មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋសភា​ថា​ កំពុង​ពិនិត្យ​ញត្តិ​របស់​បុគ្គលិក​ណាហ្គាវើលដ៍

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃរដ្ឋ​សភា​បាន​ឱ្យ​ដឹង​ថា​ស្ថាប័ន​ខ្លួន​កំពុង​ពិនិត្យ​ញត្តិ​របស់​ក្រុម​កូដ​ករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​បាន​ស្នើសុំ​អន្តរាគមន៍​ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជា​មួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​អូស​បន្លាយ​ពេល​ច្រើន​ខែ​មក​ហើយ។

​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ធំៗ​ទាំង​ពីរ​នេះ ​តំណាង​កូដ​ករ​មាន​ជំនឿថា​ខុទ្ទ​កា​ល័យ​នាយក​រដ្ឋ​មន្រ្តី និង​ស្ថាប័នរដ្ឋ​សភា​នឹង​អាច​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នេះបាន​ជោគ​ជ័យ​ បន្ទាប់​ពី​ពួកគេ​ថា ​អស់​ជំនឿ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​ ជា​ពិសេស​ក្រសួង​ការងារ​ ដែល​ជា​ក្រសួង​សាមី​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ការ​ងារ។ ​ក្រុម​កម្មករ​បាន​ជួប​ប្រជុំ​ដោះស្រាយ​ចំនួន១១​ដង​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ចប់វិវាទ​នេះ​បាន។

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន បញ្ជាក់​ប្រាប់​វីអូអេថា​ ខុទ្ទ​កាល័យ​កំពុង​ពិនិត្យ​មើល​ញត្តិ​នេះ ហើយ​លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​វា​នឹង​បញ្ចប់​នៅ​ពេល​ណា​ឡើយ។

លោក​ថ្លែង​ថា៖ ​«ជួន​កាល​គេ​ពិនិត្យ​២​ ឬ​៣​ថ្ងៃ​ទៅ ជួន​កាល​គេ​ពិនិត្យ​យូរ​ទៅ ​អត់​ទៀង​ទេ»។

លោក សរ​ ចំរុង​ ប្រធាន​គណៈកម្មការ សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា​នៃ​រដ្ឋសភា បញ្ជាក់​ថារដ្ឋ​សភា​ធ្លាប់​បាន​ទទួល​ញត្តិ​របស់​ក្រុម​កូដករសុំ​អន្ត​រា​គមន៍​ដោះស្រាយ​វិវាទ​ការងារ​នេះ​ម្តង​រួច​មក​ហើយ​ ដោយរដ្ឋ​សភា​បាន​ដាក់​ទៅ​រដ្ឋា​ភិបាល និង​ក្រសួង​ការងារ​ដោះ​ស្រាយ។ ប៉ុន្តែ​លើក​នេះ​ លោក​បញ្ជាក់​ថា​រដ្ឋ​សភា​នឹង​ពិនិត្យ​មើល​ញត្តិ​របស់​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្តង​ទៀត។

លោក​ថ្លែង​ថា៖​ ​«ស្អែក​ខ្ញុំ​នឹង​ប្រជុំ​គ្នា ជាមួយ​ទីប្រឹក្សា​ច្បាប់​ខ្ញុំ ​ហើយ​បាន​យោបល់​យ៉ាង​ណា​នោះ ខ្ញុំ​សូម​យោបល់​សម្តេច​អគ្គ​សេនា​ពញា​ចក្រី ​ហេង សំរិន ក្នុង​នាង​លោក​ជា​ប្រធាន​រដ្ឋ​សភា បន្ទាប់​មក​បាន​ខ្ញុំ​បាន​សម្រេច​ថា​ទៅ​ណា»។ ​

​ចំណែក​តំណាង​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មា​ន​ជំនឿ​ថា​ ស្ថាប័ន​រដ្ឋសភា និង​ខុទ្ទ​កាល័យ​នាយក​រដ្ឋមន្រ្តី​នឹង​អាចដោះ​ស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​នេះ​បាន​ដោយ​ជោគជ័យ។

កញ្ញា​ ឈឹម ស៊ីថរ ​មេដឹក​នាំ​សហជីព​ដែល​ដឹក​នាំ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋ​សភា និង​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្រ្តី ​មាន​ជំនឿ​ថា​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា នឹងចង្អុល​បង្ហាញ​ចំ​គោល​ដៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការ​ងារ​ដែល​អូស​បន្លាយ​ពេល​ជាង​៦​ខែ​នេះ ​ប្រកប​ដោយប្រសិទ្ធ​ភាព។

កញ្ញា​ចង់​ឱ្យ​ប្រមុខ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​ដឹង​ច្បាស់​ថា​អ្វី​ដែល​ក្រុម​កូដករ និង​សហជីព​ត្រូវ​ការ​ គឺ​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព ដែល​មិន​មែន​ជា​ការ​ដោះ​ដូរ​ជា​មួយ​ទឹក​ប្រាក់​ ឬ​សំណង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ទេ។

កញ្ញា​បញ្ជាក់​ថា៖ «អ្វី​ដែល​កម្មករ​និយោជិត​ដែល​គាត់​ចង់​បាន​គឺ​ ​ការ​ការ​ពារ​សេរីភាព​សហជីព និង​សិទ្ធិ​ការ​ងារ​របស់​គាត់​ ព្រោះ​ប្រសិន​បើ​ជា​បណ្តោយ​ឱ្យ​និយោជក​ គាត់​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព សមា​ជិក​សហជីព តាម​អំពើ​ចិត្ត​ហើយ​គ្រាន់​តែ​បង់​លុយ អ៊ីចឹងចប់​រឿង​ អ៊ីចឹង​សួរ​ថា​យើង​អាច​អនុវត្ត​សេរី​ភាព​សហ​ជីព និង​សិទ្ធិ​ការងារ​យើង​តាម​មធ្យោបាយ​ណា តាម​រយៈ​ការ​បង្កើត​សហជីព​ ហើយ​អាច​ឈរ​ជើង​នៅ​ធ្វើ​ការ​ និង​តំណាង​ឱ្យ​កម្មករ​ដែល​បំពេញ​តួនាទី​ខ្លួន​ឯង​បាន​ដោយ​របៀប​ណា?»។

កញ្ញា​បន្ត​ថា​មូលហេតុ​សំខាន់​ដែល​សហជីព និង​ក្រុម​កូដករ​សម្រេច​ចិត្ត​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋ​សភា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី គឺ​ដោយ​សារ​តែ​អស់​ជំនឿ​លើ​ក្រសួង​ការងារ​ ដែល​មិន​បាន​ដោះស្រាយ​វិវាទ​ការងារ​នេះ ដោយ​អព្យាក្រឹតភាព​សម្រាប់​កម្មករ​និយោជិត។

កញ្ញា​ថ្លែងថា៖ ​«ដោយ​សារ​ការ​បន្លាយ​ពេល​ក្នុង​ការ​ដោះ​ស្រាយ ​វា​នឹង​កាន់​តែ​យូរ​ទៅៗ​ហើយ។ ហើយ​យើង​មើល​ឃើញ​ពី​ភាព​មិន​ឯក​រាជ្យ និង​មិន​ឈរ​នៅ​កណ្តាល​ ហើយ​មិន​អាច​ផ្តល់​យុត្តិធម៌​ឱ្យ​កម្មករ​បាន​ពី​ខាង​អ្នក​សម្រប​សម្រួល​ ជា​ពិសេស​ខាង​ក្រសួង​ការ​ងារ​ ដែល​ជា​និច្ច​កាល​តែង​តែ​គាំទ្រ​ក្រុមហ៊ុន រាល់​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន ហើយ​អត់​បាន​ខ្វល់​អំពី​សេរី​ភាព​សហជីព​ និង​សិទ្ធិ​របស់​កម្មករ​និយោជិត​ ក្នុង​ការ​អនុវត្ត​សិទ្ធិ​ការ​ងារ​របស់​គាត់​ហ្នឹង ​គឺ​តែង​តែ​សម្រប​សម្រួល​ឱ្យ​កម្មករ​និយោជិត​យក​លុយ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​កម្មករ​និយោជិត​ចង់​បាន​ទេ»។

ចំណែក​អ្នកស្រី ឈឹម សុខន សមា​ជិក​សហ​ជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ថ្លែង​ថា ​ស្ថាប័ន​ជា​ច្រើន​ដែល​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ​មិន​បាន​ជោគ​ជ័យ ដូច្នេះ​ទើប​ក្រុម​កូដ​ក​រ ​រំពឹង​ថា​ថ្នាក់​ដឹក​នាំ​ប្រទេស​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​។

អ្នកស្រី​ថ្លែង​ថា៖ ​«យើង​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​ហ្នឹង យើង​ឃើញ​ថា​វិវាទ​ហ្នឹង​មក​ដល់​ពេ​ល​នេះ វា​អូស​បន្លាយ​យូរ​ហើយ​ ហើយ​ស្ថាប័ន​ច្រើន​ដែល​ចូល​ដោះ​ស្រាយ។ ក្រសួង​ការ​ងារ​អី យើង​មើល​ឃើញថាវា​អត់​ទទួល​បាន​លទ្ធផល​ អ៊ីចឹង​ទៅ​យើង​គិត​ថា​ដាក់​ទៅ​សម្តេច​ហ្មង​ទៅ ខុទ្ទកាល័យ​សម្តេច​ ព្រោះ​គាត់​ជា​ថ្នាក់​ដឹក​នាំ​កំពូល​ ប្រហែល​ជា​មាន​តែ​គាត់​ទេ​មើល​ទៅ ដោះ​ស្រាយ​រឿង​នេះ​បាន»។

បើ​តាម​អ្នកស្រី ឈឹម សុខន ក្រុម​កូដករ​នៅ​តែ​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​យក​បុគ្គលិក​ប្រមាណ២០០​នាក់​ឱ្យ​ចូល​ធ្វើការ​វិញ។ ចំណែក​អ្នក​ទទួលប្រាក់​សំណ​ង​ គឺ​ក្រុមហ៊ុន​ត្រូវ​ផ្តល់សំណង​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សហ​ជីព និង​សកម្មជនទាំង​១៥​នាក់​ ដែល​តុលាការ​បាន​ចោទ​ប្រកាន់​កាល​ពី​កន្លង​ទៅ។

អ្នកស្រីបន្ថែម​ថា​ការ​ទទួល​យក​ក្រុម​កូដករ​ និង​ក្រុម​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ គឺ​ជា​ការ​គោរព​សិទ្ធិ​សហ​ជីព​ឯក​រាជ្យ ដែល​បម្រើ​ផល​ប្រយោជន៍​ដល់​កម្មករ​នយោជិត​ និង​កុំ​ឱ្យ​ក្រុមហ៊ុន​កេង​ចំណេញ​ការងារ​ និង​រំលោភ​សិទ្ធិ​ការ​ងារ​លើ​បុគ្គលិក។

អ្នកស្រី​ថា៖ «បើ​សិន​ជា​យក​ពួក​យើង​ចូល​ធ្វើ​ការ​វិញ​បាន​ន័យ​ថា​គោរព​សិទ្ធិ​សហជីព​ដែល​មាន​ចែង​ក្នុង​ច្បាប់ អ៊ីចឹង​ដើម្បី​ឱ្យ​សហជីព​ឯក​រាជ្យ​ដែល​មាន​ក្នុង​កន្លែង​ធ្វើការ​ បាន​កម្មករ​គាត់​មាន​អ្នក​តំណាង​ដោយ​ឯករាជ្យ​ ដែល​ទាមទារ​អត្ថប្រយោជន៍​គាត់​ពិត​ប្រា​កដ» ។

លោក ហេង​ សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ ថ្លែង​ថា ​ក្រសួង​តែង​លើក​ទឹក​ចិត្តឱ្យ​គ្រប់​ភាគី​អនុវត្ត​នីតិ​វិធី​បន្ទាប់ គឺ​ទៅតុលាការ ​ប្រសិន​ជា​ភាគី​ណា​មួយ​យល់ថា​នីតិ​វិធី​បច្ចុប្បន្ន​ត្រូវ​បាន​បំ​ពេញ​ចប់។

លោក​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ តាម​ប្រព័ន្ធ​តេឡេក្រាម​ [Telegram] ដែល​មាន​អត្ថន័យ​ដើម​ថា៖ «ក្រសួង​ធ្វើ​ការ​លើ​វិស័យ​នេះ ​ក្រសួង​ច្បាស់​លើ​ការ​បក​ស្រា​យ​ច្បាប់ ​និង​នីតិវិធី។ ក្រសួង​បក​ស្រាយ​ទៅ​លើ​ខ្លឹម​សារ​ច្បាប់​ ត្រង់​បុគ្គល​ណា​យល់​ឃើញ​ខុស ឬ​ស្រប​ពី​ក្រសួង​នោះ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​នោះ។ ជា​នីតិ​វិធី​ភាគី​ណា​មួយ​ ដែល​មិន​ទទួល​យក​ការ​បក​ស្រាយ​របស់​ក្រសួង ​និង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល ​គឺ​ត្រូវ​បន្ត​ទៅ​តុលា​ការ»។

បើ​តាម​ញតិ្ត​រួម​របស់​កម្មករ​និយោជិតក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ដាក់​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ស្ថាប័នរដ្ឋ​សភា​របស់​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ចន្ទ​ទី​២០ ​ខែ​មិថុនា ប្រសិន​បើ​ក្រុមហ៊ុន​ព្រម​ទទួល​ក្រុម​កូដ​ករ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ នោះ​ពួកគេឯកភាព​ឱ្យ​ក្រុមហ៊ុន​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​របស់​បុគ្គលិក ដោយ​ខែ​ទី​មួយ ធ្វើ​ការ​ត្រឹម​៥០% ​នៃ​ម៉ោង​ធ្វើ​ការ ខែ​ទី​ពីរ៧០% និង​ខែ​ទី​បី ១០០%៕