ក្រុមអ្នកនយោបាយខ្មែរ សម្តែងការព្រួយបារម្ភចំពោះស្ថានភាពព្រះរាជសុខភាព របស់ ព្រះមហាក្សត្រថៃភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះជន្ម ៨៨ព្រះវស្សា នៅគ្រាដែលព្រះអង្គបានគង់ភាគច្រើនក្នុងមន្ទីរពេទ្យមួយស្ថិតនៅក្នុងរាជធានីបាងកកប្រទេសថៃ ក្នុងរយៈពេលប្រមាណជាង ៦ឆ្នាំចុងក្រោយនេះ។
ព្រះមហាក្សត្រភូមិបុល ជាក្សត្រដែលបានសោយរាជ្យយូរជាងគេបង្អស់នៅក្នុងពិភពលោក និងជាទីគោរពសក្ការៈបូជារបស់ប្រទេសថៃ។ ព្រះអង្គក៏តំណាងឲ្យកម្លាំងបង្រួបបង្រួមជាតិមួយនៅក្នុងប្រទេសថៃដែរ។ ព្រះអង្គបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងពីឆ្នាំ២០០៩។ ក្នុងរយៈពេលចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា ព្រះអង្គបានឆ្លងនូវមេរោគមួយ ដែលគេមិនទាន់អាចបញ្ជាក់បាន នោះ។
ការសម្តែងការព្រួយបារម្ភចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រភូមិបុល ដោយអ្នកនយោបាយខ្មែរនេះកើតមានឡើង បន្ទាប់ពីការយាងត្រឡប់ទៅវិញរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍សីរិនថន(Princess Maha Chakri Sirindhorn)ជាបុត្រីទីពីររបស់ព្រះអង្គភូមិបុល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់វីអូអេ ថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គក៏បានធ្វើឲ្យកម្ពុជាមានការព្រួយបារម្ភ ពីព្រោះព្រះអង្គភូមិបុល ជាក្សត្រដែលប្រជាជាតិថៃគោរពជាទីបំផុត ហើយរាជាធិបតេយ្យរបស់ព្រះអង្គក៏មានទំនាក់ទំនងល្អជាមួយរាជាធិបតេយ្យរបស់ប្រទេសកម្ពុជាដែរ។
«បារម្ភជាមួយប្រជាជាតិថៃ ដែលគេគោរពខ្ពង់ខ្ពស់ សម្រាប់ស្តេចរបស់ថៃ ដូច្នេះយើងក៏ចូលរួមចំណែកក្នុងហ្នុងដែរ»។
លោកថ្លែង ថា ព្រះរាជសុខភាពរបស់ព្រះអង្គមិនបានធ្វើឲ្យទំនាក់ទំនងប្រទេសកម្ពុជា និងថៃ មានភាពរអាក់រអួលនោះទេ ដោយសាររាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំរឹតចំណងការទូតឡើងវិញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរក៏បានបញ្ជាក់ថា ព្រះមហាក្សត្រគឺគ្រាន់តែជាអធិបតីភាពមិនកាន់អំណាច និងជាតំណាងឲ្យជាតិតែប៉ុណ្ណោះ។
«ខ្ញុំមើលទៅដូចជាស្ថាប័នរាជបល្ល័ង្គ ដូចជាមិនប៉ះពាល់ ដល់ការងារឬមធ្យោបាយរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលទេ។ ហើយយើងឃើញនៅក្នុងឆ្នាំ១៩៩០ ១៩៩១ ដែលព្រះបរមរតនៈកោដ្ឋលោកយាងចូលស្រុក ហើយព្រះរាជដំណាក់ ហើយនិងកន្លែងព្រះបរមរាជវាំង ត្រូវទទួលបានការឧបត្ថម្ភពីរាជបល្ល័ង្ករបស់ថៃ ដូចថា ទំនាក់ទំនងរហូត មិនមានបញ្ហាអ្វីទេ រវាងរាជបល្ល័ង្ក និងរាជបល្ល័ង្កនោះ ពីព្រោះរាជបល្ល័ង្កទាំងពីរស្ថិតក្នុងរដ្ឋធម្មនុញ្ញ គឺអត់មានអំណាចក្នុងការគ្រប់គ្រងរដ្ឋទេ ដែលជាអំណាចអធិបតីភាព ហើយនិងអត្តសញ្ញាណរបស់ជាតិតែប៉ុណ្ណោះ»។
នៅក្នុងដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅកម្ពុជា ដែលធ្វើឡើងកាលពីខែកុម្ភៈ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សីរិនថន បានយាងទៅកាន់ខេត្តរតនគិរី ដើម្បីសម្ពោធមណ្ឌលសុខភាពនិងបានយាងទៅកាន់ខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ធំដើម្បីពិនិត្យមើលកិច្ចការអប់រំ និងមនុស្សធម៌ និងសុខាភិបាល។ ព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីផងដែរ ក្រៅពីជួបមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដូចជាលោក ហ៊ុន សែន។
លោក ផៃ ស៊ីផាន បានបន្ថែម ថា ទំនាក់ទំនងរវាងរាជាធិបតេយ្យថៃ និងកម្ពុជា កំពុងស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល ខណៈដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាលើកិច្ចការផ្លាស់ប្តូរពាណិជ្ជកម្ម និងរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ាន។
«ហើយឥឡូវហ្នឹងយើងឃើញព្រះបរមរាជវាំងបាងកក បរមរាជវាំងចតុមុខ ភ្នំពេញរបស់យើងហ្នឹងរឹតតែមានភាពជិតស្និទ្ធមួយ នៅក្នុងការងាររបស់បរមរាជវាំងនេះឯង។ ហើយការងាររបស់រដ្ឋដែលដឹកនាំដោយនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រទាំងសងខាងហ្នឹង យើងឃើញមានការងារច្រើន ក្នុងការ ត្រូវការគ្នាទៅវិញទៅមក ទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ ក៏ដូចជាផ្នែកនយោបាយនៅក្នុងអាស៊ាន»។
កាលពីចុងខែធ្នូ ឆ្នាំ ២០១៥ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី២ កម្ពុជា ថៃ ដែលគេរៀបចំឡើងនាទីក្រុងបាងកក និងមានការចូលរួមពីនាយករដ្ឋមន្ត្រីថៃ គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា (Prayuth Chan o-cha)។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងកិច្ចប្រជុំនោះ បានថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបង្ហាញនូវសញ្ញាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបន្តកើនឡើង ដោយក្នុងឆ្នាំ២០១៤ កម្ពុជា និងថៃ បាននាំទំនិញចេញចូលទៅវិញទៅមកមានតម្លៃប្រមាណ៥.០០០លានដុល្លារ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានគ្រោងថា នឹងកើនដល់១៥.០០០លានដុល្លារនៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពកែលម្អ សេវាកម្មដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវសមុទ្រ និងរថភ្លើងផងដែរ ក្រៅពីវិស័យការងារពលកម្ម និងទេសចរណ៍។ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការបើកច្រកទ្វារអន្តរជាតិថ្មីចំនួន២ នៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺច្រកស្ទឹងបត់ ណងអៀន និងច្រកអូរនាង បានប៉ារៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន។
យ៉ាងណាក៏ដោយ លោក សុខ ឦសាន អ្នកនាំពាក្យនៃគណបក្សគ្រប់គ្រងប្រទេស មិនអាចធ្វើការអធិប្បាយទៅលើព្រះរាជសកម្មភាពនានារបស់ព្រះអង្គម្ចាស់ភូមិបុល នៅក្នុងតំបន់អាស៊ាន និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃទេ។ លោកក៏ពុំបានធ្វើការអធិប្បាយច្រើនផងដែរ ទៅលើស្ថានភាព សុខភាពរបស់ព្រះអង្គភូមិបុល។
«រឿងរបស់ព្រះអង្គ អាហ្នឹងរឿងរបស់ព្រះអង្គទេ តែយើងមានការព្រួយបារម្ភដែរ និយាយរួមសុខភាពរបស់ព្រះអង្គមានព្រះជន្មជិត៩០ឆ្នាំទៅហើយ អាហ្នឹងវាជារឿងធម្មតាទេ។ យើងមិនដឹងធ្វើម៉េច អាហ្នឹងក្រិតក្រមធម្មជាតិ»។
រីឯលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏មិនធ្វើការអធិប្បាយទៅលើព្រះរាជសកម្មភាពការងាររបស់ព្រះអង្គភូមិបុលដែរ ដោយសារតែគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែលប្រទេសក្នុងសមាគមអាស៊ានប្រកាន់យក។ លោកក៏សុំមិនធ្វើអធិប្បាយ អំពីទំនាក់ទំនងរបស់ប្រទេសកម្ពុជានិងថៃ បើសិនមានការផ្លាស់ប្តូរព្រះមហាក្សត្រនៅក្នុងប្រទេសថៃ។
ក្រៅពីការបកស្រាយរបស់ក្រុមអ្នកនយោបាយមកពីគណបក្សគ្រប់គ្រងប្រទេស អ្នកនយោបាយមកពីគណបក្សនៅក្រៅរដ្ឋាភិបាល និងគណបក្សរាជានិយមក៏បាន មើលឃើញពីស្ថានភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា ថៃ បន្ទាប់ពីការធ្វើព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថនកាលពីពេលថ្មីៗនេះ។ តែពួកគេ ក៏មិនអាចធ្វើការអធិប្បាយច្រើនបានដែរ ចំពោះព្រះរាជសកម្មភាពការងាររបស់ព្រះអង្គភូមិបុល និងការប្រែប្រួលនយោបាយនៅក្នុងប្រទេសថៃ ប្រសិនបើទ្រង់លែងគង់នៅក្នុងព្រះរាជបល្ល័ង្ក។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ទំនាក់ទំនងប្រទេសកម្ពុជា និងថៃ កំពុងមានការវិវត្តន៍ជឿនលឿនទៅមុខ ខណៈដែលរាជវង្សនៃប្រទេសទាំងពីរបានបង្ហាញពីចេតនាស្រឡាញ់រាប់អានគ្នាទៅវិញទៅមកនៅក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថន មកកាន់កម្ពុជា។ លោកថា នៅក្រោមរាជបល្ល័ង្ករបស់បិតា នៃព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថន គឺព្រះអង្គម្ចាស់ភូមិបុល ប្រជាពលរដ្ឋខ្មែរបានទទួលការជួយជ្រោមជ្រែងផ្នែកមនុស្សធម៌ជាច្រើន។
លោកបានរំឮកដល់គុណបំណាច់របស់ប្រទេសថៃ ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរបង្កើតជំរុំជនភៀសខ្លួន នៅគ្រាដែលកម្ពុជាស្ថិតក្រោមការត្រួតត្រាដោយរបបកំម្មុយនិស្តជ្រុលនិយមខ្មែរក្រហម និងនៅពេលវៀតណាមឈ្លានពាន។
«ទំនាក់ទំនងមួយដែលយើងយល់ហៅថា ផ្លូវមនុស្សធម៌។ នៅពេលដែលមានប្រជាពលរដ្ឋខ្មែររងទុក្ខសោកវេទនា យ៉ាងខ្លាំងក្លាបំផុត ពីសម័យ ពីខ្មែរក្រហម ប៉ុល ពតនោះ បានភៀសខ្លួនទៅប្រទេស សៀម។ ដូច្នេះជាការណ៍មួយដែល ថ្វីត្បិតតែបានទទួលបានផលប្រយោជន៍ពីសហគមន៍អន្តរជាតិក៏ដោយ ក៏ប៉ុន្តែជាការអនុញ្ញាតមួយដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានភៀសខ្លួន រស់នៅលើទឹកដីគេ»។
បើទោះបីជាមានការផ្តល់នូវការជួយជ្រោមផ្នែកមនុស្សធម៌ជាច្រើនពីប្រទេសថៃ លោក យ៉ែម បុញ្ញឬទិ្ធក៏នៅមានការព្រួយបារម្ភចំពោះបូរណភាពទឹកដីកម្ពុជា ដែលកាលពីអតីតកាលបានបាត់បង់ទៅប្រទេសថៃ និងវៀតណាម។ លោកបញ្ជាក់ថា៖
«យើងគិតថា មហិច្ចតាបរទេស ទាំងផ្នែកខាងលិច ក៏ដូចជាផ្នែកខាងកើត នៅតែមាន។ ដូច្នេះខ្លួនយើងផ្ទាល់ទេ ក្នុងនាមជាខ្មែរ តើយើងគួរនាំគ្នារួបរួមគ្នា ឯកភាពជាតិយ៉ាងណា ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពប្រទេសយើងហ្នឹង ឲ្យបានសុវត្ថិភាព រក្សាស្ថិរភាពផង សន្តិភាពផង ដើម្បីការអភិវឌ្ឍប្រទេសជាតិ»។
នៅក្នុងស្ថានភាពដែលព្រះអង្គម្ចាស់ភូមិបុល កំពុងទទួលការព្យាបាលព្រះរាជសុខភាពនៅរាជធានីបាងកក លោក យ៉ែម បុញ្ញឬទ្ធិ ពុំអាចព្យាករណ៍ទុកជាមុនបានថា ទំនាក់ទំនងកម្ពុជា ថៃនឹងប្រែប្រួលយ៉ាងណានោះឡើយ ប្រសិនបើមានការឡើងគ្រងរាជ្យនៃព្រះមហាក្សត្រថ្មីនៅក្នុងប្រទេសថៃ។
ប្រទេសថៃ និងកម្ពុជា ធ្លាប់មានប្រវត្តិជូរចត់ និងច្បាំងគ្នាកាលពីអតីតកាល ដោយពេលខ្លះខ្សែរាជវង្សថៃ បានមកគ្រប់គ្រងប្រទេសកម្ពុជា។ ខេត្តសៀមរាប និងបាត់ដំបង ហើយនិងខេត្តដទៃទៀតក៏ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃនៅក្នុងសតវត្សរ៍ទី១៧ គឺក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានជម្លោះដណ្តើមអំណាចគ្នា។ នេះបើយោងទៅតាមឯកសារប្រវត្តិសាស្រ្តនិយាយអំពីប្រទេសកម្ពុជា។
ជម្លោះ រវាងកម្ពុជា ថៃក៏បានកក្រើកឡើងម្តងទៀត បន្ទាប់ពីទាហានថៃ បានចូលមកខេត្តព្រះវិហារកាលពីឆ្នាំ ២០០៨ និងបានឈរជើងលើប្រាសាទព្រះវិហារ។ ជម្លោះនេះ បានធ្វើឲ្យទាហានកម្ពុជា និងថៃ ប៉ះទង្គិចគ្នានៅឆ្នាំ ២០០៩ និង២០១១។ ជម្លោះដែលឈានដល់ការច្បាំងគ្នា បានស្ងប់ស្ងាត់ទៅវិញ នៅក្រោយពេលដែលចៅក្រុមតុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ កាលពីឆ្នាំ២០១៣ បានបកស្រាយឡើងវិញនូវសាលក្រមរបស់ខ្លួនដែលចេញនៅឆ្នាំ ១៩៦២ថា ប្រាសាទព្រះវិហារចំណាស់ជាង ៩០០ឆ្នាំជារបស់ខ្មែរ។ យ៉ាងណាក៏ដោយ តុលាការនេះ បានបន្សល់ទុក ផ្ទៃដីទំនាស់ទំហំ ៤,៦ គីឡូម៉ែត្រការ៉េនៅជិតប្រាសាទព្រះវិហារ ឲ្យស្ថិតនៅជាបញ្ហាចម្រូងចម្រាស និងមិនទាន់ដោះស្រាយនៅឡើយដោយភាគីទាំងសងខាង។
លោក ញ៉ិប ប៊ុនជិន អ្នកនាំពាក្យនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ថ្លែងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ បានស្ថិតនៅលើគន្លងវិជ្ជមានមួយនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកថា ដើម្បីរក្សាចំណងស្និទ្ធស្នាលនេះឲ្យបានល្អទៅមុខទៀត ប្រទេសទាំងពីរមានតែការជ្រើសរើសយកការចចារ ធ្វើជាមធ្យោបាយដោះស្រាយទំនាស់នានា ដោយមិនត្រូវមានការប្រឈមមុខដាក់គ្នាដោយកម្លំាងយោធា។ ហើយប្រទេសទាំងពីរត្រូវផ្តោតសំខាន់ទៅលើការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងកិច្ចការផ្សេងៗទៀត។ ទាក់ទិននឹង ព្រះរាជសុខភាពរបស់ព្រះអង្គម្ចាស់ភូមិបុល លោក ញ៉ិប ប៊ុនជិន មិនអាចប៉ាន់ស្មានបានថា នឹងមានអ្វីកើតឡើងនៅពេលខាងមុខប្រសិនបើព្រះអង្គទ្រង់លែងគង់ក្នុងព្រះរាជ្យបល្ល័ង្ក។
«ក្នុងនាមយើងរាជានិយម យើងឃើញថា មានការបារម្ភដែរ បើសិនជាព្រះបិតា សម្តេចចក្រីសីរិនថន លោកនៅគង់ប្រថាប់ អាហ្នឹងសេ្ថរភាព ក៏វាមើលទៅ ឃើញថាវា មានភាពនឹងនដែរ។ ក៏ប៉ុន្តែជាធម្មជាតិ អាហ្នឹងធ្វើម៉េច។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងជារាជានិយមដូចគ្នា ខ្ញុំឃើញថា គណបក្សហ៊្វុនស៊ីនប៉ិច ជាគណបក្សរាជានិយមមានការបារម្ភហើយចង់ឃើញ ចង់ឃើញរាជាណាចក្រទាំងពីរហ្នឹង មានទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាងហ្នឹងតទៅទៀត»។
ការយាងមកបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថននេះ មិនមែនជាលើកទីមួយនោះទេ។ នេះបានបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៣មកនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថនបានយាងមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាចំនួន១៣លើកហើយ ហើយទស្សនកិច្ចទាំងនេះគឺមានគោលដៅជួយឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ និងសុខាភិបាល។
មន្ត្រីនៃរដ្ឋាភិបាលកម្ពុជា ក៏ពុំអាចឲ្យដឹងបានទេ ថាតើ ព្រះអង្គម្ចាស់ក្សត្រិយ៍បានលើកពីស្ថានភាពសុខភាពរបស់បិតាទ្រង់ ឬយ៉ាងណាទេ នៅក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចនេះ។
អ្នកជំនាញខាងសន្តិភាព និងទំនាក់ទំនងអន្តរជាតិយល់ថា ប្រទេសកម្ពុជាត្រូវប្រកាន់យកគោលការណ៍ជជែកដោះស្រាយបញ្ហាដោយសន្តិវិធី និងបង្កើនការជឿទុកចិត្តជាមួយភាគីថៃ។
លោក ពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែង ប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសទាំងពីរត្រូវបញ្ចៀសការយកមនោគមវិជ្ជាជាតិនិយម និងការប្រើកម្លាំងយោធាមកដោះស្រាយវិវាទ។ ថ្លែងយោងដល់ដីទំនាស់នៅជិតប្រាសាទព្រះវិហារ លោកនិយាយថា មានតែមធ្យោបាយការទូតមួយប៉ុណ្ណោះទើបអាចរកច្រកចេញ បញ្ចប់ជម្លោះនេះ និងជម្លោះដទៃទៀត ដែលអាចកើតមានរវាងប្រទេសកម្ពុជា និងប្រទេសថៃទៅថ្ងៃអនាគត។
«កុំប្រើជាតិនិយមជាមធ្យោបាយស្រាយបញ្ហាហ្នឹង ហើយកុំប្រើយោធា។ សំខាន់ណាស់ កុំប្រើសំពាធយោធា។ អ្នកដែលប្រើសំពាធយោធា មិនមែនខ្មែរទេ គឺថៃ បាទ! កន្លងមកណាស់ ប៉ុន្តែឥឡូវគឺឈប់ ហើយ។ វាស្ងប់ស្ងៀមហើយ អត់មាន។ គេអត់មានប្រើអាហ្នឹងទៀតទេ។ ហើយសង្ឃឹមថា រដ្ឋាភិបាល បោះឆ្នោតក្រោយរបស់ថៃ គាត់យល់បញ្ហាហ្នឹងច្បាស់។ គាត់នឹងបន្តបរិយាកាស ឲ្យមានការជជែកគ្នាការទូតត្រឹមត្រូវ។ ហើយខ្ញុំជឿថា រដ្ឋាភិបាលខ្មែរ ឲ្យតែមានtrustឲ្យមានការទុកចិត្តគ្នា ជជែកគ្នាទៅ អាចស្រាយបញ្ហាហ្នឹងហើយ»។
យ៉ាងណាក៏ដោយ ប្រទេសថៃ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមយោធាដឹកនាំដោយ លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា។ អ្នកសង្កេតការណ៍នយោបាយអន្តរជាតិ ក៏ពិបាកនឹងសនិ្នដ្ឋានអំពីការវិលត្រឡប់មកវិញនូវអភិបាលកិច្ចប្រជាធិបតេយ្យ ខណៈដែលក្រុមយោធាថៃ មិនបាននិយាយច្បាស់លាស់ថា ការបោះឆ្នោតប្រជាធិបតេយ្យនឹងកើតឡើងនៅពេលណានោះទេ បន្ទាប់ពីរដ្ឋបាលយោធាថៃបានឡើងក្តោបក្តាប់អំណាចនៅឆ្នាំ២០១៤ ដផុរដ្ឋប្រហារយោធានោះ។
មានសេចក្តីរាយការណ៍ខុសៗគ្នាថា ការបោះឆ្នោតអាចនឹងធ្វើឡើងនៅឆ្នាំនេះ ឬឆ្នាំ២០១៧ ក៏ប៉ុន្តែការណ៍នេះ ទំនងជានឹងមិនអាចកើតមានទេ នៅគ្រាដែលប្រទេសថៃកំពុងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី និងរៀបចំបែបបទថ្មីនៃការជ្រើសរើសនាយករដ្ឋមន្ត្រីនោះ។
អ្នកជំនាញក្នុងកិច្ចការទំនាក់ទំនងកម្ពុជាថៃ ថ្លែងថា នៅក្នុងដំណាក់កាលអន្តរកាលនៃនយោបាយរបស់ថៃនេះ ប្រទេសកម្ពុជាមានតែខិតខំបង្កើនការទុកចិត្ត និងមិនអាចផ្តល់អាទិភាពដល់ការប្រើប្រាស់កម្លាំងទ័ពទេ នៅពេលអរិភាពណាមួយ កើតឡើងរវាងប្រទេសទាំងពីរ។ ពួកគេថា ព្រះមហាក្សត្រថៃ ក៏មិនអាចជ្រៀតជ្រែកនៅក្នុងកិច្ចការនយោបាយដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាថៃ ដោយហេតុថាព្រះមហាក្សត្រថៃ ជាមហាក្សត្រអាស្រ័យលើរដ្ឋធម្មនុញ្ញ តែមានឥទ្ធិពលបំផុតនៅប្រទេសថៃ។ ព្រះអង្គម្ចាស់ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ក៏ ជាក្សត្រដែលកម្របញ្ចេញស្នាមញញឹម និងកម្រចាកចេញពីប្រទេសរបស់ព្រះអង្គ ហើយព្រះអង្គក៏ត្រូវបានគេចាត់ទុកថា ជាព្រះអាទិទេពពាក់កណ្តាលផងដែរនៅក្នុងប្រទេសថៃ៕