដ្ឋប្រហារ។ អ្នក​ស្រី​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ស្វាមី​អ្នកស្រី​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ ដោយ​ភ័យ​ខ្លាច​ថា​ វា​នឹង​ប៉ះពាល់​ដល់​រឿង​ក្តី​របស់​ស្វាមី​អ្នកស្រី។

លោក​ សម រង្ស៊ី បាន​ប្រកាស​កាលពី​ខែ​សីហា​ថា​ លោក​នឹង​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ ដែល​ជា​ផែន​ការ​មិន​អាច​ធ្វើ​ទៅ​រួច​ ដោយ​ហេតុ​ថា​ ​ប្រទេស​ជិត​ខាង​មួយ​ចំនួនបាន​រាំង​ខ្ទប់ដំណើរ​ឆ្លង​កាត់​របស់​លោក​មក​កាន់​កម្ពុជា។

ស្វាមី​របស់អ្នកស្រី ​សុខ ចាន់ថៃ​ ស្ថិត​ក្នុង​ចំណោម​អ្នកដែលត្រូវ​បាន​គេ​ចាប់​ខ្លួន​ជាច្រើន​នាក់។ បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​មក​លើ​បី្តអ្នកស្រី​នោះ​ គឺ​ដោយ​សារ​ការ​បង្ហោះ​វីឌី​អូ​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​គាត់​ ពណ៌នា​អំពី​ផែនការ​វិលត្រឡប់មក​កម្ពុជា​វិញរបស់​អតីត​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

បន្ទាប់ពី​បាន​ចំណាយ​ពេល​ជាង​មួយ​ខែ​នៅ​ក្នុង​ពន្ធនាគារ​ ស្វាមី​អ្នកស្រី​សុខ ចាន់​ថៃ ត្រូវបាន​គេ​ដោះ​លែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែវិច្ឆិកា​ ពោល​គឺ​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​ចិត្ត​អាណិតអាសូរ​ដល់​អ្នក​ដែលត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ពួកគេ​ត្រូវ​បាន​លោក​សម រង្ស៊ី​ ​បោក​បញ្ឆោត​ឲ្យ​រៀបចំ​គម្រោង​រដ្ឋ​ប្រហារ។

ខណៈដែលស្វាមី​អ្នកស្រី​ត្រូវបាន​ដោះលែងនោះ​ ផល​រំខាននៃ​ការ​ចាប់ខ្លួន​របស់​គាត់​នៅ​បន្ត។

គ្រួសារ​របស់​សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​រមែង​តែ​និយាយ​ថា​ ការ​ដោះ​លែង​អ្នកដែល​ជា​ទីស្រឡាញ់​របស់​ពួកគេ​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ គ្រាន់​តែ​ជាប​ន្ធូរបន្ថយ​ភាពតានតឹង​ក្នុង​ចិត្ត​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ ដោយ​សារ​ពួកគេ​មាន​ការ​តប់​ប្រម​ល់​ជា​ច្រើន​ ដែល​ភ្ជាប់​ជាមួយ​នឹង​បទ​ចោទ​ប្រកាន់​ដែល​មិន​ច្បាស់​លាស់​ និង​ការ​ព្រួយ​ចិត្ត​ចំពោះ​ការណ៍​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​។

នៅ​ពេល​ដែល​ពួក​គេ​ត្រូវប្រឈម​នឹង​រឿងអាម៉ាស់​ផ្ទាល់​ខ្លួន​ នៅ​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់​នៅ​ ផលរំខាន​លើជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ ពេល​ខ្លះ​អាក្រក់​ខ្លាំណាស់។

ភ្លាម​ៗ​ក្រោយ​ការ​ចាប់​ខ្លួន សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​របស់​អ្នកស្រី​សុខ ចាន់​ថៃ​ បាន​ជួប​បញ្ហា​ ដោយ​ការ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ធ្វើ​អាជីវកម្មឡើង​វិញ​ ជាបញ្ហា​ដែល​អ្នកស្រីមិន​ដែល​ជួប​អស់​រយៈ​ពេល​បីឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​អ្នកស្រី​បាន​ចាប់​ផ្តើម​អាជីវកម្ម​តូច​មួយនេះ។

រឿងនេះ​មិន​មែនប៉ះតែ​ទៅ​លើ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃដែល​ត្រូវ​ឲ្យ​កូន​បង់​ថ្លៃ​សាលា​នោះ​ទេ វាថែម​ទាំង​បាន​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​សម្រាប់​សង​បំណុល​ធនាគារ​ផង​ដែរ។

ជាង​នេះទៅ​ទៀត​ កម្មករ​ប្រាំមួយ​នាក់​ដែល​ធ្វើ​ការ​ឲ្យអ្នកស្រី​ ឥឡូវ​នេះ​បដិសេធ​មិន​ធ្វើ​ការ​ឲ្យ​អ្នកស្រី​ទៀតទេ​។​ ​អ្នកស្រី​ចាំបាច់​ត្រូវ​សុំ​ឲ្យ​សាច់​ញាតិ​មក​ជួយ។

អ្នកស្រី​បញ្ជាក់​ថា៖ «ចំណាយ​ថវិកា​សព្វគ្រប់​ កូនទៅ​រៀន​មួយថ្ងៃ​វា​២ម៉ឺន​បាត់​ហើយ​ ហើយបើ​គេ​បិទ​ទៅ​ខ្ញុំបាន​អី?​ អ៊ីចុះ​លុយ​ធនាគារ​ បាន​មក​ពី​ណា​? គិត​ចុះ​ គិត​ឡើង​ ជិះវង្វេង​ខេត្តកំពង់​ធំ»។

គ្រាដែល​វាជា​រឿង​ពិបាក​រួច​ទៅ​ហើយ​សម្រាប់​គ្រួសារ​ជាច្រើន​ ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​ដែល​មានជាប់ហេតុផលនយោបាយ​ ​ទៅ​លើ​អ្នក​ដែល​ជា​ទីស្រឡាញ់​របស់​ពួកគេនោះ​ ការ​ខាត​បង់មួយ​ផ្សេង​ទៀត​ក៏បាន​ធ្លាក់​ទៅ​លើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផងដែរ។

កញ្ញា​យូ ចាន់ធានី វ័យ​ ២៥​ ឆ្នាំ​ បាន​ប្រឈម​នឹង​ការ​ជាប់​ពាក់​ព័ន្ធ​ដោយអន្លើ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​។ នាង​មិន​មែន​ជា​មន្ត្រីជាប់​ឆ្នោត​របស់​បក្ស​ ហើយក៏​មិនមែន​ជាអ្នកកាន់​តំណែង​ជាន់​ខ្ពស់​ណានោះដែរ។​

ប៉ុន្តែ​ជា​រៀង​រាល់​ល្ងាច​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​ឃើញ​កញ្ញា​យូ ចាន់​ធានី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អាន​ព័ត៌មាន​លើ​ទំព័របណ្តាញ​សង្គម​របស់​លោក​សម រង្ស៊ី​។ គណបក្ស​ប្រឆាំង​បាន​ប្រឹង​ទាំងត្រដរ​ដើម្បីបង្កើតទូរទស្សន៍​ផ្ទាល់ខ្លួន​ និង​បានប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ផ្សព្វ​ផ្សាយ​ដំណឹង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។

ការ​ផ្សព្វផ្សាយ​តាម​វីឌីអូ​ចុងក្រោយនោះ​ គឺធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ជា​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ចោលដោយ​តុលាការ​កំពូល។ តុលាការ​ជាន់​ខ្ពស់​មួយនេះ​ បាន​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​ ១១៨នាក់របស់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​ឆាកនយោបាយ​ផងដែរ។

ក្នុង​វ័យ​២៥​ឆ្នាំ​ កញ្ញា​ចាន់​ធី ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ បាន​រក្សា​ភាពស្ងាត់​ស្ងៀមតាំង​ពី​ពេល​នោះ​មក។ ប៉ុន្តែ ដំណើរ​របស់​នាង​មួយទៅ​កាន់​ប្រទេស​ម៉ាឡេស៊ីកាល​ពី​ខែសីហា បាន​ធ្វើ​ឲ្យ​ភាព​ស្ងប់​ស្ងៀម​របស់​នាងប្រែប្រួល​អស់។ នាង​បាន​និយាយថា នាង​មាន​ក្តីរំភើប ដើម្បី​ជួប​លោក​សម រង្ស៊ី​ នៅប្រទេស​ម៉ាឡេស៊ី​ ទីដែល​មេដឹកនាំ​គណបក្ស​ជំទាស់​ បាន​កំពុងចូលរួម​ការ​ជួបជុំ​គ្នា​មួយ​ និង​នៅពេលលោកជួបជុំ​សហការីដែល​មាន​ផែនការ​វិលមក​កម្ពុជា​នៅខែ​វិច្ឆិកា។

នាង​បាន​ដឹង​តិចណាស់​ថា​ ជំនួប​តែមួយលើក​នោះ​ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ក្រឡាប់​ចាក់នៅ​ប្រទេស​កម្ពុជា។ នៅពេល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​ នាង​ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាង​ពីរ​ខែ​ក្នុង​ពន្ធ​នាគារ​ នាង​ត្រូវបាន​ដោះលែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា។

VOA បាន​ជួប​សម្ភាស​ជាមួយ​កញ្ញា​យូ ចាន់​ធានី​ នៅឯ​ហាង​កាហ្វេ​មួយ​ក្នុងខណ្ឌដូនពេញ​ ក្រុង​ភ្នំពេញ​កាលពី​ខែ​មុន។ អតីត​អ្នកអាន​ព័ត៌មាន​រូបនេះ​ បាន​ទិញ​កាហ្វេ​មួយ​កែវមកហូប​ ប៉ន្តែនាង​កម្រ​កាន់​កែវ​កាហ្វេ​ក្នុង​ពេលធ្វើ​បទសម្ភាសន៍​នោះ។

នាង​បាន​និយាយថា​ បទពិសោធន៍​ដែលបាន​ស្ថិត​នៅ​ក្នុងពន្ធ​នាគារ​ ធ្វើ​ឲ្យ​នាង​មាន​ការ​ច្របូក​ច្របល់។ នាង​ចាប់​យក​ក្រដាស​មួយ​សន្លឹក​យ៉ាង​លឿន​ ដែល​ក្រដាសនោះ​ជា​ឯកសារ​ដីកាដែល​បានដោះ​លែង​នាង។ ​

ក្នុង​អំឡុង​ពេល​នាង​បង្ហាញ​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ នាង​ច្បាស់​ជា​បាន​អាន​រឿង​រ៉ាវ​ជាច្រើន​អំពី​ពន្ធនាគារ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ពីមុន​មក​ ប៉ុន្តែ​នាង​ខ្លួនឯង​ផ្ទាល់​បែរ​ជា​ទទួល​បាន​បទពិសោធន៍​ជាប់​ក្នុង​បន្ទប់​ពន្ធនាគារ​ដែល​មាន​មនុស្ស​ប្រមាណ​១០០​នាក់​ផ្សេង​ទៀត​ដែល​ជាស្ត្រី។

នាងបាន​ប្រាប់​វីអូអេ​ថា៖

«និយាយ​ទៅ​ស្លុត​ដែរបង​ ទៅដល់​ គ្រាន់​តែ​ថា​ ពេល ពេលហ្នឹង​ តាំង​អារម្មណ៍​កុំ​ឲ្យ​ខ្លួន​ឯង​ស្លុត​បាក់​ទៅ​តាម​នេះ​អ៊ីចឹង​ទៅណា៎!​»។

កញ្ញា​ចាន់​ធានី​ ​និយាយទៀត​ថា នាង​បាន​ប្រើ​ភាពរឹងប៉ឹង​នៃបទពិសោធន៍​របស់ឪពុក​ម្តាយនាង​ដែល​ធ្លាប់​មាន​ក្នុង​សម័យ​ខ្មែរ​ក្រហម​ និង​តែងតែ​រំឭក​ខ្លួននាងថា​ នាង​នឹងត្រូវ​បាន​គេដោះលែង​ភ្លាមៗ។ ប៉ុន្តែ​រយៈពេល​ពីរខែ​ក្នុង​ពន្ធនាគារ បាន​បន្សល់​ទុក​ឲ្យ​នាង​នៅ​ភាព​តក់​ស្លត់​ និង​ភ័យ​ខ្លាច​ទៅ​វិញ​។

«គេចាប់​យក​ទៅ​ហើយ​ គិត​ថា​ ស្អែក​ហ្នឹង​គេលែង​ខ្ញុំវិញ​ហើយ​ ប្រហែល​ជា​មិន​អី​ទេ​ ព្រោះ​ដោយ​សារ​ខ្ញុំ អត់​មាន​អី​ខុស​ទេ​ ស្អែក​ហ្នឹង​ គេ​លែង​ខ្ញុំ​ហើយ​ ខ្ញុំមិនអី​ទេ​ ខ្ញុំ​ទៅ​ធ្វើ​ការ​វិញ​បាន​ហើយ​ មានណ៎ា​បង​ ពីរខែ​ ពីរ​ថ្ងៃ ព្រៃ​ស ម២»។

កញ្ញា​យូ ចាន់​ធានី​ ធ្លាប់​បម្រើ​ការងារ​នៅ​ឯធនាគារ​មួយ​ឈ្មោះ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ឬ​ហៅ​ថា​ ABA)​ ប៉ុន្តែ​នាង​បាន​បាត់​បង់​ការងារ​ ​ បន្ទាប់​ពី​នាង​ត្រូវបាន​គេចាប់​ខ្លួន។ ហើយ​នៅ​ពេល​នាង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នោះ​ វារឹត​តែ​ធ្វើ​ឲ្យនាង​មាន​ការ​ពិបាក​ដើម្បី​រក​ការងារ​ធ្វើ។ នាង​ក៏ត្រូវ​រាយការណ៍​ទៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន​ ជា​រៀង​រាល់​ខែ​ និង​មិន​អាច​ធ្វើដំណើរ​ក្រៅ​ប្រទេស​បាន​ទេ។​

អ្វីដែល​ប្រឈម​បំផុត​សម្រាប់នាង​នៅពេល​នេះ​ គឺ​ការ​រក​ការងារ​ធ្វើ​ថ្មី។ ហើយ​វា​មិន​ងាយ​ស្រួល​នោះ​ទេ ​ដែល​ត្រូវរក​ការងារ​ថ្មី​ នៅពេល​ដែលនាង​ត្រូវ​បាន​គេចោទថា​ រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ជា​បទចោទ​ដែល​អាច​ត្រូវ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​នោះ។

«ខ្ញុំ​ទៅ​កន្លែង​ការ​ងារ​ខ្ញុំ​ គឺ​គេអត់​អាច​ទទួល​យក​ខ្ញុំ​វិញ​បាន​ទេ​ ប៉ុន្តែ​ហេតុផល​របស់​គេ​ គឺត្រឹមត្រូវ​ ត្រង់​ថា​ បទ​ចោទ​ហ្នឹង​ គឺចងខ្ញុំ​ គឺ​ចងខ្ញុំ​ អត់​អាច​រក​ការងារ​ធ្វើ​ ត្រង់​អី?​ ត្រង់​ថា​ គឺខ្ញុំ​ត្រូវ​បង្ហាញ​ខ្លួន​ រៀងរាល់​មួយ​ខែ​ម្តង​ ដើម​ខែ​អ៊ីចឹង​ណ៎ា! ហើយ​ហាម​មិន​ឲ្យ​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ ក្រៅ​អី​។ អ៊ីចឹង​ធម្មតា​ បទ​ចោទ​ហ្នឹង​ គឺ​មាន​ន័យ​ថា​ យើង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​តុលាការ​នៅ​ឡើយ​ទេ»។

ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ អ្នក​ទោស​នយោបាយ​ ជា​ពិសេស​អ្នក​ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ បាន​និយាយថា​ វាពិបាក​សម្រាប់​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ជីវិត​រស់​នៅ​ធម្មតា​វិញ​ ដោយ​សារ​តែ​បទ​ចោទ​ប្រកាន់ មិនត្រឹម​តែ​បាន​បង្អាក់​ទឹក​ចិត្ត​ថៅកែ​ តែ​វា​ថែម​ទាំងបាន​បង្កើន​ស្ថានភាពតប់​ប្រមល់​លើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ផង​ដែរ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​មាស នី​ បាន​មាន​ប្រសាសន៍ថា​ ភាព​តានតឹង​ខាង​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ច្រើន​ ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់​ខ្លួន​យ៉ាង​អកុសល​ដោយសារ​តែ​ការ​ផ្ចាញ់​ផ្ចាល​គ្នា​ទៅ​វិញ​ទៅមក​រវាង​អ្នកនយោបាយ។

ជាងនេះ​ទៀត​ លោក​ថា​ ដើម្បី​ឲ្យ​ការ​ផ្ចាញ់ផ្ចាល​កាន់តែ​អាក្រក់នោះ​ ការ​ទម្លាក់​បទចោទប្រកាន់​ទាំង​ឡាយ​ទៅ​បាន​នោះ គឺ​អាស្រ័យ​លើ​ កត្តាពី​ខាង​ក្រៅ​ ដូច​ជា​ ថា​តើត្រូវទុក​ឲ្យ​ ឋានៈ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ EBAត្រូវ​ព្យួរ​ដោយ​សហភាព​អឺរ៉ុប ឬ​ក៏ផ្តល់​បន្ទុក​នៃ​ភស្តុតាង​បន្ថែម​ដើម្បី​ប្រឆាំង​ពួកអ្នក​ដែលត្រូវ​គេ​ចាប់​ខ្លួន​ទាំង​នោះ។

«របៀប​ដែល​ដោះស្រាយ​ទៅ​លើ​ករណី​ ដូច​ការ​ចាប់​ ទាំង​អស់​ហ្នឹង​ គឺ​យើង​មើល​ទៅ​ វា​ចាប់​តាម​របៀប​ទិដ្ឋា​ភាព​នយោបាយ​នេះ​ច្រើន​ជាង​ផ្លូវ​ច្បាប់​បាទ​។ កន្លែង​ខ្លះ​មិន​ទាំង​ប្រើ​ច្បាប់​ផង​ គឺ​ទៅ​ចាប់​សិន​ ហើយ​ធ្វើច្បាប់​តាម​ក្រោយអីចឹង​ទៅ​ណ៎ា»។

សម្រាប់​អ្នកខ្លះ​ទៀត​ ការ​ចាប់ខ្លួន​ទាំង​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​ដ៏​គួរ​ឲ្យ​ក្រៀម​ក្រំ​សម្រាប់​ពួក​គេ​។អ្នកស្រី​ សុខ ស្រីនិច្ច​ ​ទើបតែ​ក្លាយ​ជាម្តាយម្នាក់ ហើយ​គាត់​គឺ​ជា​ប្រពន្ធ​របស់​សកម្មជន​គង់ រ៉ៃយ៉ា។

លោក​គង់ រ៉ៃយ៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​ មួយ​ថ្ងៃ​ មុន​ពេល​ការ​ធ្វើ​ពិធី​រំឭក​ដល់​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​កែម ឡី​ ដែល​ត្រូវ​បាន​គេបាញ់​ស្លាប់។​ លោក​គង់ រ៉ៃយ៉ា​ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​លក់​អាវយឺត​ ដែល​មាន​រូប​លោកកែម ឡី​ ព្រមទាំង​បាន​ផ្តល់​លេខ​ទៅ​អ្នក​រត់​ឡាន​ឈ្នួល​ ដែល​អាច​នាំ​មនុស្ស​មក​ចូល​រួម​ពិធី​រំឭក​នោះ​មក​កាន់​ទីក្រុង​ភ្នំពេញ។

ប៉ុន្តែ​គាត់​ត្រូវបាន​ចាប់​នៅ​ថ្ងៃទី​៩ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ក្រោម​បទ​ចោទ​ថា​ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ជាបទ​ចោទប្រកាន់​ទូទៅ​ដែល​ជាញឹកញាប់​ត្រូវបាន​ប្រើ​ដោយ​អាជ្ញាធរ​ដើម្បី​បំបាត់​មតិ​រិះគន់។ ការ​ចាប់​ខ្លួនលើក​នេះ​ មិនមែន​ជា​លើក​ដំបូង​ទេ​សម្រាប់​លោក​រ៉ៃយ៉ា។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥​ លោកត្រូវបាន​ចាប់​ខ្លួន​ និង​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​១៨​ខែ​ក្រោម​បទ​ចោទ​សម្រាប់​ការ​បង្ហោះ​មួយផ្សេងទៀតលើ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ហៅការ​ចាប់​ខ្លួន​លោក​រ៉ៃយ៉ា​ ថា​ គ្មានមូលដ្ឋាន​ និង​ជា​ការ​វាយ​ប្រហារ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​របស់​គាត់។

លោក​គង់ រ៉ៃយ៉ា ត្រូវបាន​ដោះលែង​ម្តងទៀត​ កាលពី​ថ្ងៃសុក្រ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ដោយ​បាន​បន្ធូរបន្ថយ​បន្ទុក​ខ្លះ​ដល់​អ្នកស្រី​សុខ ស្រីនិច្ច។ ការ​ចាប់​ឃុំ​ខ្លួន​ចុងក្រោយ​របស់​លោក​រយៈពេល​បួន​ខែនោះ​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​មានការ​លំបាក​ជាពន់​ពេក​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ស្មារតី។

អ្នកស្រី​បាន​បញ្ជាក់​ថា៖«ការ​លំបាក​ខ្ញុំ​ខ្លាំង​មែន​ទែន​ ព្រោះ​អី​រ៉ាប់​រង​ខ្លួន​ឯង​ទាំង​អស់​ហ្មង​ អីក៏ដោយ​ នៅ​ក្នុង​ផ្ទះ​ ការ​ហូប​ចុក​ ចំណាយ​ទៅលើ​ប្តី​។ នៅពន្ធនាគារ​ដូច​ដឹង​ស្រាប់ហើយ​អី​ អី​គឺចំណាយ​មួយ​ទ្វេជាពីរ​អីហ្អោះ​! អ៊ីចឹង​ហើយ​ គឺថ្លៃ​ខ្លាំង​មែន​ទែន»។

ការ​ដោះលែង​លោក​គង់ រ៉ៃយ៉ា​ បាន​សម្រាល​បន្ទុក​ខ្លះ​ ប៉ុន្តែ​ដរាប​ណា​ បទចោទ​ប្រកាន់​នៅតែ​មាននោះ​ ​ វាពិបាក​សម្រាប់​គូស្វាមី​ទាំង​ពីរ​ត្រឡប់​ទៅ​ជីវិត​ធម្មតា​វិញ។ អ្នកស្រី​ស្រីនិច្ច​និយាយថា​ សេរីភាព​របស់​ស្វាមី​អ្នកស្រី​ គឺមាន​ត្រឹមពាក់​កណ្តាល​ ហើយ​ជាង​នេះទៅ​ទៀត​ វា​បាន​បន្ថែម​នៅ​កម្រិត​ច្របូក​ច្របល់​ក្នុង​ចិត្ត​ និងសម្ពាធ​លើ​ទំនាក់​ទំនង​គ្រួសារ៕