លទ្ធផល​ផ្លូវការ​បង្ហាញ​ជ័យជម្នះដល់គណបក្ស​ភឿថៃ

រូបឯកសារ៖ ក្រុម​អ្នកគាំទ្រ​គណបក្ស​ភឿថៃ​បង្ហាញ​ប្រតិកម្ម​របស់​ខ្លួន​ បន្ទាប់​ពី​មាន​ការ​ចេញ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជាតិ​ នៅ​ក្រុង​បាងកក កាល​ពីថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ​២០១៩។​

គេ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយទេ​ថា​តើនរណា​នឹងបង្កើតរដ្ឋាភិបាល​ថ្មី​នោះ​ទេ ពីព្រោះ​គណបក្សទាំង​ពីរ​ដែលមានការ​គាំទ្រ​ច្រើន​កំពុង​ស្វះស្វែង​រក​ដៃគូ​ដើម្បី​ឱ្យមាន​សំឡេង​ភាគ​ច្រើន​ក្នុងសភា។

កាល​ពី​ថ្ងៃ​អង្គារ គណៈកម្មការ​រៀបចំការ​បោះឆ្នោត​នៃ​ប្រទេសថៃ បាន​ផ្តល់ការ​យល់ព្រម​ជា​ផ្លូវការ​ដល់​លទ្ធផល​នៃ​ការ បោះឆ្នោត​ទូទៅកាល​ពីថ្ងៃទី២៤ ខែ​មីនា ​របស់​ប្រទេសនេះ​ ដោយ​បានប្រកាស​ថា​ គណបក្សភឿថៃ​ (Pheu Thai) ដែល​មាន​ចំណង​ទាក់ទង​ជា​មួយ​អតីតនាយករដ្ឋមន្ត្រី​រត់គេចខ្លួន Thaksin Shinawatra បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​មណ្ឌល​ចំនួន​ ១៣៦។​

គណៈកម្មការ​នេះ​បានថ្លែង​ថា ​គណបក្ស​ Palang Pracharath បាន​ទទួល​ការគាំទ្រ​លំដាប់ទី​ពីរ ​ដោយ​ទទួល​អាសនៈ​ចំនួន​ ៩៧។​

គេ​មិន​ទាន់ដឹង​ច្បាស់លាស់​នៅឡើយទេ​ថា​ តើនរណា​នឹងបង្កើតរដ្ឋាភិបាល​ថ្មី​នោះ​ទេ ពីព្រោះ​គណបក្សទាំង​ពីរ​ដែលមានការ​គាំទ្រ​ច្រើន​កំពុង​ស្វះស្វែង​រក​ដៃគូ​ដើម្បី​ឱ្យមាន​សំឡេង​ភាគ​ច្រើន​ក្នុងសភា។

​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​នៃ​ប្រទេសថៃ​បាន​ទទួល​ការ​រិះគន់ខ្លាំងដោយសារ​បានចេញ​ផ្សាយលទ្ធផលដំបូងៗ​នៃ​ការបោះឆ្នោត​នេះ​ ដែល​បាន​ត្រូវពន្យាពេល ​និង​នាំ​ឱ្យមាន​ការ​សាំញ៉ាំ​ ហើយ​ក៏​បានត្រូវ​ចោទប្រកាន់ដែរ​ថា​ លម្អៀងទៅខាង​ក្រុម​យោធា។

មាន​កៅ​អី​ទាំង​អស់​ចំនួន ៥០០ ក្នុង​សភា​តំណាង​រាស្ត្រ​ ហើយ​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​បាន​ផ្តល់ការយល់ព្រម​ដល់​កៅអី​ ៣៤៩ ​ក្នុង​បណ្តាអាសនៈ ៣៥០ ដែល​បាន​ទទួល​ជ័យជម្នះតាម​រយៈការ​បោះឆ្នោត​ដោយ​ផ្ទាល់។​

កៅអី ១៥០ ដែល​នៅ​សេសសល់ដែល​គេ​ហៅ​ថា ​អាសនៈក្នុង​បញ្ជី​របស់​គណបក្សនឹង​ត្រូវផ្តល់ឱ្យ​ដោយផ្អែក​លើសមាមាត្រ​នៃ​ការបោះឆ្នោត​នៅ​ទូទាំង​ប្រទេសតាម​រយៈរូបមន្ត​សាំ​ញ៉ាំមួយ ហើយ​គណៈកម្មការ​នេះត្រូវ​តែចាត់ការអំពី​បញ្ហា​នេះ​ឱ្យមានមុន​ថ្ងៃព្រហស្បតិ៍។​ មាន​ភាព​មិន​ច្បាស់លាស់​អំពី​ថា​តើ​រូបមន្តនេះ​នឹង​ត្រូវអនុវត្តបែបណាដែល​នាំ​ឱ្យមានការពិបាកក្នុង​ការ​បែងចែក​អាសនៈនៅ​ក្នុង​សភា​ជាន់ទាប។

អាសនៈ​សម្រាប់​មណ្ឌលមួយមិន​បាន​ទទួល​ការ​យល់ព្រមនៅឡើយទេ បន្ទាប់ពី​បេក្ខជននៃគណបក្ស Pheu Thai ដែល​មាន​ការ​គាំទ្រ​ច្រើនជាងគេគ្មាន​គុណវុឌ្ឍិ ដោយ​សារ​បានរំលោភលើបទបញ្ញត្តិ​មួយនៃ​ការ​បោះឆ្នោត ដោយ​លោក​បានប្រគេន​ប្រាក់​កាស​ដល់សង្ឃ​មួយ​អង្គ​នៅ​ពេល​ឃោសនា​បោះឆ្នោត៕