អង្គការកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០នេះបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេនឹងចាប់ផ្តើមដំណើរការការរត់បណ្តាក់ភ្លើងចន្លុះនៅថ្ងៃទី២៦ ខែមីនានេះទៅតាមការគ្រោងទុក ថ្វីបើមានការគំរាមកំហែងពីមេរោគកូរ៉ូណាវីរុសក៏ដោយ។
លោក Toshiro Muto ប្រធានគណៈកម្មាធិការរៀបចំកីឡា បាននិយាយថា ដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ជាអប្បបរមា ពិធីទាំងអស់ដែលទាក់ទិននឹងការប្រកួតកីឡា រួមទាំងពិធីស្វាគមន៍របស់រដ្ឋាភិបាលក្នុងប្រទេសនឹងត្រូវលុបចោល។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងរាជធានីតូក្យូថា ទស្សនជននឹងមិនអនុញ្ញាតឲ្យចូលរួមពិធីការបើកកីឡានេះនៅក្នុងទីក្រុង Fukushima ទេហើយបានជំរុញឲ្យពលរដ្ឋដែលមានជំងឺកុំឲ្យចូលរួមការរត់បណ្តាក់ភ្លើងចន្លុះនេះ។
លោក Muto បានមានប្រសាសន៍ថា «យើងសុំឲ្យពលរដ្ឋដែលមានសុខភាពមិនល្អទប់កុំស្ថិតនៅតាមផ្លូវ»។
លោក Muto បានព្រមានថា ហ្វូងមនុស្សច្រើនណាន់តាន់តាប់អាចបង្ខំឲ្យពួកអ្នករៀបចំចាត់ចែងពិធីនេះផ្លាស់ប្តូរផ្លូវនៃរត់បណ្តាក់ចន្លុះដែលត្រូវធ្វើនោះ។
ភ្លើងចន្លុះបានត្រូវធ្វើឡើងដោយគ្មានអ្នកមើលនៅក្នុងប្រទេសក្រិក ក៏ប៉ុន្តែការរត់បណ្តាក់ភ្លើងចន្លុះនៅទីនោះបានត្រូវលុបចោល។ កាលពីថ្ងៃព្រហស្បត៍ ក្រុមមន្រ្តីជប៉ុន នឹងចូលរួមពិធីប្រគល់ភ្លើងចន្លុះនោះដែលនឹងមិនមានអ្នកមើល។ ក្រុមមន្រ្តីជប៉ុននិងអន្តរជាតិនិយាយថា ពួកគេនឹងមិនពន្យាពេលឬលុបចោលកីឡាអូឡាំពិកនៅឆ្នាំនេះដែលមានគម្រោងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ថ្វីបើការរាលដាលជាសាកលដ៏ឆាប់រហ័សនៃមេរោគកូរ៉ូណាវីរុសក៏ដោយ៕