អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ ប្រសិនបើអ្នកស្រីខកខានមិន ចូលរួមសវនាការ ឬមិនមានមេធាវីតំណាងក្នុងសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ជួប សំលាប់ ទៅតាមការកោះហៅរបស់តុលាការឧទ្ធរណ៍។
នេះបើតាមការបញ្ជាក់របស់មន្ត្រីយុត្តិធម៌កម្ពុជា។
លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នាព្រឹកថ្ងៃសុក្រនេះថា អ្នកស្រី ប៊ូ រចនា ត្រូវតែចូលរួមសវនាការទៅតាមការកោះហៅរបស់តុលាការ ឬត្រូវមានមេធាវីតំណាងក្នុងនាមជាដើមបណ្តឹង។ លោកបន្ថែមថា ប្រសិនបើដើមបណ្តឹងមិនចូលរួមតាមការកោះហៅទេ នោះនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
លោក ទូច ថារិទ្ធិ មានប្រសាសន៍ថា៖
«នីតិវិធីត្រូវតែគាត់ចូល ព្រោះគាត់ជាគូក្តីពាក់ព័ន្ធក្នុងរឿងក្តីហ្នឹង។ គាត់ត្រូវតែមាន។ បាទ! នីតិវិធីក្នុងច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនឹងមាន (ទោស) នៅក្នុងក្រមព្រហ្មទណ្ឌនឹងមាន»។
ដីកាកោះចេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា បានបង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ដែលក្នុងដីកានេះបញ្ជាក់ថា ជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល ដើម្បីជំនុំជម្រះលើជនជាប់ចោទឈ្មោះ ជួប សំលាប់។
ដីកានោះត្រូវបានសរសេរបន្ថែមនៅផ្នែកខាងក្រោមក្នុងន័យដើមថា៖
«បុគ្គលពាក់ព័ន្ធត្រូវបានកោះហៅក្នុងឋានៈជាជនរងគ្រោះ (ការមិនចូលបង្ហាញខ្លួននៅពេលសវនាការ ការមិនព្រមឆ្លើយឲ្យព័ត៌មានក្នុងឋានៈសាក្សី ឬការឆ្លើយឲ្យព័ត៌មានក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមច្បាប់)»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកស្រី ប៊ូ រចនា ភរិយាសពរបស់លោកបណ្ឌិត កែម ឡី ដែលកំពុងជ្រកកោនក្នុងប្រទេសអូស្រ្តាលី ជាមួយកូនប្រុសទាំង៥របស់អ្នកស្រីបានទេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
ទោះយ៉ាងណា អ្នកស្រី ប៊ូ រចនា បានបង្ហោះលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃព្រហស្បតិ៍ ដោយភ្ជាប់ដីកាកោះហៅរបស់តុលាការ និងរូបថតក្រុមគ្រួសារ ព្រមទាំងរូបសពស្វាមីរបស់អ្នកស្រីប៉ុន្មានសន្លឹកផង។ អ្នកស្រីសរសេរថា អ្នកស្រីមិនបានដាក់ពាក្យបណ្តឹងដើម្បីទាមទាររកយុត្តិធម៌ក្នុងករណីឃាតកម្មស្វាមីរបស់អ្នកស្រីនោះទេ។ អ្នកស្រីបញ្ជាក់ថា ការមិនដាក់ពាក្យបណ្តឹងនេះ គឺដោយសារអ្នកស្រីមិនជឿថា តុលាការកម្ពុជាអាចផ្តល់យុត្តិធម៌ឲ្យស្វាមីអ្នកស្រីបានទេ។
អ្នកស្រីសរសេរក្នុងសម្រង់ន័យដើមថា៖
«តាំងពីស្វាមីនាងខ្ញុំត្រូវបានឃាតកបាញ់សម្លាប់រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ កុំថា ឡើយចង់ទៅដាក់ពាក្យបណ្តឹង សូម្បីតែគិតថា ទៅប្តឹងក៏មិនដែលគិតផង ពីព្រោះនាងខ្ញុំដឹងច្បាស់ហើយថា តុលាការនៅទីក្រុងភ្នំពេញគ្មានសមត្ថភាពចាប់ឃាតកពិត និងរកយុត្តិធម៌ឲ្យខ្ញុំបានឡើយ»។
មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែងពីបទបដិសេធមិនចូលខ្លួនថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពីមួយសែនទៅមួយលានរៀល។
ទោះយ៉ាងណាគេឃើញថា មាត្រានោះមិនបានបញ្ជាក់ពីការមិនចូលខ្លួនរបស់ដើមបណ្តឹងនោះទេ។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស លើកឡើងថា តាមច្បាប់ ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលមិនចូលរួមសវនាការ គ្រាន់តែអាចបាត់បង់សិទ្ធិក្នុងការទាមទារសំណងប៉ុណ្ណោះ ប៉ុន្តែលោកថា មិនត្រូវប្រឈមនឹងការមានទោសនោះទេ។ ទោះយ៉ាងណាលោក សុក សំអឿន សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងដីការបស់តុលាការ និងការលើកឡើងរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍នោះទេ។
លោកមានប្រសាសន៍ថា៖
«ដើមបណ្តឹង គាត់ជាដើមបណ្តឹងរដ្ឋប្បវេណីទេ។ បើដើមបណ្តឹងរដ្ឋប្បវេណី លុះត្រាតែគាត់ជាអ្នកដាក់ពាក្យប្តឹង ទាមទារសំណងអីអីចឹង។ បើគាត់អត់ដាក់ពាក្យប្តឹងមិនអាចហៅគាត់ថា ជាដើមបណ្តឹងទេ។ អាហ្នឹងទី១។ ទី២ ដើមបណ្តឹងក្នុងរឿងរដ្ឋប្បវេណី បើសិនដើមបណ្តឹងអត់ចូលខ្លួន អាហ្នឹងគ្រាន់តែថ្លោះសិទ្ធិមួយត្រង់ថា បណ្តឹងរបស់ខ្លួនវាត្រូវអត់ប្រយោជន៍ មានន័យថា យើងបោះបង់ចោលបណ្តឹងរបស់យើង។ ដូចជាអត់មានច្បាប់ដាក់ទោសដើមបណ្តឹងមិនចូលទៅតុលាការទេ»។
ដីកាកោះ ចេញកាលពីថ្ងៃទី១៤ខែមីនានេះ ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា ក្រុមចារកម្មបាតដៃខ្មៅទី៣ គឺជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស ជួប សំលាប់ អស់រយៈពេលមួយឆ្នាំកន្លងមកហើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៦ ខែមីនា នេះថា លោកជាអ្នកគោរពការវិភាគរបស់លោកបណ្ឌិត កែម ឡី ហើយលោកថា អ្នកស្រី ប៊ូ រចនា ខុសធ្ងន់ ដែលចាត់ទុកលោកជាសត្រូវ។ លោកបន្ថែមថា ក្រុមប្រឆាំង ដែលជាបាតដៃទី៣គឺជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី មិនមែនលោកជាអ្នកសម្លាប់ ដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួននោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា៖
«លោកស្រី ប៊ូ រចនា លោកស្រីភ័ន្ដច្រឡំធំហើយយកខ្ញុំជាសត្រូវ! ហើយបែរជាយកចោរធ្វើជាឪពុក។ លោកស្រីខុសធ្ងន់ណាស់! រឿងអីត្រូវមកចោទខ្ញុំជាអ្នកសម្លាប់ កែម ឡី? ផ្ទុយទៅវិញ កែម ឡី ជាមនុស្សដែលខ្ញុំគោរពនូវការវិភាគ ហើយមានការរៀបចំជំនួបមួយជាក់លាក់ក្រោយពេលខ្ញុំទើបមកពីប្រជុំអាស៊ី-អឺរ៉ុប នៅឯប្រទេសម៉ុងហ្គោលី។ មនុស្សតិចណាស់ដែលបានដឹងរឿងនេះ។ ប៉ុន្ដែខ្ញុំគិតថា ពួកចារកម្មដែលជាបាតដៃខ្មៅ គេបានដឹងរឿងនេះ។ គេបំផ្លាញជីវិត កែម ឡី ព្រោះ កែម ឡី មានទិសដៅបង្កើតបក្សនយោបាយមួយខុសពីបក្សប្រឆាំង»។
លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់កាហ្វេមួយកន្លែង កណ្តាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលឆ្នាំ២០១៦។ ប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់លោក កែម ឡី បុរសម្នាក់ដែលអះអាងថា ខ្លួនឈ្មោះ ជួប សំលាប់ ត្រូវបានឃាត់ខ្លួន និងអះអាងថា ជាឃាតកសម្លាប់លោក កែម ឡី ដោយថា លោក កែម ឡី ជំពាក់លុយខ្លួនជាង៣ពាន់ដុល្លារមិនព្រមសង។
ក្រោយមកជនឈ្មោះ ជួប សំលាប់ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោស កាលពីចុងខែមីនា ឆ្នាំ២០១៧ ដោយសម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន បើទោះជាមានមន្ទិលពីក្រុមគ្រួសារ និងសាធារណជនថា ជួប សម្លាប់ ជាឃាតកសិប្បនិម្មិតក៏ដោយ។
បន្ទាប់ពីការកាត់ទោស ជួប សំលាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិចំនួន៦៥បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងថា ការស៊ើបអង្កេត និងសវនាការរបស់តុលាការដំណើរការទៅដោយមិនពេញលេញ និងខ្វះតម្លាភាព។ ពួកគេបានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យទាក់ទងឃាតកម្មលើអ្នកវិភាគដ៏ល្បីល្បាញរូបនេះ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចតេលេក្រាមថា ចៅក្រមស៊ើបសួរកំពុងបន្តចាត់ការលើសំណុំរឿងឃាតកម្មលើលោក កែម ឡី បន្ទាប់ពីកាត់ទោស ជួប សំលាប់។ លោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមដោយគ្រាន់តែបញ្ជាក់ថា រាល់ការស៊ើបសួរត្រូវរក្សាជាការសម្ងាត់។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌមិនពឹងផ្អែកទៅលើការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនោះឡើយ ដោយសារព្រះរាជអាជ្ញាជាម្ចាស់បណ្តឹងអាជ្ញា»។
ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការ Global Witness ដែលបានលាតត្រដាងអំពីអាជីវកម្មរបស់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់យ៉ាងហោចណាស់២០០លានដុល្លារអាមេរិក៕