អ្នកស្រី សុខ ពឿន អះអាងថាអ្នកស្រីចង់ទៅរស់នៅតំបន់ក្បែរអង្គរវិញ ។ ស្រ្តីអាយុ៥៥ឆ្នាំរូបនេះបញ្ជាក់បែបនេះ ក្រោយរស់នៅជិតមួយឆ្នាំនៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាសហគមន៍ថ្មីដែលរដ្ឋាភិបាលរៀបចំឱ្យពលរដ្ឋដែលត្រូវចេញពីតំបន់ក្បែរអង្គរ។ អ្នកស្រីបញ្ជាក់ថាបើរដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកស្រីទៅរស់នៅតំបន់ដើម អ្នកស្រីនឹងទៅនៅភ្លាមៗ។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ខ្ញុំថាឲ្យតែគេឱ្យលុយថ្លៃផ្ទះខ្ញុំ ខ្ញុំធ្វើអស់៥ពាន់[ដុល្លារ] ឲ្យទៅគេឱ្យខ្ញុំទៅនៅអង្គរវិញ ខ្ញុំទៅនៅអង្គរវិញហ្នឹងឯង។ ហើយដីនេះតម្លៃជាងមួយម៉ឺន[ដុល្លារ] តែខ្ញុំយកតែលុយថ្លៃផ្ទះទេ»។
អ្នកស្រី សុខ ពឿន ដែលមានកូន៥នាក់ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតដែលត្រូវបានរដ្ឋាភិបាលឱ្យចេញពីតំបន់អង្គរ ទៅនៅតំបន់ថ្មី ចម្ងាយជាង៣០គីឡូម៉ែត្រពីក្រុងសៀមរាប។ រដ្ឋាភិបាលអះអាងថាការទៅរស់នៅតំបន់ថ្មី ដែលរដ្ឋាភិបាលផ្តល់ដីដែលមានទទឹង២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែអ្នកស្រី សុខ ពឿន ថ្លែងថាអ្នកស្រីមកទីនេះមិនមែនស្ម័គ្រចិត្តឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «អូហ៍ អ៊ំមិនបានស្ម័គ្រចិត្តទេ។ ម៉ាប្លុកនេះ សុទ្ធតែបងប្អូន មិនដែលបានស្ម័គ្រចិត្តទេ។ និយាយជាមួយជា សុផារ៉ា [អតីតរដ្ឋមន្រ្តីក្រសួងដែនដី]ផ្ទាល់ហើយតើ។ គាត់ថាមិនស្ម័គ្រចិត្តថ្ងៃទី២ [ថ្ងៃចាប់ឆ្នោតរើសប្លង់ដី] ក៏នៅតែចាប់យកដីដែរ គាត់និយាយអញ្ចឹង។ ខ្ញុំថាម៉េច ខ្ញុំនិយាយតែត្រង់ហ្នឹង។ មិនបាននិយាយវៀចទេ អ្នកណាធ្វើវៀច អ្នកហ្នឹងយកទៅ»។
ពលរដ្ឋរូបនេះអះអាងថានៅទីនេះ ដីតូច មិនសូវមានជីវជាតិ ធ្វើឱ្យអ្នកស្រីមិនអាចដាំអ្វីទទួលបានផលឡើយ។ បន្ថែមនេះ ពីអ្នកស្រីត្រូវធ្វើផ្ទះអស់ប្រមាណ៥ពាន់ដុល្លារអាមេរិក ដោយខ្ចីបុលគេ ហើយជំពាក់គេរហូតមកដល់សព្វថ្ងៃនេះ។
អ្នកស្រីថ្លែងថា៖ «អ្វីដែលខ្ញុំកង្វល់ខ្លាំងជាងគេ គឺខ្ញុំអត់មានអីហូប ព្រោះអីរាល់ថ្ងៃ ខ្ញុំពិបាកដាំដុះអី ក៏វាមិនរស់។ ធ្វើផ្ទះជំពាក់លុយគេ អត់មានមុខរបររកស៊ី»។
កូនប្រុសរបស់អ្នកស្រីពីរនាក់ទៀតដែលត្រូវបានជម្លៀសពីតំបន់អង្គរក៏ទទួលបានដីពីរប្លង់នៅតំបន់រុនតាឯកនេះដែរ។ ប៉ុន្តែពួកគេទាំងពីរនាក់មិនបានរស់នៅលើដីនេះឡើយ នាពេលបច្ចុប្បន្ននេះ ដោយសារមិនមានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់ផ្ទះឱ្យហើយ។ ពួកគេបានធ្វើចំណាកស្រុក។
ក្រោមហេតុផលខ្លាចប៉ះពាល់តំបន់ប្រាសាទអង្គរវត្ត រដ្ឋាភិបាលបានរៀបចំតំបន់រុនតាឯក និងតំបន់ផ្សេងទៀតសម្រាប់អ្នកដែលត្រូវជម្លៀសចេញ ដោយបានស្ថាបនាផ្លូវ រៀបចំប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកម៉ាស៊ីនផ្សេងៗសម្រាប់ប្រជាពលរដ្ឋនៅតំបន់ថ្មី។ ប៉ុន្តែដោយសារតំបន់នោះនៅឆ្ងាយពីក្រុង ប្រជាជនខ្លះត្រូវធ្វើដំណើរទៅធ្វើការឆ្ងាយ ហើយអ្នកខ្លះក៏សម្រេចបោះបង់ការងារនៅក្នុងទីក្រុង។ អ្នកខ្លះក៏នៅបន្តការងារ បើទោះត្រូវចំណាយច្រើនលើថ្លៃសាំង ដើម្បីធ្វើដំណើរ។
ពលរដ្ឋផ្សេងទៀតដូចជាលោក លួន ឡង អាយុ៦៩ឆ្នាំ ក៏ត្អូញត្អែរអំពីជីវភាពដូចគ្នា ដោយសារលោកមិនមានដីសម្រាប់ដាំបន្លែដូចតំបន់ចាស់។
លោកប្រាប់វីអូអេថា៖ «ដែលខ្ញុំមកដល់ទីនេះបាត់បង់ចំណូល បាត់បង់ដីដែលយើងធ្វើដំណាំ។ បើខ្ញុំនៅនោះ មានដីធ្វើដំណាំ ដីធ្វើស្រែ យ៉ាងណា ដាំដំណាំបានលក់បានដូរ បានហូប ដល់មកអញ្ចេះ។ បើទោះខ្ញុំដាំដំណាំបានបន្តិចបន្តួចមិនដឹងយកទៅលក់ដូរទីណាផង»។
ទោះជាយ៉ាងណា លោកចង់ឃើញរដ្ឋាភិបាលជួយរូបលោកបន្ថែមទៀត ដោយសារលោកជាមនុស្សចាស់ ហើយពិបាកក្នុងការរស់នៅនាពេលបច្ចុប្បន្ននេះ។
លោកបន្ថែមថា៖ «ចិត្តខ្ញុំអត់មានចង់មកទេ។ ប៉ុនគេចេះតែឱ្យមក ខ្ញុំប្រកែកប្រណាំងប្រឆាំងជាមួយគេម៉េចកើត។ មកហ្នឹង ស្មានថាមានដីស្រែអីធ្វើផង។ ដល់មក អត់មានស្រែភ្លឺធ្វើអញ្ចេះ ខ្ញុំក៏អស់ទឹកចិត្តរលីងហើយ។ ទៅសង្ឃឹមហ្នឹងស្អី ពឹងស្អី នឹងបានរស់ទេ ព្រោះមនុស្សចាស់ហើយ ការងារក៏ធ្វើមិនកើត ទៅមិនរួច។ កាលដែលខ្ញុំរស់នៅតំបន់អង្គរ ចិត្តខ្ញុំអត់ចង់មកទេ។ ខ្ញុំក៏អស់ទឹកចិត្តរលីងហើយ»។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនខ្លាចថាទេ របៀបនេះ ដូចយកមកទុកឲ្យងាប់។ បើថាមិនឱ្យងាប់ មានជួយមានអីហើយ»។
បើទោះសហគមន៍រុនតាឯកមានប្រជាពលរដ្ឋខ្លះប្រកបរបររកស៊ីនៅផ្ទះបាន ដែលអាចទទួលបានផលចំណេញខ្លះ ការរស់នៅតំបន់រុនតាឯកជាមួយក្តីរំពឹងថាជីវភាពនឹងបានល្អប្រសើរជាងនៅតំបន់អង្គរនៅតែជាសំណួរសម្រាប់ប្រជាពលរដ្ឋនៅទីនេះ៕