ពេល​ដល់​ស្រុកខ្មែរ​វិញ ​លោក​សម រង្ស៊ី​លើក​ទឹកចិត្ត​មិន​ឲ្យ​អ្នក​គាំទ្រ​ខ្លាច​​កម្លាំង​យោធា

លោក​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លើកដៃ​ទៅកាន់​អ្នកស្វាគមន៍លោក។​

លោក​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​កុំ​ខ្លាច​ការ​គំរាម​កំហែង​តាម​រយៈការ​ដាក់​ពង្រាយ​កង​ទ័ព​និង​រទេះតង់​កណ្តាល​ និង​ជាយ​ក្រុង​ភ្នំពេញ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

លោក​មាន​ប្រសាសន៍​ដូច្នេះ​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ឯ​ទីសា្នក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​ក្រោយ​ពី​ចូល​រួម​ពិធី​មង្គល​ការ​កូនស្រី​នៅ​សហ​រដ្ឋ​អាមេរិក។​

លោក​សម រង្ស៊ី​បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​បាន​យក​កងទ័ព​និង​រទេះតង់​មក​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ទៀត។​
លោក​មានប្រសាសន៍​ថា ​គួរ​តែ​រដ្ឋាភិបាល​យក​កង​ទ័ព​និង​រថពាស​ដែក​ទៅ​ដាក់​ពង្រាយ​ការ​ពារ​ព្រំដែន ​និង​បូរណ​ភាព​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម ​ប្រសើរ​ជាង​ការ​យក​មក​គំរាម​កំហែង​ប្រជាជន។​

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ បាន​យក​កង​ទ័ព ​រថពាស​ដែក​ ព្រម​ទាំង​រថយន្ត​បាញ់ទឹក​ជាច្រើន​គ្រឿង​មក​ដាក់​ពង្រាយ​នៅ​ក្នុង ​និង​ជាយ​ក្រុង​ភ្នំពេញ។ ​ការ​ដាក់​ពង្រាយ​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បកស្រាយ​ថា​ គឺ​ដើម្បី​ការពារ​សន្តិសុខនៃ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។​

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​ បាន​អះអាង​រួច​ហើយ​ថា​ នឹង​ដឹកនាំ​ប្រជា​ពលរដ្ឋ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ ដោយ​សារ​តែ​គណបក្ស​នេះ​បាន​អះអាង​ថា ​ខ្លួន​បាន​ទទួល​ជ័យ​ជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​សម រង្ស៊ី​បាន​ចាកចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​ចំនួន​១០​ថ្ងៃ​ដើម្បី​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​កូន​ស្រី​របស់​លោក។​

លោក​បាន​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២ពាន់​នាក់​ចូល​រួម​ស្វាគមន៍​លោក​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ។​ លោក​សម រង្ស៊ី​មិន​បាន​ឡើង​ជិះ​រថយន្ត​ភា្លមៗ​ទេ។ ​លោក​បាន​ដើរ​ចម្ងាយប្រមាណ​ជាង​១០០០​ពាន់​ម៉ែត្រ​តាម​ដង​ផ្លូវ​ដើម្បី​ចាប់​ដៃ​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​គ្រោង​ទុក។​

លោក​សម រង្ស៊ី​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ក្នុង​ពេល​ដែល​លោក​ស្នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ លោក​បាន​ជួប​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក​បាន​បញ្ជាក់​ថា ​ពួក​គេ​មាន​ជំនឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​ឆ្នោត។​

លោក​បាន​និយាយថា៖​ «ជួប​ជាមួយ​នឹងមន្ត្រីអង្គការ​សហ​ប្រជាជាតិ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គេ​មាន​ជំនាញ​ខាង​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត»។​

ដំណើរ​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​របស់​លោក​សម រង្ស៊ី​លើក​នេះ​មិន​មាន​អ្នកទៅ​ទទួល​ស្វាគមន៍​ដូច​កាល​ពី​ថ្ងៃ​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ទេ ​ដោយ​សារ​តែ​មិន​មាន​ការ​ព្រាង​ទុក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពីមន្ត្រី​គណបក្ស។​

«ជយោ!!»។​

ស្រី្ត​ម្នាក់​មក​ពីខេត្ត​កំពង់​ចាម​ ដែល​បានមក​ទទួល​លោក​សម រង្ស៊ី​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​និយាយ​រិះគន់​ខ្លាំងៗ​ដោយ​មិន​ចំឈ្នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គ.ជ.ប.​ថា​ បាន​ឃុប​ឃិត​គ្នា​លួច​បន្លំ​សន្លឹក​ឆ្នោត។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​«ល្មម​ហើយ! ​៣៣​ឆ្នាំ​ហើយ!​ ល្មម​ចុះ​ចេញ​ពី​មុខ​តំណែង​ហើយ! ​អាណិត​ប្រជាជន​ផង!​ គ.ជ.ប.​ជា​មហាចោរ! ​គ្មាន​អ្នកណា​មហា​ចោរ! គ.ជ.ប.​ជាមហា​ចោរ​តែម្តង។ ​ខ្ញុំ​ប្រាប់​ ខ្ញុំ​អត់​ខ្លាចទេ! ​អ្វី​ដែល​ខ្ញុំ​ហ៊ាន​និយាយ បាញ់​ខ្ញុំ​មួយ​គ្រាប់​ងាប់ ​ក៏ខ្ញុំ​អត់​ស្តាយ​ទេ។ ​ ប៉ុន្តែ​ស្តាយ ​អាណិត​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​យួន​យក​ទឹក​ដី»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ទេព នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​សុំការ​ឆ្លើយតប​តែ​មិនអាច​ទាក់ទង​បាន។​ ទោះ​ជាយ៉ាង​ណាក្តី​ លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ធ្លាប់​បាន​ទាត់ចោល​ការ​ចោទ​ប្រកាន់និង​ការ​បដិសេធ​លទ្ធផល​បោះឆ្នោត​ដោយ​គណបក្ស​ប្រឆាំង​នេះ។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី​៥នេះ​បាន​ពើប​ប្រទះ​នឹង​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​រួច​នៅឡើយ​ ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ពី​ជ័យ​ជម្នះរបស់​ខ្លួន​រៀងៗ​ខ្លួន៕