ការបោះឆ្នោតពិសេសដែលមានការឃ្លាំមើលដិតដល់សម្រាប់អាសនៈមួយក្នុងសភាតំណាងរាស្ត្រស.រ.អា.នៅក្នុងរដ្ឋ Ohio មានលទ្ធផលប្រកិតៗនៅថ្ងៃពុធនេះ។
ពួកសាធារណរដ្ឋនិងពួកប្រជាធិបតេយ្យកំពុងថ្លឹងថ្លែងលទ្ធផលនៃការបោះឆ្នោតនេះ និងការបោះឆ្នោតបឋមនៅទីឯទៀតៗក្នុងប្រទេសដើម្បីរកមើលសញ្ញានៃលទ្ធផលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាខាងមុខនេះ។
នៅពេលដែលមណ្ឌលទាំងអស់រាយការណ៍អំពីលទ្ធផលហើយនោះ លោក Troy Balderson នៃគណបក្សសាធារណរដ្ឋនាំមុខលោក Danny O'Conner នៃគណបក្សប្រជាធិបតេយ្យដោយមានសន្លឹកឆ្នោតគាំទ្រលើសចំនួន១៧០០។រដ្ឋមន្ត្រីការបរទេសនៃរដ្ឋ Ohio បាននិយាយថា សន្លឹកឆ្នោតបណ្តោះអាសន្ន
៣៤០០ និងសន្លឹកឆ្នោត៥ពាន់ដែលអ្នកបោះឆ្នោតមិនបានទៅបោះនៅនឹងកន្លែងដែលភាសាអង់គ្លេសហៅថា Absentee ballots បានត្រូវបោះអស់ហើយ ក៏ប៉ុន្តែតាមរយៈច្បាប់រដ្ឋនេះ ពួកមន្ត្រីមិនអាចចាប់ផ្តើមរាប់សន្លឹកឆ្នោតទាំងនេះបានទេរហូតដល់១១ថ្ងៃ ក្រោយការបោះឆ្នោតកាលពីថ្ងៃអង្គារ។
អ្នកឈ្នះក្នុងការបោះឆ្នោតនេះនឹងកាន់កាប់កៅអីមួយរបស់លោក Pat Tiberi ខាងគណបក្សសាធារណរដ្ឋដែលបានលាលែងពីតំណែងកាលពីខែតុលា ឆ្នាំ២០១៧។ អាសនៈនេះនឹងត្រូវដាក់ឱ្យមានការបោះឆ្នោតជាថ្មីក្នុងខែវិច្ឆិកា ដែលមានន័យថា ក្រុមអ្នកបោះឆ្នោតនឹងធ្វើការជ្រើសរើសទៀតរវាងលោក Balderson និងលោក O'Conner ក្នុងរយៈពេលបីខែទៀត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើ Twitter ដើម្បីយកកេរ្តិ៍ឈ្មោះសម្រាប់អ្វីដែលលោកបាននិយាយថាជា «ជ័យជម្នះធំ» មួយសម្រាប់លោក Balderson។
លោក ត្រាំ បាននិយាយថា «នៅក្រោយសុន្ទរកថារបស់ខ្ញុំកាលពីយប់ថ្ងៃសៅរ៍ មានការគាំទ្រច្រើនសម្រាប់ភាពល្អប្រសើរជាងមុន។ នៅពេលនេះ Troy ទទួលជ័យជម្នះធំមួយនៅក្នុងពេលវេលាពិបាកមួយនៃឆ្នាំមានការបោះឆ្នោតនេះ។លោកនឹងឈ្នះឆ្នោតច្រើនក្នុងខែវិច្ឆិកា»។
លោក Balderson បានអរគុណលោក ត្រាំ នៅពេលលោកនិយាយទៅកាន់ពួកអ្នកគាំទ្រលោកកាលពីយប់ថ្ងៃអង្គារហើយលោកក៏បានថ្លែងដែរថា លោកប្រុងប្រៀបខ្លួនធ្វើការសម្រាប់ប្រជារាស្ត្រនៃមណ្ឌលសភាទី១២ របស់រដ្ឋ Ohio៕