អ្នកតាមដានសង្គម ក្នុងប្រទេសកម្ពុជា ចង់ឃើញតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ក្រុមដែលប្រើកាំភ្លើង បាញ់បោះសេរីជាង២០០គ្រាប់ នៅលើភ្នំគិរីរម្យ យកមកផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ និងមិនត្រូវឱ្យជនបង្កដែលកំពុងរត់គេចខ្លួន រស់នៅក្រៅសំណាញ់ច្បាប់ទេ ជាពិសេសត្រូវតែហ៊ានដាក់ទោស ទៅលើអ្នកប្រព្រឹត្ត ដែលមានអ្នកមានអំណាចកាងពីក្រោយ ដើម្បីបញ្ចៀស និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មនុស្សប្រមាណ២០នាក់ បានជួបជុំផឹកស៊ី ក្នុងពិធីខួបកំណើតមួយ នៅត្រង់ចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅលើខ្នងភ្នំគិរីរម្យ ដោយនៅពេលផឹកស៊ីនោះ ពួកគេបានដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធចំនួន២០៣គ្រាប់ ដោយប្រើប្រាស់កំាភ្លើងខ្លី កំាំភ្លើងប្រភេទM16និងកាំភ្លើងប្រភេទAK47។ ក្រោយការបាញ់បោះដើម្បីកំដរការសប្បាយក្នុងពិធីខួបកំណើតនោះមក ជនដែលបង្កការបាញ់បោះបានរត់គេចខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ កត់សម្គាល់ថា ការគ្រប់គ្រងកាំភ្លើង និងអាវុធជាតិផ្ទុះ មិនទាន់បានល្អប្រសើរនៅឡើយទេ ព្រោះកន្លងមក ករណីបាញ់បោះយ៉ាងអនាធិបតេយ្យ ក៏កើតមាន ហើយភាគច្រើន ការប្រើប្រាស់កាំភ្លើងបាញ់បោះសេរី គឺក្រោមរូបភាព ជនបរទេសមួយចំនួន ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ទិញកាំភ្លើងខុសច្បាប់យកមកប្រើ និងកើតឡើងដោយសារ មន្ត្រីនគរបាលដែលមានអាវុធ បានប្រើប្រាស់អាវុធទាំងនោះ ខុសវិន័យ និងខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធ។
លោក សន ជ័យ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធ គួរតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើករណីប្រើប្រាស់កាំភ្លើងបាញ់បោះដោយសេរីនេះ ហើយគួរតែមានវិធានការទប់ស្កាត់ ដូចជាការពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ព្រោះការប្រើប្រាស់អាវុធ អាចបណ្តាលឱ្យមនុស្សស្លាប់ បង្កជាភាពអយុត្តិធម៌ក្នុងសង្គម និងបង្កជាការភ័យខ្លាចដល់ពលរដ្ឋ និងអ្នកវិនិយោគជាដើម។
លោកប្រាប់វីអូអេថា៖«ទាំងអស់នេះ ធ្វើឱ្យយើងមើលឃើញអំពី ការបារម្ភអំពីសុវត្ថិភាពរបស់មនុស្សទូទៅ របស់ជនស្លូតត្រង់ជាដើម ហើយក៏ជាការបង្កការភ័យខ្លាចទៅដល់មហាជន ឬក៏ដូចជាអ្នកវិនិយោគ ដែលគេចង់មករកស៊ីស្រុកខ្មែរដែរ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វីអូអេថា មូលហេតុដែលបណ្តាលឱ្យមានការបាញ់បោះដោយសេរីបែបនេះ ដោយសារការអនុវត្តច្បាប់ នៅមានលក្ខណៈធូររលុង ហើយពេលខ្លះមន្ត្រីមូលដ្ឋាន ខ្លាចអំណាចអ្នកដែលប្រព្រឹត្តទាំងនោះ ព្រោះពួកគេមានសែស្រឡាយធំៗ កាងពីក្រោយ។
លោកថ្លែងថា៖ «អ្នកដែលមានសែស្រឡាយធំៗ ច្រើនតែរួចទោស ជួនកាលគ្រាន់តែចាប់មកសួរនាំបន្តិចបន្តួចក៏ឱ្យរួចខ្លួនអ៊ីចឹងទៅ។ អ៊ីចឹងហើយបានជាកូនចៅ អ្នកមានសែស្រឡាយ អ្នកធំដុំ ឬអ្នកមានបុណ្យសក្កិមួយចំនួន នៅតែប្រព្រឹត្តអំពើបាញ់បោះអនាធិបតេយ្យហ្នឹង។ បើសិនជាមានការអនុវត្តច្បាប់ត្រឹមត្រូវមិនហ៊ានទេ។ ហើយម្យ៉ាងវិញទៀត អាជ្ញាធរដែនដី ខ្លាចអំណាចពួកអស់ហ្នឹងទៀត»។
ក្នុងករណីបាញ់បោះលើខ្នងភ្នំគិរីរម្យនេះ លោកចង់ឃើញតុលាការ និងអាជ្ញាធរដែនដី ចាប់ជនបង្ក ដែលបាញ់បោះទាំងអស់ យកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ និងមិនត្រូវឱ្យជនបង្ក ដែលកំពុងគេចខ្លួន រួចផុតពីសំណាញ់ច្បាប់ឡើយ។
លោកបន្ថែមថា៖ «យើងឃើញថា ចំពោះអំពើល្មើស ដែលប្រព្រឹត្តដោយកូនអ្នកធំ ភាគច្រើន មិនសូវជាចាត់វិធានការបានទាន់ពេលវេលា ហើយបើថាគេចខ្លួន ក៏មិនសូវរកឃើញដែរ។ ហើយរឿងហ្នឹងគឺប្រហែលជាមានការសង្ឃឹមតិចតួចថានឹងអាចរកជនដែលរត់គេចខ្លួន យកមកប្រឈមជាមួយច្បាប់ ហើយនិងកាត់ទោសត្រឹមត្រូវតាមច្បាប់ហ្នឹងគឺ ការមើលឃើញរបស់ប្រជាពលរដ្ឋហ្នឹង ថាសែស្រឡាយ អំណាចនៅតែធំធេងជាងច្បាប់»។
លោក យង់ គិមអេង ក៏បានចោទសួរថា ហេតុអ្វីបានជា អាជ្ញាធរមូលដ្ឋាន មិនព្រមមានចំណាត់ការភ្លាមៗ ពេលដែលកើតហេតុការណ៍បាញ់បោះកើតឡើង ប៉ុន្តែបែរជាមានការចែកចាយតាមបណ្តាញសង្គម ទើបចាប់ផ្តើមមានវិធានការ។
ក្នុងហេតុការណ៍បាញ់បោះសេរីលើខ្នងភ្នំគិរីរម្យនោះ បុរស៤នាក់ក្នុងចំណោមប្រមាណ២០នាក់ បានចូលសារភាព រួចត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ«ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត» តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ អ្នកទាំង៤នោះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែក ជនបង្កដែលកំពុងរត់គេចខ្លួន គឺអាជ្ញាធរ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងស្វែងរក ដើម្បីយកមកផ្តន្ទាទោស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ក្រោយហេតុការណ៍បាញ់បោះនៅលើខ្នងភ្នំគិរីរម្យ ដែលជាតំបន់ទេសចរណ៍សំខាន់មួយរបស់ប្រទេសនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្ម និងបានឱ្យដឹងពីវិធានការទៅលើជន៤រូបដែលចូលមកសារភាព។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែត បានឱ្យដឹងថា មនុស្ស៤នាក់ ដែលបាញ់បោះសេរីលើភ្នំគិរីរម្យនោះ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។
លោកថ្លែងថា៖ «ម្សិលម្ងៃឃើញបាញ់នូវគីរិរម្យ សួរចុះសួរឡើង ស្រាវជ្រាវឃើញ។ ជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវកាត់បន្ថយ ហើយចាត់វិធានការតឹងរ៉ឹង ដូចបណ្តេញចេញពីក្របខណ្ឌ ដូច៤នាក់ត្រូវបណ្តេញចេញពីក្របខណ្ឌ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ស្ពឺបាននៅឡើយទេ។ ចំណែកលោក ផេង ស៊ីភ័ណ ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ប្រាប់វីអូអេថា ជនបង្កទាំង៤រូបនោះ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ហើយលោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមទៀតនោះទេ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរ នឹងបន្តតាមស្វែងរកអ្នកពាក់ព័ន្ធ ក្នុងករណីបាញ់បោះលើភ្នំគិរីរម្យ ត្រង់ចំណុចចំការតែនោះ យកមកផ្តន្ទាទោសបន្តទៀត បើទោះបីជាមកដល់ពេលនេះ មនុស្ស៤បានទើបចូលសារភាព និងត្រូវបានតុលាការខេត្តចោទប្រកាន់។
លោកថ្លែងថា៖ «វាមិនមែនជាកន្លែងដែលបាញ់បោះ អនាធិបតេយ្យទេ។ បាញ់បាន ក៏ប៉ុន្តែមិនអាចរត់រួច អ៊ីចឹងបើមិនអាចរត់រួចមានតែចូលសារភាពឱ្យហើយ។ ហើយគាត់ចូលសារភាពមិនបានតែ៤នាក់ហ្នឹងទេ ហើយអ្នកដែលមិនចូលសារភាព ក៏នៅតែបន្តតាមចាប់ខ្លួនដដែល»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា មនុស្សទាំង៤នាក់ ដែលចូលសារភាពអំពីការបាញ់បោះនៅលើភ្នំគិរីរម្យ និងត្រូវបានលោកនាយករដ្ឋមន្ត្រីណែនាំឱ្យបណ្តេញចេញពីក្របខណ្ឌ គឺមិនមែនស្ថិតក្រោមក្រសួងមហាផ្ទៃនោះទេ។
លោកបន្ថែមថា ចំពោះអ្នកដែលកំពុងរត់គេចខ្លួន គឺសមត្ថកិច្ចពាក់ព័ន្ធ នឹងអនុវត្តទៅតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ។ លោកថា ចំពោះវិធានការគ្រប់គ្រងអាវុធជាតិផ្ទុះ សមត្ថកិច្ចដែលស្ថិតក្រោមក្រសួងមហាផ្ទៃ តែងតែអនុវត្ត និងរឹតបន្តឹងជាប្រចាំ ដើម្បីបញ្ចៀសការប្រើប្រាស់អាវុធខុសច្បាប់ ប៉ុន្តែបើសិនជាមន្ត្រីណាម្នាក់ប្រើប្រាស់ខុសវិន័យ និងខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕