ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ កម្មករ​​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង

ប្រជាពលរដ្ឋ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី១៣៧ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅក្នុង​ទិ​វាពលកម្ម​អន្តរជាតិខួបលើក​ទី១៣៧​នេះ​ កម្មករ​ស្នើរដ្ឋា​ភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ជូនពួក​គេ ដូច​ជាការ​គិត​គូ​រដំឡើងប្រា​ក់​ខែឱ្យ​បានសម​រម្យស្រប​នឹង​ការ​ចាយ​វាយ​ប្រចាំថ្ងៃ​ ​ការ​បង្កើតការងារ​ឱ្យ​បានច្រើន​ និ​ងការ​ផ្តល់ប​ណ្ណ​ថែទាំ​សុខ​ភាពដល់​ពួក​គេជាដើម​។

កំពុងចូល​រួម​ប្រារព្ធ​ទិ​វា​ពល​កម្ម​អន្តរ​ជាតិខួប​លើក​ទី១៣៧ ​នៅ​សួន​ច្បារទល់មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឈន៍​កម្ពុជា អ្នក​ស្រី​ ម៉ា ​ស្រីល័ក្ខ​ ​អាយុ​៣០ឆ្នាំ ​ស្នើ​រដ្ឋា​ភិបាល ​ជាពិសេស​ក្រសួង​ការងារឱ្យ​ពិចារណាក្នុង​ការ​ផ្តល់​ឱកាស​ការ​ងារ​ឱ្យ​កម្មករ​ធ្វើ​ឱ្យ​បា​នគ្រប់​គ្រាន់​ ​ព្រោះ​អ្នក​ស្រី​ថា​ ​រាល់ថ្ងៃ​អ្នកស្រី​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច ​ដោយសារ​កន្លែង​ការ​ងារ​មិនមា​នការ​ងារ​ពេញលេញធ្វើ ដែលជាហេតុនាំ​ឱ្យ​បាត់​បង់ចំណូល​ជាង​ពាក់កណ្តាល គឺ​បាន​ចំណូល​តែជាង​១០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។

​ស្ត្រី​មាន​ស្រុក​កំណើតនៅ​ខេត្តស្វាយ​រៀងដែល​បានជួល​បន្ទប់​មួយ​ដើម្បីធ្វើ​ការ​នៅ​រោង​ចក្រ​ស្បែក​ជើងនៅ​ម្តុំ​ផ្លូវ​វេង​ស្រេង​រូប​នេះ ​ត្អូញ​ត្អែ​រ​ថា​៖

«​ពួក​ខ្ញុំ​មួយ​អាទិត្យ ​ធ្វើ​ការ​៣​ថ្ងៃ​ ៤​ថ្ងៃ ​អត់​មាន​ការ​ងារ​ធ្វើ​ហើយ​ ​បំណាច់​ឆ្នាំ ក៏​គេ​កាត់​អស់​ ហើយ​ដាក់​ច្បាប់​រវល់​ទៀត អត់​មាន​ស៊ី ​[​ទទួល​បាន​លុយ​] ៥០%​ទេ ​ធ្វើ​ការ​មួយ​អាទិត្យ​៤​ថ្ងៃ​។ ​ហើយ​ឥឡូវ​ចូល​ទៅវិញ ធ្វើតែថ្ងៃ​ អង្គារ ​និងថ្ងៃពុធ​ ឈប់ទៀតហើយ ទាល់​ដល់​ថ្ងៃអង្គារ​ បានចូលវិញ។ អ៊ីចឹង​បាន​ខ្ញុំ​ចង់​ថា គ្រាន់​តែចង់​ឱ្យខាង​ក្រសួង [​ឱ្យ​កម្មករ​]​មាន​ការ​ងារ​ធ្វើ​គ្រប់​គ្រាន់​វិញ​អ៊ីចឹងហ្ហា»។

​អ្នកស្រី​បន្ថែមថា​ ចាប់តាំង​ពីខែ​វិច្ឆិកា ​ឆ្នាំ​២០២២ មក​ សេដ្ឋកិច្ច​ក្នុង​គ្រួសារ​គឺ​មាន​ការ​ប្រឈម​មួយ​ចំនួន ដោយ​ត្រូវ​ការ​ចំណាយ​ថ្លៃ​ផ្ទះ​ជួល ថ្លែ​ម្ហូប​អាហារ បូក​រួមថ្លៃ​ទំនិញ​ឡើង​ថ្ងៃ​ជាដើម​។

​អ្នក​ស្រី ​ម៉ា ​ស្រីល័ក្ខ ប្រាប់វីអូអេ​ថា​៖ ​«និយាយ​រឿង​ផ្គត់ផ្គត់​អត់គ្រាន់ទេ​ ព្រោះអីធ្លាប់រាល់​ដងយើង​ធ្វើ​ថែម​ម៉ោង ធ្វើ​ការ​ពេ​ញថ្ងៃ យើង​បាន​៣០០​ជាង ​ហើយ​ឥឡូវ​១ខែ​បាន​តែ​១០០​ជាង​ហ្នឹង។ អ៊ីចឹង​ផ្គត់​ផ្គង់​ម៉េចគ្រាន់ ​ណា​មួ​យកូន​បៅដោះគោ​ផង យើ​ងត្រូវ​បាន​បង់​ធនាគារ​ ថ្លៃ​បន្ទប់​ជួល​ ចាយ​វាយ​ប្រចាំ​ថ្ងៃ ម៉េច​គ្រាន់​លុយ​ប៉ុណ្ណឹង​?​»​។​

ប្រជាពលរដ្ឋ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី១៣៧ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កម្មការិនី​រោងចក្រ​មួយ​រូបទៀត​ គឺអ្នកស្រី ឃុត សុខា អាយុ​៤៤​ឆ្នាំ​ ដែលបាន​ធ្វើ​ការ​រយៈពេល​១២​ឆ្នាំ​ នៅរោងចក្រ​កាត់​ដេរមួយ ​ក្នុង​រាជធានី​ភ្នំពេញប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ​ឱ្យ​បាន​សមរម្យ ឬ​ប្រហាក់​ប្រហែល​៣០០​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​កម្មករ មាន​ជីវភាព​រស់​នៅ​បាន​ល្អប្រសើរ​។​ អ្នកស្រីថា ​ប្រាក់ខែ​ក្រោម​២៥០ ​ឬ​ស្មើ​២៥០ដុល្លារ​អាមេរិកនោះ​ គឺកម្មករនៅ​តែ​ប្រឈម​បញ្ហា​សេដ្ឋ​កិច្ច ដោយ​សារ​តែ​ទំនិញ​លើ​ទីផ្សារ​ចេះ​តែឡើង​ថ្លៃ​។

អ្នកស្រីថ្លែងថា៖ «បញ្ហា​ប្រឈម​ច្រើន​ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ ទំនិញ​ឡើង​ថ្លៃ របស់​របរ​ឡើង​ថ្លៃ ប្រាក់ខែបាន​តិច ​អ៊ីចឹង​ប្រឈម​ច្រើន​ដូច​យើង​ត្រូវ​ការ​ជួល​ផ្ទះនៅ​ ជួល​អីនៅ​។ ហើយ​រាជរដ្ឋាភិបាល​ អត់មាន​គិត​គូរ​ថា​ យើង​ធ្វើម៉េច ដើម្បី​ឱ្យ​ជីវ​ភាព​ប្រជា​ជនយើង​រស់​ស្រួល​ជាង​ហ្នឹង​ ធ្វើវិ​ធីសាស្ត្រ​អី ដើម្បី​ឱ្យប្រជាជន​យើង​រស់​ស្រួល​ជាង​ហ្នឹង​ គាត់​អត់​មាន​វិធីសាស្ត្រហ្នឹង​ផងហ្នឹង ហើយ​សំណូមពរ​ឱ្យគាត់គិត​គូរ​ដល់ពួកខ្ញុំ​ជាកម្មករ​ផង​»។

ស្ត្រី​មេម៉ាយ ដែលមាន​កូន៣នាក់ ​រូប​នេះបន្ថែម​ថា៖​ «សូម្បី​តែ​ខ្ញុំ ហូប​បាយ​មួយ​ពេល ជួនកាល​បាយ​៥០០[រៀល​] សម្ល​១០០០ [រៀល​] អីទេ ដើម្បី​ទុក​លុយ​ឱ្យ​កូនរៀន​»។

​អ្នក​ស្រីក៏​ស្នើ​រដ្ឋា​ភិបាល​ឱ្យ​ពិនិត្យ​ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងទៀត​សម្រាប់​កម្មករ​រោងចក្រ​ ដូចជា​ការរើសអើង​សហជីព និង​សិទ្ធិ​ការងារ​ជា​ដើម។ ​

ដោយឡែក​អ្ន​កស្រី​ ប៉េង​ សុខឃីម ​វ័យ​៥៤​ឆ្នាំ ជា​កម្មករនៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ ​នៅ​ខេត្ត​កណ្តាល ដែល​បាន​មកចូលរួមទិ​វា​ពល​កម្ម​អន្តរ​ជាតិនេះ បា​នប្រាប់​វីអូអេ​ថា​ អ្នកស្រី​ចង់ឱ្យរដ្ឋាភិបាលយកចិត្ត​ទុកដាក់​ដល់​អ្នក​ធ្វើ​ការជាអ្នកធ្វើ​ការ​តាម​ឡ​ឥដ្ឋនេះ ព្រោះ​ប្រាក់​ទទួល​បាន​ជាប្រចាំ​ថ្ងៃ​នៅទាប ​និងមិន​មាន​បណ្ណប.ស.ស ដើម្បី​ទុកទៅ​មន្ទីរ​ពេទ្យ​សម្រាប់​ព្យាបាល​ជម្ងឺ​។

​អ្នកស្រី​ថ្លែង​ថា៖ «​ខ្ញុំមក​ចូល​រួម​ថ្ងៃហ្នឹងចង់​បាន​ឱ្យ​ជួយ​ពួកខ្ញុំ​ ឱ្យ​មាន​ ប.ស.​ស ប្រាក់​ឈ្នួល​បាន​ថ្លៃ​ ហើយ​ធ្វើ​ការ​មាន​ថ្ងៃ​មាន​ថ្ងៃបុណ្យ ​មាន​ថ្ងៃ​ឈប់​សម្រាក​ ព្រោះ​ពួកខ្ញុំ​ធ្វើអត់មាន​ថ្ងៃ​បុណ្យ​ថ្ងៃអីទេ ​ធ្វើ​រហូត​។ ហើយ​សូម​ឱ្យ​បើកប្រាក់​ឈ្នួលបាន​ទៀង​ទាត់​។ ​ប.ស.ស ខ្ញុំចង់​បាន​ជាង​គេ ​ពួកខ្ញុំអត់មាន​លុយ»។

​អ្នក​ស្រី​ថា ក្នុង​មួ​យ​ថ្ងៃ អ្នកស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ​២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​ដោយ​ធ្វើការ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​អ្វី​នោះ​ទេ​។ ​

​អ្នក​ស្រី​បន្ថែម​ថា​៖​ «​[ធ្វើការ​]យូរ​ហើយ​បួន​ដប់ឆ្នាំហើយ​ នៅតែ​វេទនា​ដដែល​ ពិបាក។ ​តែយើង​មកចូល​រួម​អ៊ីចឹង​ ខាត​កា​រងារ​គេ​ គេស្តី​ឱ្យ​ តែ​គេ​ស្តី​ឱ្យ​យ៉ាងម៉េច​នៅតែ​មក នៅ​តែ​តស៊ូ​ [ព្រោះ​]​ចង់​បាន​លក្ខ​ខណ្ឌ​ល្អ ចង់​តែ​មក»។

ចំណែក​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ អ្នកស្រី ​ម៉ម សុវឌ្ឍិន អាយុ​៣៦​ឆ្នាំ ច​ង់​ឃើញ​រដ្ឋា​ភិបាល យក​ចិត្ត​ទុកដាក់​ដោះស្រាយវិ​វាទការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏ឱ្យ​បាន​ឆាប់។

អ្នកស្រី​ប្រាប់​វីអូអេថា៖​ «ចង់បាន​ដំណោះស្រាយ​ ហើយ​ដំណោះស្រាយ​ហ្នឹងមិន​មែនជា​ដំណោះ​ស្រាយ​ដែល​កាន់​ជើង​ថៅកែ​ទេ។ ​គឺជា​ដំណោះស្រាយ​ដែល​កម្មករ​កំពុង​ទាម​ទារ​គឺមួយ​ទម្លាក់បទ​ចោទលើ​តំណាង​សហជីព និងសមាជិកសហជីព ហើយ​ទទួល​យក​តំណាង​សហជីព និង​សហជីព ឱ្យចូលធ្វើការ​វិញ ដោយ​គ្មានការ​រើស​អើង​ពី​សំណាក់​ថៅ​កែ»។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) ថ្លែង​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី១៣៧ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ​(CLC) ​លោក ​អាត់ ធន់ បាន​ឱ្យដឹងថា ការ​រៀប​ចំ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ខួបលើកទី១៣៧​ ដែលមាន​កម្មករ និង​ពលរដ្ឋ​ប្រមាណ​២ពាន់​នាក់​ចូលរួមនេះ គឺ​ដើម្បី​អបអរ​សាទរ​ និង​រំឭកពីវីរភាព​នៃ​កា​រ​តស៊ូ​ដ៏អង់​អាច​ក្លាហាន​របស់​វីរកម្មករ​ដែលបាន​ពលីជីវិត​ក្នុង​បុព្វហេតុ​សិទ្ធិ សេរីភាព និង​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ទូទាំង​សកលលោក​។ លោក​បន្ថែម​ថា សហជីព​ដាក់​សំណើ​ចំនួន​១៨ចំណុច ​ទៅថ្នាក់ដឹកនាំ​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយដោះស្រាយ​សំណូមពរ​របស់​កម្មករ​ជិយោជិត​ផង​ដែរ​។

​លោក​ អាត់ ធន់ ប្រាប់​អ្នកសារព័ត៌មាន​នៅឯកម្ម​វិធី​នៃ​ការ​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៧​ ​នៅសួន​ច្បារទល់​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាថា៖​

«ថ្ងៃនេះ​ គឺជាថ្ងៃ​សិទ្ធការងារ អ៊ីចឹង​កម្មករ និយោជិកស្នើ​ឱ្យ​រដ្ឋា​ភិបាល​ ទី១​ ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ​និយោ​ជិក​២៥០​ដុល្លារ​គ្រប់វិស័យ​ ទី២​ លុប​ចោល ទៅលើបទ​បញ្ជាទាំង​ឡាយ​ ឬ​ច្បាប់​ទាំង​ឡាយដែល​ប៉ះពាល់ដល់សេរីភាព​សហជីព​ គឺធ្វើម៉េច ធ្វើវិសោធន​កម្ម​ឱ្យ​កម្មករ​មាន​សិទ្ធិ​បង្កើត​សហ​ជីព មាន​សិទ្ធិ​ចូល​រួម បាតុកម្ម​អីចឹង​ទៅ ហើយ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ បញ្ចុះ​តម្លៃ​ជីកសិកម្ម​ និង​ការ​ប្រាក់​ធនាគារ ដើម្បីឱ្យ​កម្មករ​មានជីវ​ភាពរស់​នៅ​សមរម្យ​ ​អាហ្នឹង​រឿង​សំខាន់​»។ ​

ជាមួយ​គ្នា​នេះ ក្រុមអង្គការ​សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័​ន​ផ្សេង​ទៀត ដែល​រួម​មាន​សហ​ភាព​ផ្ទះ​សាម​គ្គី សម្ព័ន​សហ​ជីព​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​និងសិទ្ធិមនុស្ស​ សមា​គម​បណ្តាញ​យុវជន​កម្ពុជា​ជាដើម ក៏​បាន​ដាក់​លិខិតរួម​មួយទៅ​រដ្ឋ​សភា​ផងដែរ។

អង្គការ​ទាំង​នេះ ​មើល​ឃើញថា បញ្ហា​អា​ទិភាព​ដែល​ពាក់​ព័ន្ធ​ទៅនឹងសិទិ្ធមនុស្ស សិទិ្ធការងារ និង​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត​ដែល​ស្ថាប័នពាក់ព័ន្ធ​របស់​រដ្ឋ​ ត្រូវ​ធ្វើ​ការ​ដោះស្រាយ​និង​ឆ្លើយ​តប​ទៅតាម​សេចក្តី​ត្រូវការ​ចាំបាច់​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ ​និង​កម្មករ​និយោ​ជិត ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លិខិត​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ជាង​២០នោះ ដែល​បាន​ដាក់​ទៅ​រដ្ឋ​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ​។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក ​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារបាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

​ប្រធាន​គណៈ​កម្មការ​ទី១​នៃ​រដ្ឋសភា​ទទួលបន្ទុកសិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា​ លោក សរ​ ចំរុង​ ថ្លែង​ថា ​លោក​នឹង​ពិនិត្យ​មើល​សំណើ​របស់​ក្រុម​សហ​ជីព​ដែល​ដាក់​មក​រដ្ឋ​សភា​ ​នៅ​ថ្ងៃអង្គារ​សប្តាហ៍​នេះ​។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​អបអរសាទរ​ចំពោះ​ទិវាខួប​អនុស្សាវរីយ៍​លើក​ទី១៣៧ នៃ​ទិវាពល​កម្ម​អន្តរ​ជាតិ​១ ​ឧសភា​ និង​ថា​ ការ​គោរព​សិទ្ធិ​កម្មករ ​មិន​មែនមាន​តែ១ថ្ងៃ​នេះ​ទេ ប៉ុន្ដែ​គឺជា​ការ​គោរព​សិទ្ធិ​របស់​កម្មករ​រាល់ថ្ងៃ រវាង​ម្ចាស់រោងចក្រ និង​កម្មករ​៕