នគរបាលនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពតបានឱ្យដឹងថាមនុស្សពីរនាក់ត្រូវបានឃាត់ខ្លួនក្រោយមានករណីសង្ស័យថាជាការពុលស្រាស ដែលបណ្តាលឲ្យមនុស្សយ៉ាងហោច៩នាក់ស្លាប់គិតចាប់តាំងពីសប្តាហ៍មុនមកដល់ថ្ងៃចន្ទម្សិលមិញនេះ។
មនុស្សប្រមាណជិត៤០នាក់ ទៀតត្រូវបាននាំយកមកព្យាបាលក្រោយការទទួលទានស្រាសនេះនៅក្នុងពិធីបុណ្យសពនិងតាមផ្ទះរបស់ពលរដ្ឋរៀងខ្លួនក្នុងឃុំកំពង់ត្រាចខាងកើតក្នុងស្រុកកំពង់ត្រាចដែលមានពិធីរៀបចំបុណ្យសពនោះ។ពិធីបុណ្យសពដែលអាជ្ញាធរមិនអនុញ្ញាតឲ្យមានមនុស្សចូលរួមច្រើនក្រោមហេតុផលនៃការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តកំពត។
លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអាជ្ញាធរមានសមត្ថកិច្ចបានស្នើសុំជំនួយពីព្រះរាជអាជ្ញាខេត្តដើម្បីនាំខ្លួនមនុស្សពីរនាក់ដែលសង្ស័យថាជាអ្នកបិតស្រាសនោះ។
ជនសង្ស័យទាំងពីរពេលនេះកំពុងស្ថិតក្នុងស្នងការដ្ឋាននគរបាលខេត្តកំពត ខណៈអាជ្ញាធរខេត្តរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វេជ្ជសាស្ត្ររាជធានីភ្នំពេញដែលកំពុងពិនិត្យសារធាតុដែលប្រើប្រាស់សម្រាប់ផលិតស្រាស។
លោកស្នងការនគរបាលខេត្តកំពតបញ្ជាក់ថា៖ «បាទយើងយកមក នៅដាក់គាត់នៅកន្លែងស្នងការដ្ឋានយើងនេះបណ្តោះអាសន្នសិនពីព្រោះយើងរង់ចាំលទ្ធផលពិនិត្យពីភ្នំពេញមកវិញសិន»។
បើតាមលោកស្នងការអ្នកដែលត្រូវបានបញ្ជូនមកព្យាបាលក្រោយការហូបស្រាស ក្នុងឃុំកំពង់ត្រាចខាងកើតនោះ មានអាការៈធូរស្រាលវិញហើយនិងមិនមានករណីស្លាប់ថ្មីបន្ថែមទៀតទេ។
លោកបញ្ជាក់ថា៖ «យើងបានចុះទៅមើលគាត់នៅមន្ទីរពេទ្យគឺស្ថានភាពគឺគាត់បានធូរស្រាលអស់ហើយ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកអូន ខន អភិបាលស្រុកកំពង់ត្រាចខេត្តកំពតបាននៅឡើយទេនៅថ្ងៃអង្គារនេះ។ ប៉ុន្តែលោកបានប្រាប់វិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសាកាលពីថ្ងៃចន្ទថាមនុស្សប្រមាណ៩នាក់បានស្លាប់ជាបន្តបន្ទាប់ គិតចាប់តាំងពី ថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ខែឧសភា។ អ្នកស្លាប់ទាំងអស់នោះមិនត្រូវបានរកឃើញថាមានជំងឺកូវីដ១៩នោះទេ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពតលោក យន់ ផល្លីថ្លែងថាការស៊ើបអង្កេតហ្មត់ចត់មួយគួរធ្វើឡើងដើម្បីឈានទៅកំណត់ប្រភពនៃអ្នកចែកចាយសារធាតុសម្រាប់ផលិតស្រាសនោះ។
លោកយន់ ផល្លីថ្លែងថា៖ «ក្នុងករណីនេះគួរតែធ្វើការស្រាវជ្រាវបន្តទៀតព្រោះថាតើ គាត់អ្នកដែលផលិតពីរនាក់នេះជាបងថ្លៃប្អូនថ្លៃនេះថា តើគាត់ទិញគេហៅថាវត្ថុធាតុដើមនោះ ចេញពីប្រភពណា? យើងត្រូវឲ្យរកពីប្រភព និងវត្ថុធាតុដើមក្នុងការផលិតរបស់គាត់ទាំងអស់ហ្នឹងតើយកចេញពីណា? អីចឹងសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវបន្តទៀតទៅក្នុងករណីនេះដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលទៅបណ្តាស្រុកឬក៏ខេត្តផ្សេងៗបន្តទៀតបាទ»។
លោកជឿថាអាជ្ញាធរមូលដ្ឋានទំនងជាមានការឆកល្វែងក្នុងការតាមដានឬពិនិត្យបច្ចេកទេសនៃការបិទស្រាសរបស់អាជីវករយកមកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ។
លោកថ្លែងប្រាប់វីអូអេថា៖ «នេះគឺជាគេហៅថាជំនាញ ជំនាញពាក់ព័ន្ធ។ ជំនាញពាក់ព័ន្ធឆកល្វែងបានន័យថាឆកល្វែងក្នុងការត្រួតពិនិត្យទៅដល់អ្នកដែលផលិតហ្នឹងដោយសារតែយើងមានការឆកល្វែងហ្នឹងហើយបានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ»។
កាលពីដើមខែឧសភាមានករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋ១៣នាក់បានស្លាប់ដោយសារស្រាសនោះដែលត្រូវរកឃើញក្រោយមកថាមានជាតិមេតាណុលខ្ពស់។
កាលពីខែធ្នូ ឆ្នាំ២០២០ មានករណីពុលស្រាស្លាប់យ៉ាងតិច៨នាក់ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផងដែរ។
ចាប់ពីឆ្នាំ២០១៥ដល់២០១៧ មានករណីពុលស្រាស ប្រមាណ៣៩០ករណី ដែលបណ្ដាលឲ្យមនុស្ស៥០នាក់ស្លាប់ នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងកំពង់ឆ្នាំង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕