មន្ត្រីរៀបចំការបោះឆ្នោតនៅប្រទេសវ៉េណេស៊ុយអេឡា (Venezuela) និយាយថាគណបក្សប្រឆាំង បានឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកសភានៅក្នុងប្រទេសនោះ ដោយបានផ្តួលគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច។
ក្រុមមន្ត្រីនិយាយថា គណបក្សប្រឆាំងទទួលបានអាសនៈចំនួន១១០ ក្នុងចំណោមអាសនៈសរុប១៦៧ នៅក្នុងសភាជាតិវ៉េណេស៊ុយអេឡា។ រីឯគណបក្សសង្គមនិយមទទួលបានត្រឹមតែ៥៥អាសនៈប៉ុណ្ណោះ។ អាសនៈពីរទៀតកំពុងត្រូវបានកំណត់ដោយមន្ត្រីរៀបចំការបោះឆ្នោត ដោយសារពួកគេមិនទាន់រាប់សំឡេងឆ្នោតអស់នៅឡើយ។
ការឈ្នះតែពីរអាសនៈទៀតនោះ នឹងធ្វើឲ្យសម្ព័ន្ធនៃគណបក្សប្រឆាំងទទួលបានសំឡេង២ភាគ៣នៅក្នុងសភា។ ការណ៍នេះនឹងមានន័យថា សភាអាចបញ្ឈប់ការងារចៅក្រមនៅតុលាការកំពូលបាន ឬក៏អាចកោះហៅប្រធានាធិបតីមកសួរដេញដោល ឬក៏សូម្បីតែអនុញ្ញាតឲ្យសភាសរសេររដ្ឋធម្មនុញ្ញឡើងវិញក៏បានដែរ។
មិនថាគណបក្សប្រឆាំង នឹងទទួលបានសំឡេងភាគច្រើនដាច់ខាតឬក៏អត់នោះទេ លទ្ធផលនៃការបោះឆ្នោតនេះ គឺជាបរាជ័យដ៏ធំមួយសម្រាប់ក្រុមអ្នកសង្គមនិយមដែលបានគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា អស់រយៈពេល១៦ឆ្នាំមកហើយនោះ។ មេដឹកនាំបក្សប្រឆាំងបានប្តេជ្ញាចិត្តកាលពីថ្ងៃចន្ទថា ពួកគេនឹងប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួននៅរដ្ឋសភានេះ ដើម្បីដោះលែងគូបដិបក្សនៃរដ្ឋាភិបាលសង្គមនិយមដែលកំពុងជាប់ពន្ធនាគារ៕