សាខារបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអេហ្ស៊ីប បានអះអាងកាលពីថ្ងៃពុធម្សិលម៉ិញថា ពួកគេបានកាត់ក្បាលជនជាតិក្រូអាស៊ីម្នាក់ដែលពួកគេបានចាប់ពង្រត់កាលពីខែមុន ដោយបានបង្ហាញរូបថតសាកសពរបស់គាត់នៅក្នុងសារតាមប្រព័ន្ធអ៊ីនធឺណិត។
លោក Zoran Milanovic នាយករដ្ឋមន្រ្តីនៃប្រទេសក្រូអាស៊ី (Croatia) បាននិយាយថា ពួកអាជ្ញាធរក្នុងប្រទេសក្រូអាស៊ី មិនអាចបញ្ជាក់១០០ភាគរយពីការស្លាប់របស់លោក Tomislav Salopek អាយុ៣០ឆ្នាំ រៀបការមានកូន២នាក់ដែលបានធ្វើការក្នុងប្រទេសអេហ្ស៊ីបទេ។ ក៏ប៉ុន្តែ លោក Milanovicបានមានប្រសាសន៍ថា៖ «អ្វីដែលលោកឃើញជាការរន្ធត់មួយ»។
ប្រសិនបើមានការបញ្ជាក់ថា ការអាះអាងនេះជាការពិតនោះ លោក Salopek នឹងក្លាយជាចំណាប់ខ្មាំងប្រទេសលោកខាងលិចលើកដំបូងដែលត្រូវបានចាប់ខ្លួនដោយក្រុម Sinai Province ជាក្រុមអេហ្ស៊ីបមួយដែលបានសន្យាធ្វើការសងសឹកឲ្យក្រុមរដ្ឋឥស្លាម។
ចាប់តាំងពីឆ្នាំមុនមក ក្រុមរដ្ឋឥស្លាម បានកាត់ក្បាលឬប្រហារជីវិតមនុស្សជាង៣ពាន់នាក់ ភាគច្រើននៃអ្នកទាំងនោះជាជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់និងស៊ីរី រួមជាមួយពួកអ្នកកាសែតមកពីទូទាំងពិភពលោក ទេសចរម្នាក់និងបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ដែលបានបម្រើការនៅក្នុងតំបន់នោះ។
រូបថតដែលសន្មតថាជារបស់លោក Salopek បានចុះផ្សាយនៅក្នុងបណ្តាញធ្វីទ័ររបស់សាខាក្រុមរដ្ឋឥស្លាម ដោយបង្ហាញពីក្បាលរបស់បុរសនោះដាក់នៅលើខ្លួនប្រាណរបស់លោកជាមួយនឹងកាំបិតដោតនៅក្នុងដីខ្សាច់ជាប់សពនោះ ហើយនឹងទង់ជាតិពណ៌ខ្មៅរបស់ក្រុមរដ្ឋឥស្លាមនៅពីខាងក្រោយ។
រូបថតនោះប្រាប់ឲ្យដឹងថា ការកាត់ក្បាលនេះបានធ្វើឡើងបណ្តាលមកពីប្រទេសរបស់លោក Salopek បានចូលរួមក្នុងសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាម បន្ទាប់ពីកាលបរិច្ឆេទបានផុតកំណត់ ដែលសំដៅដល់ការទាមទាររបស់ពួកបះបោរនៅពេលដែលពួកគេបានចាប់ខ្លួនលោក Salopek ធ្វើជាចំណាប់ខ្មាំងដើម្បីជាថ្នូរឲ្យរដ្ឋាភិបាលទីក្រុងឡឺគែដោះលែងស្រ្តីកាន់សាសនាឥស្លាមម្នាក់ចេញពីគុក៕