អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៣៧ គីឡូម៉ែត្រការ៉េ នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រីHanna Maliar បាននិយាយនៅលើបណ្តាញ Telegram ថា ទាហានអ៊ុយក្រែនកំពុងវាយលុកនៅតំបន់ Bakhmut នៅភាគខាងកើត ខណៈដែលរុស្ស៊ីកំពុងវាយប្រហារនៅតំបន់ Lyman, Adviivka និង Mariinka។
ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យដែរថា កងកម្លាំងរុស្ស៊ីបានរុលទៅមុខនៅផ្នែកខ្លះ ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ក្នុងពេលដែលមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈពេលដែលកងទាហានអ៊ុយក្រែន មានប្រៀបនិងរុលទៅមុខនៅផ្នែកខាងត្បូងប្រទេស។
លោកស្រី Hanna Maliar បានបន្ថែមទៀតថា៖ «ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងកើតមានឡើងនៅគ្រប់កន្លែងទាំងអស់។ ស្ថានភាពមានភាពស្មុគ្រស្មាញខ្លាំង»។
លោកស្រី Maliar និយាយថា នៅផ្នែកខាងត្បូង កងទាហានអ៊ុយក្រែន បានប្រឈមនឹងការតស៊ូប្រយុទ្ធយ៉ាងខ្លាំងរបស់គូសត្រូវ ការដាក់មីនដោយប្រើឧបករណ៍ចុចពីចម្ងាយ និងការដាក់ទាហានបម្រុងរុស្ស៊ីឡើងវិញផងដែរ»។
រុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំបែកការវាយប្រហាររបស់អ៊ុយក្រែននៅជិតភូមិនានា ជុំវិញទីក្រុង Bakhmut និងតំបន់ភាគខាងត្បូង ជាពិសេសតំបន់ប្រជុំជនយុទ្ធសាស្ត្រក្រុងកូនភ្នំ Vuhlear។
ក្រោយពេលស្ងាត់ស្ងៀមអស់ពេលប្រមាណ១២ថ្ងៃ រុស្ស៊ីបានធ្វើការវាយប្រហារដោយដ្រូនតាមអាកាសជាថ្មីឡើងវិញ កាលពីយប់ឈានចូលថ្ងៃអាទិត្យ នៅទូទាំងប្រទេសអ៊ុយក្រែន ដោយធ្វើឱ្យមនុស្សម្នាក់រងរបួសក្នុងតំបន់កៀវ ដោយសារកម្ទេចកំទីធ្លាក់ពីលើ។ ការវាយប្រហារនោះ ត្រូវបានបំបែកដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។
ក្រុមមន្ត្រីអ៊ុយក្រែនមិនបានប្រាប់ពីចំនួនដ្រូនរុស្ស៊ី ដែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីក្រុងកៀវ និងតំបន់ជុំវិញនោះឡើយ ប៉ុន្តែខាងទ័ពអាកាសអ៊ុយក្រែននិយាយថា យន្តហោះដ្រូន Shahed ទាំង៨ ដែលផលិតនៅប្រទេសអ៊ីរ៉ង់ និងមីស៊ីលគ្រូស Kalibr របស់រុស្ស៊ីទាំង៣គ្រាប់ ត្រូវបានបាញ់ស្ទាក់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស៣ក្នុងទ្វីបអឺរ៉ុប ដើម្បីពង្រឹងសម្ព័ន្ធភាពអន្តរជាតិ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានបន្តឈានចូលដល់ឆ្នាំទី២ហើយនោះ។ ការផ្តោតរបស់ លោកBiden ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅសប្តាហ៍ក្រោយនេះ គឺការចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអង្គការអូតង់នៅឆ្នាំនេះ ដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងរដ្ឋធានីវិលនីញូស (Vilnius) ប្រទេសលីទុយអានី ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។