ការ​រៀន​គួរ​តាម​អ៊ីនធឺណិត​ចាប់​ផ្តើម​មាន​ប្រជាប្រិយភាព សម្រាប់​សិស្ស​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២

សកម្មភាពសិស្សស្រីនៅសាលាបង្រៀនគួរមួយនៅរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)

ចាប់​ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម ​ហ្វេសប៊ុក តាំង​ពី​ឆ្នាំ​២០១៤​មក យុវជន ម៉ៅ សេរីវិទូ នៅ​​ខេត្ត​ឧត្តរមានជ័យ បាន​ស្គាល់​ការ​រៀន​គួរ​បន្ថែម​នេះ តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ ​ហ្វេសប៊ុក។ សេរីវិទូ ​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​រៀន​តាម​ប្រព័ន្ធ​ទំនើប​នេះ ដោយសារ​តែ​ចង់​រៀន​ជាមួយ​គ្រូ​ល្បីៗ​នៅ​រាជធានី​ភ្នំពេញ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រឹតបន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​ថ្នាក់​ទី​១២ ដោយ​លុប​បំបាត់​ការ​លួច​ចម្លង​គ្នា ការ​លាក់​ឯកសារ ការ​បែក​ធ្លាយ​វិញ្ញាសា និង​អំពើ​ពុករលួយ​ពេល​ប្រឡង​ជាដើម។ ការណ៍​នេះ​នាំ​ឲ្យ​សិស្ស​មួយ​ចំនួន​ធំ​បាន​ធ្លាក់​ការ​ប្រឡង​ក្នុង​ឆ្នាំ​២០១៤​នោះ ដោយ​មាន​សិស្ស​តែ​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ប្រឡង​ជាប់។

កំណែ​ទម្រង់​ការ​ប្រឡង​នេះ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​សម្រាប់​សិស្ស​ តែ​វា​ជា​ការ​ជំរុញ​មួយ​ឲ្យ​ពួកគេ​បង្កើន​ការ​រៀន​សូត្រ​ដើម្បី​អាច​ប្រឡង​ជាប់។​

ក្រៅ​ពី​ការ​រៀន​នៅ​សាលា​រដ្ឋ​និង​ជាមួយ​គ្រូ​ឯកជន​មួយ​ចំនួន ការ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សិស្ស​ដែល​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២ ស្រប​ពេល​ដែល​បណ្តាញ​សង្គម​ ជាពិសេស​ហ្វេសប៊ុក កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវជន។​

យុវជន ម៉ៅ សេរីវិទូ ដែល​ជា​សិស្ស​ថ្នាក់​ទី១២ មក​ពី​វិទ្យាល័យ​ ហ៊ុន សែន ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នៅ​ថ្ងៃ​ច័ន្ទ ទី២១ ខែ​សីហា​នេះ តាមរយៈ​ការ​រៀន​គួរ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត លើ​មុខវិជ្ជា​គណិតវិទ្យា។

ចាប់​ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម ​ហ្វេសប៊ុក តាំង​ពី​ឆ្នាំ​២០១៤​មក យុវជន សេរីវិទូ បាន​ស្គាល់​ការ​រៀន​គួរ​បន្ថែម​នេះ តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ ​ហ្វេសប៊ុក។ សេរីវិទូ​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​រៀន​តាម​ប្រព័ន្ធ​ទំនើប​នេះ ដោយសារ​តែ​ចង់​រៀន​ជាមួយ​គ្រូ​ល្បីៗ​នៅ​រាជធានី​ភ្នំពេញ។​

យុវជន​រូប​នេះ​បាន​ថ្លែង​ប្រាប់ VOA​ ថា៖ «កម្មវិធី​ហ្នឹង​គឺ​ល្អ​ម្យ៉ាង ទី​មួយ​គឺ​ផ្តល់​អាទិភាព​ដល់​សិស្ស​ទាំង​អស់​ទូទាំង​ប្រទេស​ហ្នឹង​មាន​លទ្ធភាព​ស្មើ​នឹង​សិស្ស​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​ ដែល​គាត់​បាន​ទទួល​នូវ​បទ​ពិសោធន៍​ដែល​លោកគ្រូ​បាន​ចែក​រំលែក​ឲ្យ​ពួក​យើង សមភាព​ស្មើគ្នា​តែ​ម្តង។ ចំពោះ​ការ​រៀន​ក៏​ដូច​គ្នា កម្រិត​វិញ្ញាសា​ គឺ​រៀន​ស្មើ​គ្នា។ ថ្ងៃ​ណា គឺ​ថ្ងៃ​ហ្នឹង​ដូចគ្នា អត់​មាន​លើស មាន​ខ្វល់ ទាំង​ភ្នំពេញ​ប៉ុណ្ណា​ គឺ​តាម​ខេត្ត​ប៉ុណ្ណឹង​ដែរ។ អញ្ចឹង​យល់​ថា ​វា​ល្អ​ត្រង់​ហ្នឹង»។

យុវជន​រូប​នេះ​បាន​បន្ថែម​ថា ការ​សិក្សា​នេះ អាច​ជួយ​ពង្រឹង​សមត្ថភាព​របស់​ប្អូន​បន្ថែម​ទៀត។

យុវជន សេរីវិទូ និយាយ​ថា៖ «យើង​បាន​ជួប​ជាមួយ​គ្រូ​ថ្មីៗ​ដែល​គាត់​មាន​បទ​ពិសោធន៍​ថ្មីៗ​។ យើង​អាច​ទទួល​នៅ​គំនិត​ដែល​គាត់​បាន​បញ្ចេញ​ឲ្យ​យើង​បាន​ច្រើន។ អញ្ចឹង​យើ​ងមាន​គំនិត​ថ្មីៗ​ច្រើន ដើម្បី​ត្រៀម​ការ​ប្រឡង»។

សេរីវិទូ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​ត្រូវ​បង់​ប្រាក់​១០ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ការ​សិក្សា​មួយ​មុខ​វិជ្ជា។

ថ្វី​បើ​អ៊ីនធឺណិត​នៅ​តាម​ខេត្ត​និង​តំបន់​ដាច់ស្រយាល ចោទ​ជា​បញ្ហា​ខ្លះ​សម្រាប់​សិស្ស​នៅ​តាម​ជនបទ​ក៏​ដោយ​ ក៏​យុវជន​រូប​នេះ​បាន​សម្រេច​ចិត្ត​រៀន​ ដើម្បី​បំពេញ​ចំណេះដឹង​បន្ថែម​ដែល​ខ្លួន​មាន​ចន្លោះ​ប្រហោង។

មិន​ខុស​ពី​យុវជន សេរីវិទូ ដែរ​នោះ សិស្ស​ថ្នាក់​ទី​១២មួយ​រូប​ទៀត មក​ពី​វិទ្យាល័យ​បឹង​ត្របែក​រាជធានី​ភ្នំពេញ យុវជន ស៊ឹម សេរីវុធ បាន​ថ្លែង​ប្រាប់ VOA ថា ក្រៅ​ពី​ការ​រៀន​គួរ​ពិសេស ខ្លួន​បាន​ចាប់​យក​ការ​រៀន​គួរ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ដោយ​មើល​ឃើញ​ថា​ វា​មាន​ភាព​សុវត្ថិភាព ​ដោយ​មិន​បាច់​ទៅ​សាលា​ផ្ទាល់​និង​អាច​រៀន​នៅ​ផ្ទះ​បាន​ដោយ​គ្មាន​ការ​រំខាន។

យុវជន សេរីវុធ និយាយ​ថា៖ «គឺ​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​របស់​យើង ហើយ​យើង​អាច​រៀន​នៅ​ផ្ទះ​បាន​ដោយ​ស្ងប់ស្ងាត់​ អាច​ធ្វើ​លំហាត់​ ធ្វើ​អី​តាម​គាត់​បាន។ និយាយ​ទៅ​ សំខាន់​ការ​ដាក់​ចិត្ត​រៀន​របស់​យើង​ទេ»។

បណ្តាញ​សង្គម​ ជាពិសេស​ ហ្វេសប៊ុក ​បាន​ក្លាយ​ទៅ​ជា​កន្លែង​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​កម្សាន្ត ការទាក់ទង​ជាមួយ​មិត្ត​ភក្តិ ក៏ដូចជា​កន្លែង​មួយ​ ដើម្បី​ពង្រីក​ចំណេះ​ដឹង​របស់​ពួកគេ។ ក្នុង​ឆ្នាំ​២០១៧ នៅ​កម្ពុជា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​ប្រមាណ​ជិត​៤,៨លាន នាក់ ដែល​ក្នុង​នោះ យុវជន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ដល់​២៤ឆ្នាំ ​មាន​ចំនួន​ជាង​២លាន​នាក់។

លោក​ ជឿន សារុន ជា​អ្នក​ផ្តួចផ្តើម​ការ​រៀន​គួរ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ មាន​ប្រសាសន៍​ថា លោក​បាន​បង្កើត​កម្មវិធី​នេះ​ឡើង តាំង​ពី​ខែ​កក្កដា​ឆ្នាំ២០១៧ ដោយ​បើក​ថ្នាក់​បង្រៀន​ចំនួន​២​មុខ​វិជ្ជា​គឺ​គណិតវិទ្យា​និង​គីមីវិទ្យា។ នៅ​ក្នុង​នោះ ​សិស្ស​ថ្នាក់​ទី​១២ ប្រមាណ​២០០​នាក់​ មក​ពី​គ្រប់​ខេត្ត​ក្រុង បាន​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​នេះ​ ដោយ​សិស្ស​អាច​រៀន​នៅ​លើ​កុំព្យូទ័រ​ ឬ Smartphone ​របស់​ពួកគេ​ គ្រប់​ទីកន្លែង​ដោយ​ការ​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត។

លោក​បន្ត​ថា ការ​រៀននេះ​អាច​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​សិស្ស សម្រួល​ទាំង​ពេលវេលា​និង​ការ​ចំណាយ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «រៀន​គួរ​តាម ​Live [ផ្សាយ​ផ្ទាល់​] គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ ដោយសារ​ការ​រៀន​តាម Live​ ហ្នឹង គឺ​គាត់​រៀន​ គាត់​អាច​សំងំ​រៀន​ក្នុង​បន្ទប់​បាន​ ហើយ​សំឡេង​វា​គឺ​ច្បាស់​ល្អ ដោយសារ​យើង​ប្រើ​ឧបករណ៍​ស្រូប​សំឡេង​គឺ​ច្បាស់ ស្តាប់​ច្បាស់ បើរៀន​ក្នុង​ថ្នាក់​ អាច​មាន​សំឡេង​រំខាន​ច្រើន»។

លោក សារុន បាន​បន្ថែម​ថា សិស្ស​ក៏​អាចឆ្លើយ​ឆ្លង​បាន​ភ្លាមៗ​ជាមួយ​ក្រុម​សាស្រ្តាចារ្យ​ល្បីៗ​នៅ​ក្នុង​ពេល​រៀន ហើយ​អាច​មើលវីដេអូ​នៃ​ការ​បង្រៀន​ឡើងវិញ​ផង​ដែរ។

លោក​ នាង បូ គ្រូបង្រៀន​គួរ​គណិតវិទ្យា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ការ​រៀន​គួរ​នេះ​មិន​ខុស​ពី​ការ​រៀន​គួរ​បន្ថែម​នៅ​សាលារៀន​ទេ​ ដោយសារ​តែ​លោក​បង្រៀន​មេរៀន​ដូច​គ្នា​ដល់​សិស្ស​ទាំង​អស់។ លោក​បន្ត​ថា លោក​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ដែល​លោក​មាន​ទៅ​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា​៖​ «ការ​ពិត​ទៅ ​ខ្ញុំ​ចង់​ផ្តល់​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ ទៅ​សព្វ​ទិស​ទៅ​តែ​ម្តង​ ទៅ​តាម​ខេត្ត​ នៅ​ដាច់​ស្រយាល​អី​យ៉ាងណា​ ឲ្យ​កូន​ខ្មែរ​យើង​បាន​ទទួល​ចំណេះ​ពី​ខ្ញុំ​ហ្នឹង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ព្រោះ​គាត់​មិន​មាន​លទ្ធភាព​មក​ភ្នំពេញ​ទាំង​អស់​គ្នា​ទេ»។

លោក នាង បូ សង្ឃឹមថា ការ​រៀន​តាម​ប្រព័ន្ធ​ទំនើប​នេះ​នឹង​ជួយ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​រំពឹង​ថា​ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​កូន​ខ្មែរ​យើង​បាន​ទទួល​ចំណេះដឹង​បាន​ល្អ​ពី​គ្រូ​ល្បីៗ ហើយ​បាន​ស្មើ​គ្នា​ដូច​កូន​សិស្ស​នៅ​ភ្នំពេញ​ដែរ ហើយ​ខ្ញុំ​ជឿ​ថា​ កម្មវិធី​នេះ​នឹង​បាន​ជួយ​ចូលរួម​នៅ​ការ​បណ្តុះ​ធនធាន​មនុស្ស​ជាមួយ​ក្រសួង​អប់រំ​បាន​ល្អ»។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការធ្វើ​កំណែ​ទម្រង់​ការ​ប្រឡង​ថ្នាក់​ទី​១២ ក្រសួង​អប់រំ​បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន និង​បង្កើត​គេហទំព័រ​មួយ​សម្រាប់​សិស្សានុសិស្ស​ទាំង​អស់ ​រៀន​សូត្រ​បាន​ដោយ​ខ្លួន​ឯង​ ក្នុង​ការ​អនុវត្ត​លំហាត់ និង​សំណួរ សម្រាប់​ការ​វាស់​ស្ទង់ និង​ការ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​នៅ​លើ​មុខ​វិជ្ជា​ផ្សេងៗ៕