លិខិត​ចំហរ​អំពាវនាវ​ដល់​ចិន​ឲ្យ​ដោះលែង​ជនជាតិ​កាណាដា​២​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​លើ​បទ​ចារកម្ម

អ្នក​ទេសចរ​មក​ពី​ប្រទេស​ចិន​ម្នាក់​កាន់​ស្លាកសញ្ញា​ដែល​គាំទ្រ​ដល់​ក្រុមហ៊ុន Huawei នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ ក្នុង​ក្រុង Vancouver ប្រទេស​កាណាដា កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ និង​អតីត​អ្នកការទូត​ជាង​១រយនា​ក់​មក​ពី​ប្រទេស​ចំនួន​១៩​កំពុង​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ដោះលែង​ជន​ជាតិ​កាណា​ដា​២នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដែល​ទំនង​ជា​ការ​សងសឹក​ចំពោះ​ការ​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ប្រទេស​កាណាដា។

​ក្រុម​នោះ ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហរ​មួយ​ទៅ​ឲ្យ​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីនពីង ​ដោយ​បាន​សរសើរ​លោក Michael Korving ​និង​លោក​ Michael Spavor ​ចំពោះ​ការ​ព្យាយាម​ស្ថាបនា​ចំណង​ទាក់​ទង​រវាង​ប្រទេស​កាណាដា​ និង​ប្រទេស​នានា​ទូទាំង​ពិភពលោក។

លោក Korving ជា​អតីត​អ្នក​ការ​ទូត​ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ស្រាវជ្រាវ​ក្រុម​វិបត្តិ​អន្តរជាតិ ឬ International Crisis Group នៅពេល​ដែល​លោក​បាន​ត្រូវ​គេ​ចាប់​ខ្លួន ​ខណៈ​ដែល​លោក​ Spavor ជា​នាយក​របស់​អង្គការ​ផ្លាស់​ប្តូរ​វប្បធម៌ Paektu ជាអង្គការ​មួយ​ដែល​រៀប​ចំ​ការ​ផ្លាស់​ប្តូរ​កីឡា​ និង​ការ​សិក្សា​អប់រំ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។ បុរស​ទាំង​២នាក់​នេះ ​បាន​ត្រូវ​ឃុំខ្លួន​កាល​ពីថ្ងៃ​ទី១០ ខែ​ធ្នូ ​ហើយ​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ចិន។

​លិខិត​នោះ ​បាន​និយាយថា ​ការ​ឃុំខ្លួន​លោក Korving និង​លោក Spavor ​«បាន​បញ្ជូន​សារ​មួយ​ថា ការងារ​ប្រកបដោយ​ការ​ស្ថាប​នា​នេះ ​មិន​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ហើយ​ថែម​ទាំងមាន​ភាព​គ្រោះ​ថ្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ចិន»។

លិខិត​នោះ បាន​ត្រូវ​ទទួល​ការ​ស្វាគមន៍​ដោយ​លោក Justin Trudeau នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កាណាដា ​ដោយ​និយាយ​ថា មិត្តភក្តិ និង​សម្ព័ន្ធ​មិត្ត​របស់​កាណដា​ទាំង​អស់ត្រូវ​តែ​គាំទ្រ​នីតិរដ្ឋ៕