ក្រុមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បាននិយាយថាមានមនុស្សយ៉ាងហោចណាស់មួយនាក់បានស្លាប់នៅពេលប៉ុនប៉ងរត់គេចខ្លួនពីនាវាចម្លងដឹកទ្បាននៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរកោះកូហ្វូ (Corfu) ប្រទេសក្រិក។
ក្រុមមន្ត្រីឆ្មាំឆ្នេរសមុទ្របានបន្តថាពួកគេបានរកឃើញសាកសពជននោះ ដែលត្រូវបានដឹកដោយក្រុមអ្នកជួយសង្គ្រោះអ៊ីតាលី ទៅកាន់ប្រទេសអ៊ីតាលី។អ្នកដំណើររាប់រយនាក់បានជាប់គាំងនៅក្នុងនាវានោះនៅពេលដែលកងឧទ្ធម្ភាគចក្រក្រិកនិងអ៊ីតាលី បានព្យាយាមទៅដល់នាវាចម្លងមានបញ្ហានោះ ដើម្បីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលត្រូវបានបង្អាក់ដោយខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រធំៗ។
កងនាវាជំនួញនៅជិតទីនោះបានធ្វើជារបាំងការពារមួយនៅជុំវិញកប៉ាល់ដែលមានវិបត្តិនោះ នៅពេលដែលនាវាពន្លត់អគ្គីភ័យបានបើកទៅកាន់នាវាចម្លងនោះពី ផ្នែកទាំងសងខាងនៃសមុទ្រ Adriatic។
អគ្គីភ័យបានកើតមានទ្បើងនៅក្នុងកន្លែងដាក់ទ្បាននៃនាវាចម្លងអ៊ីតាលីឈ្មោះ Norman Atlantic ដែលធ្វើដំណើរពីកំពង់ផែប៉ាត្រាស (Patras) ប៉ែកខាងលិចនៃប្រទេសក្រិកទៅកាន់កំពង់ផែអង់កូណា (Ancona) ប្រទេសអ៊ីតាលី។
លោក Nikos Lagadianosអ្នកនាំពាក្យក្រុមឆ្មាំសមុទ្របាននិយាយថាមនុស្សប្រមាណ១៥០នាក់ក្នុងបណ្តាមនុស្សជិត៥០០នាក់ដែលជិះក្នុងនាវាចម្លងនោះមានសុវត្ថិភាព។
លោក Miltiadis Varvitsiotis រដ្ឋមន្ត្រីក្រសួងនាវាចរណ៍ក្រិកបាននិយាយថាធាតុអាកាសមិនល្អដោយមានខ្យល់ល្បឿន៨៨គ.ម.ក្នុងមួយម៉ោងបានធ្វើឲ្យការជួយសង្គ្រោះមានការពិបាក៕