សហរដ្ឋអាមេរិកបានដាក់ការរឹតត្បិតទិដ្ឋាការថ្មីលើក្រុមមន្រ្តីប្រទេសវ៉េណេស៊ុយអេឡា (Venezuela) ហើយនិងក្រុមគ្រួសាររបស់ពួកគេ ដែលសហរដ្ឋអាមេរិកនិយាយថា មានការពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សឬពុករលួយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងបញ្ជូនសារយ៉ាងច្បាស់មួយថា អ្នករំលោភសិទ្ធិមនុស្ស «មិនត្រូវបានទទួលការស្វាគមន៍នៅក្នុងសហរដ្ឋអាមេរិកទេ»។ ក្រសួងការបរទេសមិនបានកំណត់អត្តសញ្ញាណនៃការដាក់ទណ្ឌកម្មនោះទេ។
ប្រធានាធិបតី Nicolas Maduro នៃប្រទេសវ៉េណេស៊ុយអេឡា បានរិះគន់ការឹតត្បិតកាលពីថ្ងៃច័ន្ទដោយនិយាយថា ការរឹតត្បិតទាំងនោះជាការប៉ុនប៉ងរំលោភអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា។ លោកនិយាយទៀតថា លោកនឹងសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាអំពីបញ្ហានេះ។
ទំនាក់ទំនងដែលមានការតានតឹងរួចទៅហើយរវាងសហរដ្ឋអាមេរិកនិងប្រទេសវ៉េណេស៊ុយអេឡា បានតានតឹងរឹតតែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលប្រធានាធិបតី Maduro បានចោទប្រកាន់អនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ពីការរៀបចំផែនការផ្តួលរំលំរដ្ឋបាលរបស់លោក។
លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានពណ៌នាការចោទប្រកាន់កាលពីថ្ងៃច័ន្ទថា «គ្មានមូលដ្ឋានត្រឹមត្រូវនិងមិនពិត»៕