មន្ត្រីថា ប្រធានក្រុមទាហាន Wagner មាន​ឈ្មោះក្នុងបញ្ជីអ្នកដំណើរ​លើ​យន្ដហោះ​ដែល​ធ្លាក់​នៅ​រុស្ស៊ី

ក្រុម​ពន្លត់អគ្គិភ័យ​កំពុង​​ពន្លត់​ភ្លើង​ឆេះ​យន្ដហោះ​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅ​តំបន់ Tver ប្រទេស​រុស្ស៊ី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣។ លោក Yevgeny Prigozhin ក៏​មាន​ឈ្មោះ​ជា​អ្នក​ដំណើរ​នៅ​លើ​យន្ដហោះនោះ​ដែរ។

យន្ដហោះ​ឯកជន​មួយ​គ្រឿង​ដែល​ចេញ​ដំណើរ​ពី​ទីក្រុង​មូស្គូ ទៅ​កាន់​ទីក្រុង St. Petersburg បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ពុធ និង​បាន​បង្ក​ឱ្យ​មនុស្ស​ទាំង​អស់ ១០នាក់​នៅ​លើ​នោះ​ស្លាប់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​សង្គ្រោះ​បន្ទាន់​រុស្ស៊ី។

មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​នៅ​លើ​យន្ដហោះ​នោះ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ទាន់ដឹង​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ ​ថា​លោក​ពិត​ជា​បាន​ជិះ​លើ​យន្ដហោះ​នោះ​ឬ​មួយ​ក៏​អត់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី។ ​

សេចក្ដីរាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ ​បាន​ឱ្យ​ដឹង​ថា យន្ដហោះ​នោះ​ជា​របស់​ លោក Prigozhin ដែល​ជា​ស្ថាបនិក​ក្រុម​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner។

រូបឯកសារ៖ លោក Yevgeny Prigozhin មេ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ឈរ​ថតរូប​ក្នុង​ឯកសណ្ឋាន​ទាហាន​នៅ​ទីតាំង​មួយ​ដែល​មិន​ត្រូវ​បាន​បញ្ជាក់ កាល​ពី​ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣។ (Courtesy PMC Wagner via Telegram via REUTERS)

ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​របស់​រុស្ស៊ី Rosaviatsia បាន​និយាយ​ថា លោក Prigozhin ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ។ តែ​ជា​ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ​ ថា​លោក Prigozhin បាន​ជិះ​យន្ដហោះ​នោះ​ ឬមួយ​ក៏​អត់។ ​

ទីភ្នាក់ងារ​សារព័ត៌មាន Tass របស់​រដ្ឋ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ដកស្រង់​សម្ដី​របស់​ក្រុម​មន្ត្រី​សង្គ្រោះ​បន្ទាន់​ថា យន្ដហោះ​នោះ​មាន​អ្នក​បើក​យន្ដហោះ​ចំនួន ៣នាក់ ​និង​អ្នក​ដំណើរ​ចំនួន ៧នាក់។ អាជ្ញាធរ​និយាយ​ថា ពួកគេ​កំពុង​តែ​ស៊ើបអង្កេត​លើ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នោះ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​តំបន់ Tver ដែល​មាន​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ជើង​ទីក្រុង​មូស្គូ។

លោក Prigozhin ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner របស់​លោក​បាន​ប្រយុទ្ធ​ព្រម​គ្នា​ជាមួយ​នឹង​ទាហាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ធ្វើ​រដ្ឋប្រហារ​ប្រដាប់​អាវុធរយៈពេល​ខ្លីដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម ប្រឆាំង​នឹង​មេដឹកនាំ​យោធា​របស់​រុស្ស៊ី​កាល​ពី​ចុង​ខែ​មិថុនា។ វិមាន​ក្រឹមឡាំង​បាន​ឱ្យ​ដឹង​ថា លោក​ Prigozhin នឹង​ត្រូវ​ធ្វើ​និរទេស​ទៅ​ប្រទេស​បេឡារុស ហើយ​កូន​ទាហាន​របស់​លោក​នឹង​ត្រូវ​ចូល​និវត្តន៍ តាម​ទៅ​ជាមួយ​នឹង​លោក ឬ​មួយ​ក៏ចូលរួម​ជាមួយ​នឹង​យោធា​រុស្ស៊ី៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា