ស្នងការប៉ូលិសក្នុងទីក្រុង Dallas បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា ជនសង្ស័យ៣នាក់ត្រូវបានចាប់ឃុំខ្លួន ហើយអាជ្ញាធរនិយាយថា ជនសង្ស័យទី៤បានស្លាប់ ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើបាតុកម្មដោយសន្តិវិធីតវ៉ានឹងការស្លាប់របស់បុរសជនជាតិស្បែកខ្មៅ២នាក់ដែលត្រូវប៉ូលិសជនជាតិស្បែកសបាញ់សម្លាប់ បានក្លាយទៅជាភាពចលាចល។ ប៉ូលិស៥នាក់ក្នុងចំណោមប៉ូលិសទាំង១១នាក់ដែលត្រូវបានគេបាញ់ក្នុងអំឡុងពេលដែលមានភាពចលាចលក្នុងទីក្រុង Dallas នោះ បានស្លាប់។
ប៉ូលិសបានចរចាជាមួយនឹងខ្មាន់កាំភ្លើងទី៤ ដែលបានបាញ់តទល់ជាមួយនឹងប៉ូលិសនៅក្នុងការប្រឈមមុខដាក់គ្នានៅចំណតរថយន្តមួយក្នុងទីប្រជុំជន។ នៅមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ថាតើខ្មាន់កាំភ្លើងនោះបាញ់សម្លាប់ខ្លួនឯង ឬត្រូវបានសម្លាប់ដោយប៉ូលិស។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារដែលមានលក្ខណៈសាហាវ មានការប៉ុនប៉ងទុកជាមុន និងគួរឲ្យស្អប់ខ្ពើមទៅលើប៉ូលិស ដែលកំពុងតែបំពេញការងាររបស់ខ្លួន។ ដោយថ្លែងពីទីក្រុងវ៉ាសូរី (Warsaw) ដែលលោកកំពុងតែចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់នោះ លោក អូបាម៉ា បានមានប្រសាសន៍ថា ប៉ូលិសមានការងារមួយដែលពិបាកយ៉ាងខ្លាំង ហើយការបាញ់ប្រហារគឺជាការរំឮកដ៏សោកសៅអំពីភាពគ្រោះថ្នាក់ដែលប៉ូលិសប្រឈម។
លោកស្នងការប៉ូលិស David Brown បានមានប្រសាសន៍ថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃុំខ្លួនគឺជាស្រ្តី។ លោកបានបន្តថា ជនសង្ស័យ២នាក់ទៀតដែលត្រូវបានគេសាកសួរ ត្រូវបានគេមើលឃើញថា មានកាបូបប៉ារ៉ា ដែលបណ្តាលឲ្យក្រុមមន្ត្រីតាមពីក្រោយរថយន្តរបស់ពួកគេភ្លាមៗ។
លោក Brown បាននិយាយថា ជនសង្ស័យទាំងនោះ មិនបានផ្តល់សញ្ញាណអ្វីទេ អំពីមូលហេតុអ្វីដែលពួកគេ ធ្វើការវាយប្រហារទៅលើមន្ត្រីទាំងនោះ។
ស្នងការប៉ូលិសរូបនេះបាននិយាយថា លោកនៅមិនទាន់ច្បាស់នោះទេ ថាតើជនសង្ស័យទាំងអស់ត្រូវបានចាប់ឃុំខ្លួនហើយឬយ៉ាងណា។
ក្រុមមន្ត្រីនិយាយថា ជនសង្ស័យទាំងនោះមានបំណងបំផ្លាញឲ្យហិនហោចធ្ងន់ធ្ងរ ហើយកញ្ចប់ដែលគួរឲ្យសង្ស័យមួយត្រូវបានប៉ូលិសទទួលបន្ទុកខាងគ្រាប់បែកនៅក្នុងទីក្រុងនេះ រក្សាទុកដោយសុវត្ថិភាព៕