រូបភាព​មួយ ​មុខ​មួយ ពេលវេលា​មួយ​របស់​អាមេរិក៖ ការថតរូប​លោក Donald Trump ចំពី​មុខ​សម្រាប់​ឯកសារ​ប៉ូលិស

រូបថតរបស់លោកអតីតប្រធានាធិបតី Donald Trump (កណ្តាល) ជាមួយនឹង​អ្នកផ្សេង​ទៀតដែលត្រូវបានចោទប្រកាន់នៅស្រុក Fulton County ក្នុងរដ្ឋ Georgia រួមទាំងអតីត​នាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows (ស្តាំខាងក្រោម) និងអតីតអភិបាល​ក្រុង New York លោក Rudy Giuliani (ឆ្វេងជាប់នឹង​លោក Trump) ផងដែរ។

ជាលើកទីមួយ​ក្នុងប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់ត្រូវ​បានចាប់ខ្លួន ​ហើយ​ត្រូវធ្វើ​តាមបែបបទដែល​ជា​ធម្មតា​ទាក់ទិន​ជាមួយ​អ្នកជួញ​ដូរគ្រឿងញៀន ​ឬអ្នក​បើកឡាន​ស្រវឹងស្រា នៅក្នុង​គុក​ក្រុង Atlanta កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែសីហា។ ក្នុងពេលតែមួយពព្រិចភ្នែក ម៉ាស៊ីនថតរូប​ក្នុងគុក​បានផ្តិត​រូបថត​របស់លោក Donald Trump។

អ្វីដែល​នៅសេសសល់ ​គឺ​រូបថតមួយសន្លឹក​ដែលនៅ​ឋិតថេរជានិច្ចនៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ។

លោក Marty Kaplan សាស្ត្រាចារ្យនៅមហាវិទ្យាល័យ​សារគមនាគមន៍ Annenberg នៃសាកលវិទ្យាល័យ Southern California បាន​និយា​យ​ថា «​រូប​ថត​នេះ​នឹងក្លាយជារូបថត​សំខាន់​មួយនៅពេល​នេះ​ និង​ពេលអនាគត»។

នៅក្នុងរូបថតនេះ លោក Trump ស្ថិតនៅ​មុខ​កាម៉េរ៉ា​នៅខាងក្រោយ​ពណ៌​ប្រផេះ ដោយ​ភ្នែក​លោកសំឡឹងចំកែវ​ប្រដាប់ថត​ដោយ​ទឹកមុខ​មាំ។

លោក​ពាក់អាវ​ធំ​ពណ៌ខៀវ អាវ​ពណ៌ស ​និង​ចងក្រាវ៉ាត់ក​ពណ៌ក្រហម។ ស្មាលោកគ្មានងាករេ ហើយ​ក្បាលលោក​ជម្រុលបន្តិច​ទៅកាន់កាម៉េរ៉ា។ រូបសញ្ញាប៉ូលិស​តំបន់​ត្រូវបានដាក់បញ្ចូល​តាម​វិធី digital នៅលើ​ស្មាស្តាំ​របស់លោក។

អ្នកខ្លះ​ក្នុងបណ្តា​មនុស្ស១៨នាក់​ទៀត​ដែល​ត្រូវបានចោទប្រកាន់​ជា​មួយលោក Trump នៅ​ក្នុង​រដ្ឋ Georgia បានញញឹមនៅពេល​ថត​រូប​សម្រាប់ឯកសារ​ប៉ូលិសដូចជាពួកគេ​ថត​រូប​សម្រាប់​ផ្សាយក្នុង​សៀវភៅ​រូបថតសិស្ស​វិទ្យាល័យ​ប្រចាំឆ្នាំ។ លោក Trump មិនបានញញឹមទេ​នៅ​ពេល​ថត​រូបនេះ។ គេ​ឃើញការរឹងទទឹងរបស់​លោក Trump ដោយ​ជាក់ស្តែង ដូច​ជា​លោក​សំឡឹង​មើល​សត្រូវ​ម្នាក់​តាមរយៈ​កែវ​ប្រដាប់ថត​នេះ។

នៅពេល​ក្រោយមក លោកបាន​និយាយ​ប្រាប់ Fox News Digital អំពីពេលនោះ​ថា «វាជា​ពេល​មួយមានអារម្មណ៍​មិនល្អទេ ជា​ពិសេសនៅ​ពេល​អ្នក​មិនបាន​ធ្វើ​អ្វីខុស»។

រូបថតនេះមិនដូចរូបថតឯទៀតទេ

រហូត​មក​ដល់​ពេលនេះ ​ការចោទប្រកាន់ដែល​លោក Trump ប្រឈម​ជា​ការឃើញធម្មតា​មួយក្នុងឆ្នាំ២០២៣​ សម្រាប់ជនជាតិអាមេរិកាំង​ដែល​បានឃើញលោកឈរ​នៅ​ចំពោះមុខ​ចៅក្រមម្នាក់ក្នុង​សាលតុលាការមួយ​នៅ New York ឬដែលបានឃើញរួប​គំនូរ​ពី​ខាងក្នុង​តុលាការសហព័ន្ធ​នៅទីក្រុង Miami និងរដ្ឋធានី Washington ដែល​នៅទីនោះ​កាម៉េរ៉ា​មិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលថត​ទេ។

លើកនេះ​ជាការខុស​ប្លែក​មួយ

លោក Anderson Cooper បាន​និយាយ​តាម​បណ្តាញទូរទស្សន៍ CNN ថា «អតីត​ប្រធានាធិបតី​ស.រ.អ.រូបនេះ​មាន​លេខ​អ្នកទោស​មួយ»។ លេខ​នេះគឺ​ P01135809។ តែមុន​ពេល​លោកប្រគល់ខ្លួនដើម្បី​ប្រឈមនឹង​ការចោទប្រកាន់​ថា ​ព្យាយាមបន្លំ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ២០២០ ​នៅ​រដ្ឋ Georgia ដែល​ជា​ការចោទប្រកាន់លោកជា​លើក​ទី​បួន លោកបាន​ជៀសវាងការថត​រូប​សម្រាប់​ឯកសា​រ​ប៉ូលិសដូចជា​មនុស្ស​រាប់លាន​នាក់​ដែលត្រូវបានចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​មុនលោក។

ដូចជនជាតិ​អាមេរិកាំង​ទាំងអស់ដែរ លោក Trump គ្មាន​ទោសពៃរ៍ទេ រហូត​ដល់​ត្រូវរក​ឃើញ​ថា​មានទោស​នៅ​ក្នុង​តុលាការ។ ប៉ុន្តែការថត​រូប​សម្រាប់ឯកសារប៉ូលិស​នាំឱ្យ​មានអារម្មណ៏​ក្តុកក្តួលផ្នែកផ្លូវចិត្ត​និងផ្នែក​វប្បធម៌​បន្ថែម។

ការថត​រូប​សម្រាប់ឯកសារប៉ូលិសជាភាពតំណាងដោយ​ស្វ័យប្រវត្តិមួយ​នៃប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ គឺ​ជា​និមិត្តរូបមួយ​នៃការបាត់បង់​សេរីភាព។ វានាំឱ្យមាន​ការនឹក​ឃើញ​ជា​អចិន្ត្រៃយ៍ថា ជា​ថ្ងៃ​អាក្រក់​មួយ​ក្នុងជិវិតមនុស្សម្នាក់ ហើយមិនមែនជារូបថត​សម្រាប់​យកមកទុក​ក្នុងសៀវភៅទេ។ វា​ជា​ការ​ប្លែក​មួយ ជាពិសេស​សម្រាប់បុរស​ម្នាក់​ដែលកើតក្នុងគ្រួសារមាន​បុព្វសិទ្ធិ ដែល​ចូលចិត្ត​ត្រួតត្រា ដែល​យកចិត្ត​ទុកដាក់ខ្លាំង​លើ​មុខមាត់​ខ្លួន​ឯង ​ហើយដែល​បានកាន់​តំណែងជា​ឥស្សរជន​មានអំណាចបំផុត​ក្នុង​ពិភពលោក៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ