សហជីព​ធំ​មួយ​បាន​រក​ឃើញ​ការ​បំពារបំពាន​ជាច្រើន​តាម​ផ្លូវច្បាប់​និង​លើ​រាងកាយ​ក្នុង​វិស័យ​ការងារ​សម្រាប់​ឆ្នាំ​២០១៧

រូប​ឯកសារ៖ ក្រុម​សហជីព​​និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​​ ច្បាប់​សហជីព​បាន​បោស​សម្អាត​សកម្មភាព​តវ៉ា​អនាធិបតេយ្យ​បាន​ច្រើន​​នៅ​តាម​រោងចក្រ​និង​សហគ្រាស។

ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​តំណាង​កម្មករពី​សំណាក់​អាជ្ញាធរ​ និង​តុលាការ​នៅ​ប្រទេស​កម្ពុជា​ បាន​បន្ត​កើត​មាន ​ខណៈ​ដែល​កម្មករ​ក៏​បន្ត​បាត់​បង់​សិទ្ធិ ​និង​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ ធ្វើ​កូដកម្ម​ និង​បាតុកម្ម។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា​ ដែល​ VOA បានទទួល​កាល​ពី​ថ្ងៃ​អង្គារ។

​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​ការងារ​កម្ពុជា​ស្តី​ពី​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​មក​លើ​កម្មករ​និយោជិត​ចាប់​ពី​ខែ​មករា​ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បាន​កត់​សម្គាល់​ឃើញ​ថា​ មន្ត្រី​អាជ្ញាធរ​ និង​តុលាការ​ ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង​សកម្មភាព​សហជីព​ច្រើន​ជាង​មុន​ រហូតដល់​មានការ​ចាប់​ខ្លួន​ ការ​ចោទប្រកាន់​ និង​ការ​គំរាម​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​កាន់​តែ​បាន​ដៃ​ខ្លាំង​ឡើងៗ ដែល​បណ្តាល​ឲ្យ​មានការ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។

សហភាព​ការងារ​កម្ពុជា​ ដែល​មាន​សមាជិក​ ជាង​១១ម៉ឺន​មក​ពី​វិស័យ​ចំនួន​ ៨​បាន​បញ្ជាក់​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​ ៣ ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្នុង​ន័យ​ដើម៖

«យើង​ខ្ញុំ​ឃើញ​អាជ្ញាធរ​ប៉ូលិស​ ​និង​តុលាការ​ បាន​បន្ត​ជំរុញ​បណ្តឹង​ដែល​បាន​ប្តឹង​កន្លងមក​កាន់​តែ​ខ្លាំង​ធ្វើ​ឲ្យ​តំណាង​សហជីព​ សហព័ន្ធ​ សហភាព​ជាច្រើន​រង​បណ្តឹង​ព្រហ្មទណ្ឌ​ដែល​ខ្លួន​ឯង​មិន​បាន​ប្រព្រឹត្ត​ តែ​គ្មានការ​ដក​ការ​ចោទ​ប្រកាន់​ទេ។ ច្បាប់​សហជីព​ និង​ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ​ កាន់​តែ​ធ្វើ​ឲ្យ​សេរីភាព​កម្មករ​ និង​សហជីព​កាន់​តែ​រួញ​តូច​ទៅៗ»។

ក្នុង​ពេល​មានការ​គាបសង្កត់​សិទ្ធិ​កម្មករ​នេះ​ សហភាព​ការងារ​កម្ពុជា​ ក៏បាន​សង្កេតឃើញ​ពីស្ថាន​ភាព​ប្រសើរ​ឡើង​របស់​កម្មករ​ ដោយ​ការជួយជ្រោមជ្រែង​ពី​ក្រសួង​ និង​ស្ថាប័ន​នានា​ និង ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ចុះ​ទៅ​ជួប​កម្មករ​ជា​ញឹកញាប់​ និង​បាន​ដោះស្រាយ​ បញ្ហា​ឲ្យ​កម្មករ​មួយ​ចំនួន​ ដូចជា​ការ​ជំរុញ​ឲ្យ​និយោជក​អនុវត្តន៍​ច្បាប់​ស្តី​ពី​ការងារ​ ការ​តំឡើង​ប្រាក់​ឈ្នួលអប្បបរមា​ ផ្តល់​សេវា​សុខភាព ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ដោះស្រាយ​បញ្ហា​អសកម្ម​មួយ​ចំនួន​ទៀត។

​សហភាព​ការងារ​កម្ពុជា​ បាន​រក​ឃើញ​ផង​ដែរ​នូវ​ភាព​អវិជ្ជមាន​ជាច្រើន​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា។​ សហភាព​ការងារ​កម្ពុជា​ បាន​សរសេរ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ក្នុង​ន័យ​ដើមថា៖

«ទន្ទឹម​នឹង​មានការ​ប្រសើរ​មួយ​ចំនួន​នេះ​ យើង​ខ្ញុំ​ក៏​ឃើញ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួនដូចជា​ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ កូដកម្ម​ ​បាតុកម្ម​ មានការថយ​ចុះសិទ្ធិ​កម្មករ​ក្នុង​ការ​ចូលរួម​ជាមួយ​សហជីព​ ការ​ចរចា​ផ្សេងៗ​ និង​សិទ្ធិ​សហជីព​ឯករាជ្យ ​ក្នុង​ការ​តំណាងឲ្យ​កម្មករ​ ​នៅ​ពេល​ដោះស្រាយ​បញ្ហា​ជូន​កម្មករ»។

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​ការងារ​កម្ពុជា​ បាន​ធ្វើឡើង​បី​ថ្ងៃ​មុន​ ការ​ចេញ​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ហៅ​កាត់​ (ILO) ​ដែល​បាន​ពណ៌នា​ អំពីការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាពលើ​សកម្ម​ភាព​របស់​ក្រុម​សហជីព​ក្នុង​ចំនួន​ដ៏​ច្រើនតាម​អំណាច​តុលាការ​ និង​មាត្រា​ចែង​ក្នុង​ច្បាប់​សហជីព​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​ជាច្រើន​ ទាក់ទិន​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​តំណាង​ដោយ​សេរី​និង​ការ​រំលាយ​ចោល​អង្គការ​ជា​តំណាង​នានា។

របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ​បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ ស្នើ​ឲ្យ​មាន​វិសោធនកម្ម​លើ​ចំណុចជាច្រើន​ដែល​បាន​សរសេរ​ក្នុង​ច្បាប់​សហជីព ដើម្បី​ធានា​បាន​ថា​ កម្មករ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការិយាល័យ​សហជីព​នៅ​ពេល​កម្មករ​ឈាន​ដល់​អាយុ​ដែល​អាច​ឈរ​ឈ្មោះ​បាន​ ហើយ​នឹង​ការ​បើក​សិទ្ធិ​ឲ្យ​សមាគមសហជីព​ និង​និយោជក​ ធ្វើការ​រំលាយ​អង្គភាព​របស់​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់​ដោយ​អង្គភាព​ទាំងនោះដោយ​ខ្លួនឯង។

ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក៏​ជួប​បញ្ហា​ស្រដៀង​គ្នា​នឹង​កម្ពុជា​ក្នុង​ការងារ​ចងក្រង​សមាគម ​ដែល​រួមមាន​ប្រទេស​ អាល់ហ្យេរី​ អង់ហ្គោឡា​ បង់ក្លាដេស​ បុតស្វាណា​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ចិន​ អាល្លឺម៉ង់ និង​ម៉ាឡេស៊ី​ជាដើម។​ នេះ​បើ​យោង​តាម​បាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តី​ពី«ការ​អនុវត្ត​បទដ្ឋាន​ការងារ​អន្តរជាតិ​ឆ្នាំ​២០១៨»។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា បញ្ហា​សិទ្ធិ​សេរីភាព​របស់​កម្មករ​ និង​សហជីព​ គឺ​ជា​បញ្ហា​អាទិភាព​ ដែល​ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករទាមទារ​ឲ្យ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ត្រូវដោះស្រាយ​ឲ្យបាន​មុនគេ​ មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​ការងារផ្សេងៗ​ទៀត។

«បញ្ហា​សេរីភាព​ត្រូវ​តែ​ដោះស្រាយ​មុន​ បើ​សិន​ជា​កម្មករ​របស់​យើង​មាន​សេរីភាព​ សហជីព​មាន​សេរីភាព​ មានន័យថា​ គាត់​អាច​ចរចា​ ដើម្បី​ដោះស្រាយ​បញ្ហា​ ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ ​បញ្ហា​សុខភាព​របស់​កម្មករ​បាន​ ហើយ​នៅ​ពេល​ដែល​យើង​មាន​លទ្ធភាព​ មានឱកាស​ហ្នឹងហើយ​ គឺ​អាច​ដោះស្រាយ​ទៅ​ជាមួយ​នឹង​ខាង​ រដ្ឋាភិបាល​ ឬ​ក៏​ទៅ​ក្រុមហ៊ុន​អាច​ដោះស្រាយ​បញ្ហា​របស់​គាត់​បាន»។

VOA មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ខេន លូ​ (Ken Loo) អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​ VOA​ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង​ សួ​ នៅ​ថ្ងៃ​ពុធ​ដដែល​នេះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​ការងារ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រឿងក្តី​ ដែល​មាន​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ប្តឹង​ប្រឆាំង​នឹង​សមាជិក​នៃ​សហភាព​នេះ​ មាន​ចំនួន​ ៤៣ករណី​ ពាក់​ព័ន្ធ​នឹង​បុគ្គល​ ចំនួន​ ៦០៤នាក់​ ក្នុង​នោះ​ មាន​ ១៧៧នាក់​ជា​បុរស​ បើ​ប្រៀប​ធៀប​ឆ្នាំ​ ២០១៦​ ​មានការ​កើន​ឡើង​រហូតដល់ ១៧ករណី​ និង​ជាប់​ពន្ធនាគារ​ចំនួន​ ០១​នាក់​ ដែល​ជា​បុរស។​ សហភាព​ការងារ​កម្ពុជា​ បាន​រក​ឃើញ​អំពើ​ហិង្សា​រហូត​មាន​របួស​ស្នាម​ចំនួន​ ៤ករណី​ និង​ការ​បញ្ឈប់​ពី​ការងារ​មាន​ចំនួន​ជាង​ ១០០០នាក់។

ទាក់​ទិន​នឹង​ការប្តឹង​ផ្តល់​តំណាង​សហជីពទៅ​តុលាការ​នេះ​ ​លោក​ ជិន​ ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ថា​ តុលាការ​បាន​ធ្វើទៅ​តាម​នីតិវិធី​ច្បាប់​ដែល​បាន​ចែង​សម្រាប់​ធ្វើ​ការ​ចោទប្រកាន់​ក្នុងរឿង​ក្តី​នីមួយៗ​។ លោក​បាន​លើកឡើង​ថា ប្រសិន​បើ​ក្រុម​សហជីព​មានភស្តុ​តាង​ណាមួយ​ដែល​សំអាង​ថា​ តុលាការ​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​នីតិវិធី​ច្បាប់​ ក្រុម​សហជីព​អាចយក​មក​បង្ហាញ​ ដើម្បី​តទល់​ក្តីក្នុង​តុលាការ។

«បើ​សិន​ជា​គាត់មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់​ណ៎ា​ គាត់​អាចផ្តល់​មេធាវី ឬក៏​ដើម្បី​ធ្វើការ​ការ​ពារ​ក្តី​ហ្នឹង​នៅ​តុលាការ​ណ៎ា​ បើ​សិន​បើមាន​មូលដ្ឋាន​ច្បាស់​លាស់​ ដើម្បី​ធ្វើឲ្យ​បាន​ការ​ឈ្នះ​ក្តី​នៅ​តុលាការ។ ហើយ​បើ​សិន​មិន​មានមូលដ្ឋាន​ច្បាប់ច្បាស់​លាស់​ទេ​ ហើយ​គាត់​ចាំ​តែ​ចោទ​ ក្រោម​រូបភាព​នយោបាយ​ផ្សេងៗ​ហ្នឹង​ អាហ្នឹង​មិន​អាច​ មិនមែន​ជា​ការ​ចោទប្រកាន់​មួយ​ដែល​សមស្រប​ និង​អាច​ទទួលយក​បាន​នោះទេ​បាទ»។

អ្នក​នាំពាក្យ​រូប​នេះ​ បាន​អះអាង​ផង​ដែរ​ ច្បាប់​សហជីព​ បាន​រួមចំណែក​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​តវ៉ា​អនាធិបតេយ្យ​នៅ​តាម​រោងចក្រ​ សហគ្រាស​ផង​ដែរ។ ​លោក​ថា​ អ្នក​ដែល​យល់​ថា​ ច្បាប់​នេះ​មានការ​រឹតត្បិត​ ក៏​ព្រោះ​តែ​អ្នកនោះ​ធ្លាប់​ធ្វើ​សកម្មភាព​ដែល​គ្មាន​ច្បាប់​ទម្លាប់​ពី​មុន​មក​ ក្នុង​ការ​តវ៉ា​ដោះ​ស្រាយ​វិវាទ​ការងារ​។

«អីចឹង​ទេ​ បានន័យ​ថា​ យើង​ធ្វើ​បាន​ផល​ច្រើន​ ហើយវា​មិន​មែន​ជា​ការ​រឹតត្បិត​នឹង​សិទ្ធិ​សេរីភាព​របស់​កម្មករ​នោះ​ទេ​ ពីព្រោះ​ថា​ ស្ថាន​ការណ៍​ញុះញង់​ និន្នាការ​នយោបាយ​ ក្រុម​បង​ធំ​ បង​តូច​ដែល​បង្ក​ ភាព​អនាធិបតេយ្យប៉ះពាល់​ដល់​អ្នក​វិនិយោគ​អីហ្នឹង​ គឺ​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​។ អីចឹង​យើង​គិត​ថា​ ច្បាប់​នេះ​ វា​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សង្គម​ណាស់​ គ្រាន់​តែ​ថា​ យើង​ចង់​កែ​ ទាល់តែ​គ្រប់​ភាគី​ហ្នឹង​មក​អង្គុយ​ជជែក​តើ​វា​មាន​បញ្ហា​អី​?​ ហើយ​បញ្ហា​ហ្នឹង​វា​ប៉ះពាល់​ដល់​សង្គម​ ឬ​អត់​ ឬមួយ​ក៏​ប៉ះ ពាល់​ដល់​ប្រយោជន៍​បុគ្គល​ ប្រយោជន៍​ក្រុម​ ឬ​ក៏​បក្ស​នយោបាយ»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ មាន​កម្មករ​និយោជិត​ដួល​សន្លប់ចំនួន​១៦០៣​នាក់​ ក្នុង​ចំណោម​ ២២ ​ក្រុមហ៊ុន​ បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៦ ​មាន​កម្មករ​ដួល​សន្លប់​ចំនួន​ ១១៦០​នាក់​ ក្នុង​ចំណោម​ ១៨ ក្រុមហ៊ុន ​មានការ​កើន​ឡើង​ចំនួន​ ៤៤៣នាក់​ ក្នុង​អំឡុង​ពេល​ធ្វើការ​ដោយសារ​សុខ​ភាព​ខ្សោយ​ ធ្វើការ​យូរឆ្នាំ​ ថែម​ម៉ោង​ ហួសកម្លាំង​ បរិយាកាស​មិនល្អ​ និង​ជាតិ​គីមី​ផ្សេងៗ។ ​ជាង​នេះ​ទៅ​ទៀត​ មាន​កម្មករ​និយោជិត​គ្រោះថ្នាក់​ការងារ​ចំនួន​ ៣៦២ ​ករណី​ មានអ្នក​គ្រោះថ្នាក់​សរុប​ចំនួន​ ១៩៨៩​ នាក់​ ក្នុង​នោះ​ មាន​ស្លាប់​ចំនួន​ ២៦នាក់​ (ក្នុងរយៈពេល​០៩ខែ​ បើតាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​២០១៧)។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​បញ្ជាក់​បន្ថែម​តាម​ន័យ​ដើម​ថា៖

«ហេតុនេះ​ យើង​ខ្ញុំ​ស្នើ​ស្ថាប័ន​រដ្ឋសភា​ រាជរដ្ឋាភិបាល​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​មេត្តា​បន្ត​យក​ចិត្ត​ទុកដាក់​ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ប្រសើរ​ ជាពិសេស​រាជរដ្ឋាភិបាល​ត្រូវ​កែប្រែ​មន្ត្រី​មួយចំនួន​ដែល​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​ ឬ​សហការ​ជាមួយ​និយោជក​ និង​ដាក់​ទោស​មន្ត្រី​ទាំងនោះ​ រួម​ទាំងនិយោជក​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ដើម្បី​ឲ្យ​មាន​ការ​រាងចាល»៕