តុលាការ​ឃុំ​ខ្លួន​ពលរដ្ឋ​ម្នាក់ ​និង​កោះ​ហៅ​៨​នាក់​ទៀត​ក្នុង​ទំនាស់​ដី​ធ្លី

ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​នៅក្នុង​ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះលែង​អ្នក​ភូមិ​ម្នាក់។ (ស៊ុន ណារិន/VOA)

ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់ ​កាល​ពី​ម្សិលមិញ​នេះ។​ ពលរដ្ឋ​បាន​ចាត់​ទុក​ថា​ ​ការ​​សម្រេច​ឃុំ​ខ្លួន​ដោយ​​តុលាការ​ខេត្ត​កំពង់ស្ពឺ​នេះ​ជា​រឿង​អយុត្តិធម៌។ ​

ប្រជាជន​ប្រមាណ​២០​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្មួល​ពី​ខេត្ត​កំពង់ស្ពឺ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ម្នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ម្សិលមិញ​ក្នុង​រឿង​ទំនាស់​ដីធ្លី។​

អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ​អ៊ី សុវណ្ណត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១០ខែ​មករា ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ​កាន់​កាប់​ដី​ធ្លី​ដោយ​ខុស​ច្បាប់ ​តែក្រោយ​ការ​សាកសួរ​ តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​នោះ។ ​ពួកគេ​មក​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​

លោក ម៉ុក ប្រុស​ អាយុ​៣៩​ឆ្នាំ ​មាន​ប្រសាសន៍​ថា តុលាការ​ពិត​ជា​អយុត្តិធម៌​សម្រាប់​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី។ ​លោក​បន្ត​ថា ​តុលាការ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ដែល​មាន​ជម្លោះ ​ហើយ​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​បាន​សង់​ផ្ទះ ​និង​ដាំដំណាំ​រួច​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​យល់​ថា​ ​តុលាការ​បែប​ជា​មាន​ភាព​លម្អៀង ​ឬ​អយុត្តិធម៌​ហើយ ​ដោយសារ​គាត់​បាន​ចុះ​ទៅ​មើល​ដី​ប្រជា​ពលរដ្ឋ​ ​ហើយគាត់​ឃើញ​ផ្ទាល់​ភ្នែក​ហើយ។ ហេតុ​អី​បាន​ជា​គាត់​មិន​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់?​ ឥឡូវ​មក​ចាប់​ប្រជា​ពលរដ្ឋ​មក​ដាក់​គុក​ លោក​ អ៊ី សុវណ្ណ»។​

បើ​តាម​ដីកា​កោះ​ហៅ​ ​ ​លោក​អ៊ី សំណាងត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​រំលោភ​កាន់​កាប់​លើ​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ។​

អ្នកស្រី ធី សុខា ភរិយា​របស់​អ្នកភូមិ​ម្នាក់​ឈ្មោះ អ៊ី សុវណ្ណ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន។ (ស៊ុន ណារិន/VOA)

ភរិយា​របស់​លោក ​អ៊ី សំណាង​ គឺ​អ្នកស្រី​ ធី សុខា ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤​ខែ​មករា​ផង​ដែរ។ ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ក្នុង​បទ​ចោទ​ប្រកាន់​ដូច​គ្នាមាន​ចំនួន​៩​នាក់។ ​ពួកគេ​បារម្ភ​ថា​ ​នឹង​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។​

ពលរដ្ឋ​ម្នាក់​ទៀតគឺ​លោក​ ម៉ក់ ចែម ​អាយុ​៦៧​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ដី​ធ្លី​នេះ​មាន​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៥ ​ហើយ​កាល​នោះ​លោក​ក៏​បាន​រង​របួស​ជើង​ ដោយ​សារ​រត់​គេច​ពី​ការ​បណ្តេញ​ចេញ​មួយ​ដែល​មាន​ការ​បាញ់កាំភ្លើង។​ លោក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា។​

លោក​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តីជួយ​ដោះស្រាយ​បញ្ហា​នេះ ​និង​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា៖​

«សំណូម​ពរ​ដល់​អ្នក​ជាប់​ឃុំ​ខ្លួន​នេះ ​ក៏​សូម​ឲ្យ​សម្តេច​ជួយ​ដោះ​ចេញ ​ក្នុង​ថ្ងៃ​ហ្នឹង​ ឬ​ថ្ងៃ​ស្អែក​ ឲ្យ​រួច​ផុត​ កុំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​ត​ទៅ​ទៀត។ ​អ៊ីចឹង ​សុំ​ឲ្យ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ជួយ​ឲ្យ​បាន​ចេញ​ឆាប់។ ​ទីពីរ​ចង់​ឲ្យ​ដោះស្រាយ​ដី​ធ្លី​ហ្នឹង​ឲ្យ​ផុត​ចប់​ហើយ​ មាន​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ឲ្យ​ច្បាស់​លាស់ ​កុំ​ឲ្យ​មាន​ការ​គាប​សង្កត់​បន្ត​ទៀត»។​

លោក​ចែម​បាន​អះអាង​ថា​ ប្រជា​ពលរដ្ឋ​បាន​ចាក​ចេញពី​ដី​ធ្លី​ជាច្រើនឆ្នាំ ​ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១២ ​ពួកគេ​បាន​សម្រេច​ចូល​ទៅ​នៅ​ដី​ចាស់​វិញ​ ក្រោយ​ឃើញ​មាន​ស្ថាន​ភាព​ស្ងប់​ស្ងាត់។ ​ប៉ុន្តែ​ការ​រស់​នៅ​ប៉ុន្មាន​ឆ្នាំ ​រហូត​មក​ដល់ចុង​ឆ្នាំ​២០១៨​នេះ​ ស្រាប់​តែ​មាន​ដីកា​កោះ​ហៅ​របស់​តុលាការ​ជា​បន្ត​បន្ទាប់។​

ពលរដ្ឋ​ម្នាក់​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​ សរសេរ​ញត្តិ​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់ព័ន្ធ។ (ស៊ុន ណារិន/VOA)

នៅ​ថ្ងៃ​សុក្រ​នេះ​ ​ប្រជា​ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​វត្ត​បុទុម​ ហើយ​ពួក​គេ​បាន​ធ្វើ​ញត្តិដើម្បី​ដាក់​ទៅ​នាយក​រដ្ឋមន្រ្តី​និង​អាជ្ញាធរ​ពាក់ព័ន្ធ។ ​ប្រជា​ពលរដ្ឋ​បាន​អះអាងថា​ អ្នក​មាន​ជម្លោះ​ដី​ធ្លី​មាន​ចំនួន​១៧​គ្រួសារ ​ដីទំនាស់​សរុប​មាន​ជាង​៤០​ហិកតា។ ​ពួកគេ​មាន​ជម្លោះជា​មួយ​បុគ្គល​ម្នាក់​ឈ្មោះ​ប៊ូ សុខគីម​ ដែល​បច្ចុប្បន្ន​មាន​តំណែង​ជា​អគ្គ​លេខាធិការ​រង ​អគ្គ​លេខាធិការដ្ឋាន​ក្រសួង​ការពារ​ជាតិ។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ប៊ូ សុខគីម បាន​នៅ​ឡើយ​ទេ។​

ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អះអាង​ថា​ បុគ្គល​បីនាក់​ផ្សេង​ទៀត​បាន​ចេញ​មុខ​ប្តឹង​ពួក​គេ​ ហើយ​ពលរដ្ឋ​អះអាង​ថា​ មិន​ដែល​ស្គាល់​ឈ្មោះ​នោះ​ទេ។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ គឺលោក ស៊ន វីរៈ​បាន​នៅ​ឡើយ​ទេ។​

លោក វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ទៅ​កាន់​កាប់​ដីរបស់​គេ​ខុស​ច្បាប់។ ​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖​

«ហ្នឹង​ហើយ ​គាត់​ទៅ​យក​ដី​គេ​ដែល​មាន​ប្លង់​កម្ម​សិទ្ធិ​ហ្នឹង​ណា៎។ ​យើង​ធ្វើ​ម៉េច? ក្រែង​ប្រទេស​យើង​ទាមទារ​ឲ្យ​មាន​នីតិ​រដ្ឋ?​ ក្រែង​អនុវត្ត​ច្បាប់ ឬ​ពូ​ឯង​ចង់​ឲ្យ​ប្រទេស​យើង​មាន​អានាធិបតេយ្យ?​ ត្រូវ​គេ​ប្តឹង​តែ​រហូត​ហ្នឹង​ ​តែ​យើង​អត់​ចេញ!​ ហើយ​ប្រុង​ឲ្យ​ខ្ញុំ​ឲ្យ​អ្នក​ដែល​កាន់​កាប់​ខុស​ច្បាប់ ​ឲ្យ​ខ្ញុំ​បាញ់​សម្លាប់​ ឬ​យ៉ាង​ម៉េច?​ យើង​ត្រូវ​រត់​រក​ប្រព័ន្ធ​ច្បាប់»។​

លោក​អភិបាល​ខេត្ត​បន្ត​ថា ​ដី​នោះ​ជា​ដី​របស់​លោក​ប៊ូ សុខគីម ​តែ​លោក​ប្រហែល​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង ​ដែល​បាន​ប្តឹង​ប្រជា​ពលរដ្ឋ។​

ពលរដ្ឋ​រង​គ្រោះ​ម្នាក់​គឺ​លោក​ម៉ក់ ចែម​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អភិបាល​ខេត្ត។ ​លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​មិន​ទុក​ចិត្ត​អាជ្ញាធរ​ខេត្ត​នោះ​ទេ ​ដោយ​សារ​ពួកគេ​យល់​ថា ​អាជ្ញាធរ​មាន​ទំនាក់​ទំនង​ជាមួយ​បុគ្គល​មាន​អំណាច៕