អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទចោទដែលលោកធ្វើសកម្មភាពទុច្ចរិតដើម្បីព្យាយាមកែប្រែលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅរដ្ឋ Georgia កាលពីឆ្នាំ ២០២០។ ការចូលខ្លួនដែលបានប្រព្រឹត្តទៅអស់រយៈពេល ២០ នាទីនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ត្រូវបានគេចាប់ថតមុខសម្រាប់ទុកជាកំណត់ត្រារបស់ប៉ូលិស។
លោក Trump ត្រូវបានគេដោះលែងវិញក្រោយពីបានបង់ប្រាក់សុំនៅក្រៅឃុំចំនួន ២ សែនដុល្លារ ហើយលោកបានត្រឡប់ទៅកាន់អាកាសយានដ្ឋានវិញដើម្បីធ្វើដំណើរតាមយន្ដហោះទៅកាន់ផ្ទះរបស់លោកនៅរដ្ឋ New Jersey។ លោក Trump បានលើកមេដៃឡើងពីក្នុងកញ្ចក់រថយន្ដរបស់លោក ខណៈដែលក្បួនរថយន្ដរបស់លោកបានចេញទៅបាត់។ ដោយមិនទទួលកំហុសប៉ុន្តែមានទឹកមុខហាក់ក្រៀមក្រំក្រោយពីចូលបង្ហាញខ្លួននៅពន្ធនាគារ លោក Trump បានទទូច ដូចដែលលោកបានទទូចម្ដងហើយម្ដងទៀតថា លោក«មិនបានធ្វើអ្វីខុសនោះទេ» ហើយលោកបានហៅករណីចោទប្រកាន់លោកថា ចង់កែប្រែលទ្ធផលនៃការបោះឆ្នោតនេះថាជា«ការចំអកឱ្យភាពយុត្តិធម៌»។
លោក Trump បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានមុនពេលលោកឡើងយន្ដហោះថា៖ «ប្រសិនបើអ្នកចង់តវ៉ានឹងដំណើរការបោះឆ្នោតមួយ អ្នកគួរតែអាចតវ៉ានឹងដំណើរការបោះឆ្នោតនោះបាន»។
ការចូលខ្លួនរបស់លោក Trump ឱ្យប៉ូលិសចាប់ខ្លួន ដែលនេះជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ឥឡូវនេះបានក្លាយទៅជារឿងមួយដែលកើតឡើងជាទៀងទាត់នៅរដូវបោះឆ្នោតដែលបានក្លាយជាទស្សនីយភាពមួយមិនធ្លាប់មានពីមុនមកសម្រាប់អតីតប្រធានាធិបតីម្នាក់ និងជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនាក្នុងពេលបច្ចុប្បន្ន ដែលមានបទចោទព្រហ្មទណ្ឌ។ ប៉ុន្តែការចូលខ្លួនរបស់លោកទៅកាន់ពន្ធនាគារក្នុងទីក្រុង Atlanta នេះគឺជារឿងមួយដែលខុសពីការចូលខ្លួនកាលពី ៣ លើកមុន ដែលលើកនេះលោកបានចូលខ្លួននៅពេលយប់ និងមានការតម្រូវឱ្យលោកចូលខ្លួនទៅកាន់ពន្ធនាគារ មិនមែនត្រឹមតែទៅតុលាការនោះទេ។ ព្រឹត្តិការណ៍នេះមិនមែនកើតឡើងនៅទីក្រុងតំបន់សេរីនិយមដូចជានៅទីក្រុង New York ឬនៅរដ្ឋធានីវ៉ាស៊ីនតោននោះទេ ប៉ុន្តែវាបានកើតឡើងនៅរដ្ឋមួយដែលមានការប្រកួតប្រជែងខ្លាំង ដែលត្រូវបានគេមើលឃើញថាគឺជារដ្ឋសំខាន់មួយដែលអាចកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខបាន។
ហើយមិនមែនដូចនៅក្នុងទីក្រុងដទៃទៀត ដែលមិនបានតម្រូវឱ្យលោកឈរថតរូបសម្រាប់កំណត់ត្រាប៉ូលិសនោះទេ ប៉ុន្តែនៅទីក្រុង Atlanta នេះ គេបានថតមុខលោកសម្រាប់ជាកំណត់ត្រារបស់ប៉ូលិសថែមទៀតផង។ នេះបើយោងតាមការបញ្ជាក់របស់មនុស្សម្នាក់ដែលបានដឹងអំពីរឿងនេះដែលបាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែមិនមានសិទ្ធិដើម្បីនិយាយអំពីរឿងនេះបាន។
ការចូលខ្លួនទៅកាន់ពន្ធនាគាររបស់លោក Trump បានបង្កើតជាទិដ្ឋភាពពីរដំណាលគ្នាដ៏លេចធ្លោក្នុងអំឡុងពេលនៃការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ ដែលលោកនៅតែជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនាំមុខគេនៅក្នុងគណបក្ស ហើយហេតុការណ៍នេះបានកើតឡើងក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការជជែកពិភាក្សាដេញដោលគ្នារវាងបេក្ខជនពីគណបក្សសាធារណរដ្ឋនៅក្នុងទីក្រុង Milwaukee ដែលមិនមានវត្តមានលោក Trump ប៉ុន្តែដែលបេក្ខជន ៨ នាក់ក្នុងចំណោមគូប្រជែងនាំមុខរបស់លោកទាំងអស់បានព្យាយាមកេងចំណេញពីអវត្តមានរបស់លោក។
យន្ដហោះដែលលោក Trump ជិះបានចុះចតនៅទីក្រុង Atlanta នៅម៉ោងជាង ៧ យប់ (ត្រូវនឹង៦ ព្រឹកថ្ងៃសុក្រនៅកម្ពុជា) ហើយលោកបានបន្ដជិះរថយន្ដទៅកាន់ពន្ធនាគារដើម្បីថតរូបសម្រាប់កំណត់ត្រារបស់ប៉ូលិស។ ដោយពាក់អាវសនិងក្រវាត់កពណ៌ក្រហមដែលលោកឧស្សាហ៍ពាក់ លោក Trump បានគ្រវីដៃឡើងនិងបានលើកមេដៃឡើងខណៈពេលដែលលោកបានឈានជើងចេញពីយន្ដហោះឯកជនរបស់លោក៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា