បន្ទាប់ពីមហាគណៈវិនិច្ឆ័យតុលាការរដ្ឋ Georgia បានចោទប្រកាន់លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបុគ្គល ១៨ នាក់ផ្សេងទៀតថាបានប្រឹងប្រែងប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ មក ថ្នាក់ដឹកនាំខាងគណបក្សប្រជាធិបតេយ្យបានហៅវិធានការនេះថាជាការបង្ហាញឱ្យឃើញថាគ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ ស្របពេលដែលសមាជិកល្បីឈ្មោះមួយចំនួនខាងគណបក្សសាធារណរដ្ឋថា វិធានការនេះគឺជាសកម្មភាពដែលមានលក្ខណៈនយោបាយប្រឆាំងនឹងបេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា និងលោក Hakeem Jeffries មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅរដ្ឋសភា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ការចោទប្រកាន់របស់មហាគណៈវិនិច្ឆ័យតុលាការកាលពីថ្ងៃចន្ទនិងការចោទប្រកាន់ ៣ លើកមុននេះទៀតបានបង្ហាញឱ្យឃើញអំពី «លំនាំម្ដងហើយម្ដងទៀតនៃទង្វើឧក្រិដ្ឋរបស់លោកអតីតប្រធានាធិបតី [Trump]»។
លោក Schumer និងលោក Jeffries បានបញ្ជាក់ដូច្នេះថា៖ «វិធានការដែលធ្វើឡើងដោយរដ្ឋអាជ្ញាថ្នាក់រដ្ឋប្រចាំស្រុក Fulton រួមជាមួយនឹងវិធានការដែលធ្វើឡើងដោយរដ្ឋអាជ្ញាថ្នាក់រដ្ឋនិងថ្នាក់សហព័ន្ធផ្សេងទៀត បានបញ្ជាក់ម្ដងទៀតឱ្យឃើញអំពីជំនឿរួមដែលថានៅក្នុងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់ សូម្បីតែប្រធានាធិបតី អាចស្ថិតនៅពីលើច្បាប់បានទេ»។
ប្រធានរដ្ឋសភាលោក Kevin McCarthy ខាងគណបក្សសាធារណរដ្ឋបានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ដែលពីមុនហៅថា Twitter ថា លោកប្រធានាធិបតី Joe Biden «បានប្រើរដ្ឋាភិបាលធ្វើជាអាវុធដើម្បីប្រឆាំងនឹងគូប្រជែងនយោបាយនាំមុខរបស់លោកក្នុងគោលបំណងជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ»។
លោក McCarthy បានចោទប្រកាន់រដ្ឋអាជ្ញាថ្នាក់រដ្ឋប្រចាំស្រុក Fulton អ្នកស្រី Fani Willis ថាបាន «វាយប្រហារលើលោក [អតីត] ប្រធានាធិបតី Trump និងប្រើប្រាស់ការវាយប្រហារនេះដើម្បីរៃអង្គាសថវិកាសម្រាប់អាជីពនយោបាយរបស់ខ្លួន»។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nikema Williams ដែលមណ្ឌលរបស់អ្នកស្រីរួមបញ្ចូលទាំងផ្នែកមួយនៃស្រុក Fulton ផងដែរ បាននិយាយថា លោក Trump បានព្យាយាមដកសិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Georgia ដោយសារតែលោកមិនពេញចិត្តនឹងលទ្ធផលនៃការចាញ់នៅក្នុងការបោះឆ្នោតដ៏ត្រឹមត្រូវកាលពីឆ្នាំ ២០២០។
អ្នកស្រី Williams បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ដែលពីមុនហៅថា Twitter ថា៖ «នោះគឺជាការបំពានលើលទ្ធិប្រជាធិបតេយ្យរបស់យើង។ ប៉ុន្តែ នៅក្នុងស្រុក Fulton យើងអនុវត្តច្បាប់ដោយស្មើភាពគ្នាចំពោះមនុស្សគ្រប់រូប សូម្បីតែចំពោះអតីតប្រធានាធិបតីដែលចាញ់ឆ្នោតក៏ដោយ»។
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី Hillary Clinton ដែលបានចាញ់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ បាននិយាយនៅក្នុងទូរទស្សន៍ MSNBC ថា ការណ៍ដែលអតីតប្រធានាធិបតីមួយរូបត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសំខាន់ៗ «គឺជាដំណាក់កាលដ៏អាក្រក់សម្រាប់ប្រទេសរបស់យើង»។
អ្នកស្រី Clinton ថ្លែងដូច្នេះថា៖ «ការពេញចិត្តតែមួយគត់គឺប្រហែលជាដូចនេះគឺថាប្រព័ន្ធនេះមានដំណើរការល្អ រាល់កិច្ចប្រឹងប្រែងទាំងអស់របស់លោក Donald Trump សម្ព័ន្ធមិត្តរបស់លោក និងអ្នកជួយជ្រោមជ្រែងលោកនៅក្នុងការព្យាយាមបំបិទសច្ចភាព នៅក្នុងការព្យាយាមបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្ហាញឡើងឱ្យឃើញយ៉ាងច្បាស់ ហើយយុត្តិធម៌កំពុងត្រូវបានបន្តសម្រេចឱ្យបាន»។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋលោក Jim Jordan បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ថា ការចោទប្រកាន់របស់គណៈវិនិច្ឆ័យតុលាការកាលពីថ្ងៃចន្ទ «គឺគ្រាន់តែជាការវាយប្រហារផ្នែកនយោបាយថ្មីចុងក្រោយបង្អស់មួយប៉ុណ្ណោះនៅក្នុងការតាមព្យាបាទរបស់គណបក្សប្រជាធិបតេយ្យលើលោក [អតីត] ប្រធានាធិបតី Trump»។
លោក Jordan បានបន្ថែមថា៖ «លោក [Trump] មិនបានធ្វើអ្វីខុសនោះទេ!»៕
ប្រែសម្រួលដោយលោក ភី សុភាដា