ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាអ្នកស្រី Jill Biden នៅទិវាឯករាជ្យកាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា បានផ្តល់នូវសារសុទិដ្ឋិនិយមនិងការរួបរួមនៅពេលដែលការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនជឿថា ប្រទេសនេះកំពុងដើរក្នុងទិសដៅខុស ហើយការប្រកាន់ផ្នែកនយោបាយគឺជាកង្វល់កំពូល។
ពេលឈរជាមួយភរិយារបស់លោកក្នុងពិធីបុណ្យអាំងសាច់ជាមួយក្រុមគ្រួសារយោធានៅសេតវិមានក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ លោក Biden បាននិយាយក្នុងសុន្ទរកថាថា «អាមេរិកតែងតែវិវឌ្ឍផ្លាស់ប្តូរ ការងារតែងតែដំណើរការ មានវឌ្ឍនភាព ចលនាទៅមុខ មានការបង្កើតលទ្ធភាពនានា ការបំពេញតាមការសន្យា»។
លោក Biden បានលើកឡើងថា ថ្ងៃខាងមុខនឹងប្រសើរឡើង ទោះបីជាលោកបានទទួលស្គាល់ការតស៊ូដែលប្រជាពលរដ្ឋអាមេរិកកំពុងតែប្រឈមដោយសារអតិផរណាកម្រិតខ្ពស់។ លោកបានថ្លែងថា «សេដ្ឋកិច្ចរបស់យើងកំពុងកើនឡើង ប៉ុន្តែមិនមែនមិនមានការឈឺចាប់នោះទេ»។
ជនជាតិអាមេរិកមានទុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ច។ ការស្ទង់មតិរបស់ AP-NORC ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនឱ្យដឹងថា អ្នកឆ្លើយតបការស្ទង់មតិ៧៩% បាននិយាយអំពីសេដ្ឋកិច្ចក្រីក្រ ដែលរួមមាន ៩០% ជាមតិរបស់អ្នកគាំទ្រគណបក្សសាធារណរដ្ឋ និង៦៧% ជាមតិអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ។
និយាយជារួម ការស្ទង់មតិបានបង្ហាញថា ៨៥% នៃប្រជាពលរដ្ឋអាមេរិកពេញវ័យនិយាយថា ប្រទេសនេះកំពុងដើរក្នុងទិសដៅខុស ដែលរួមមាន៩២%ជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និង៧៨% អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ហើយនេះជាចំនួនខ្ពស់បំផុតក្នុងចំណោមគណបក្សប្រជាធិបតេយ្យចាប់តាំងពីលោក Biden ឡើងកាន់តំណែងមក។
លោក Biden បាននិយាយថា «បន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងការរៀបចំគ្រឹះសម្រាប់អនាគតដ៏ល្អប្រសើរនោះ អតីតកាលដ៏អាក្រក់បំផុតបានទាញយើងមកវិញម្តងម្កាល»។ លោកថ្លែងដោយសំដៅទៅលើការសម្រេចចិត្តនាពេលថ្មីៗនេះរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងការបដិសេធសិទ្ធិតាមរដ្ឋធម្មនុញ្ញសហព័ន្ធដែលអនុញ្ញាតឱ្យស្ត្រីរំលូតកូន។
លោកមានប្រសាសន៍ថា «សេរីភាពនោះត្រូវបានកាត់បន្ថយ ហើយសិទ្ធិដែលយើងសន្មត់ថា យើងត្រូវបានការពារនោះ លែងមានទៀតហើយ»។ លោកបានហៅវាថា ជាការរំឭកអំពី «ការប្រយុទ្ធដែលកំពុងបន្តដើម្បីព្រលឹងអាមេរិក»៕
សេតវិមាន —