អ្នកភូមិម្នាក់ស្លាប់ និង២៧នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីសប្តាហ៍មុន ដោយអាជ្ញាធរសង្ស័យពុលស្រាស ដែលពួកគេពិសាក្នុងពិធីបុណ្យសពមួយ ក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមមេឃុំកំពង់ពោធិ៍។
លោក ជី ភឿន មេឃុំកំពង់ពោធិ៍ ក្នុងស្រុកក្រគរ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ករណីប្រជាពលរដ្ឋម្នាក់ស្លាប់ និង២៧នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារ«ពុលស្រាស» ដោយលោកយោងតាមការពិនិត្យរបស់គ្រូពេទ្យ បន្ទាប់ពីអ្នកជាសះស្បើយបានចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ។
លោកបន្ថែមថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកចូលរួមបុណ្យសព បានដេកស្លាប់ ខណៈ២៧នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ រហូតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកបញ្ជាក់ថា៖ «បាទ ពុលស្រាស ជាសះស្បើយអស់ហើយ មកដល់ផ្ទះអស់ហើយ»។
វីអូអេមិនពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បាននៅឡើយទេ។
លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ប្រាប់វីអូអេថា លោកមិនទាន់អាចបញ្ជាក់មូលហេតុច្បាស់លាស់ថា តើករណីនេះបណ្តាលមកពីពុលស្រា ឬយ៉ាងណាទេ ដោយលោករង់ចាំលទ្ធផលនៃការពិនិត្យស្រាដែលពួកគេបានពិសា។
លោកថ្លែងថា៖ «បាទ ពាក់ព័ន្ធនឹងករណីនេះ គឺយើងអត់ទាន់អាចសន្មត់យ៉ាងម៉េចទេ ដោយសារពាក់ព័ន្ធនឹងការពុល បើសិនជាពុល គឺខាងកាំកុងត្រូល គាត់យកស្រាហ្នឹងទៅពិនិត្យ ហើយមិនទាន់បានចេញលទ្ធផលនៅឡើយទេ។ ពាក់ព័ន្ធមួយទៀតការធ្វើកោសល្យវិច័យរបស់ពេទ្យ ក៏មិនទាន់បានចេញលទ្ធផលថា បុគ្គលនោះពុលស្រាដែរបាទ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ពន្យល់ថា ការពុលស្រាសនៅតែកើតឡើងជាបន្ដបន្ទាប់នៅតាមបណ្ដាខេត្ត។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ លោកបន្ថែមថា ជនឆ្លៀតឱកាសមួយចំនួនបាននាំស្រាក្លែងក្លាយចូលកាន់តែច្រើន និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
អ្នកជំនាញវេជ្ជសាស្រ្តរូបនេះបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់ការពុលស្រាសឱ្យមានប្រសិទ្ធភាព ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យ រឹតបន្តឹងរាល់ផលិតផលនាំចូល និងក្នុងស្រុកទាំងអស់ ដើម្បីទប់ស្កាត់ការនាំចូលស្រាក្លែងក្លាយចូលក្នុងប្រទេស។
លោកបន្ដថា៖ «ដើម្បីឱ្យមានប្រសិទ្ធភាពឡើងវិញ កុំឱ្យមានស្រាក្លែងក្លាយនាំចូលដែលក្រសួងពាក់ព័ន្ធទាំងអស់ហ្នឹងចេញមកជួយដោះស្រាយរកវិធានការ ដូចជាក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងមហាផ្ទៃ។ ប៉ុន្មានក្រសួងហ្នឹង គឺត្រូវចុះត្រួតពិនិត្យរាល់ផលិតផលទាំងអស់នេះ ដើម្បីកុំឱ្យមានការក្លែងក្លាយអ៊ីចឹងទៀត។ វាអាចប៉ះពាល់ដល់សុខភាព។ ប្រជាពលរដ្ឋយើងអាចនឹងស្លាប់បន្ដបន្ទាប់ទៀត បាទ»។
គួររំឭកថា កាលពីខែឧសភា ឆ្នាំ២០២១ មនុស្ស១៣នាក់ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់ជាបន្តបន្ទាប់ ដោយសារពុលស្រាបិត ឬស្រាថ្នាំ ដែលត្រូវបានរកឃើញថា មានសារធាតុមេតាណុលលើសកំណត់។ ករណីពុលស្រាសនេះក៏កើតឡើងនៅតាមជនបទក្នុងបណ្តាខេត្តមួយចំនួនទៀត ដែលស្រាសនៅតែពេញនិយមសម្រាប់ប្រជាពលរដ្ឋក្រីក្រ៕