ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​«ការ​ទូត​វប្បធម៌» ​បំផុស​យុវជន​កម្ពុជា​ឱ្យ​ស្វែង​យល់​ពី​ការ​ផ្លាស់​ប្តូរ​គំនិត វប្បធម៌​ និង​ការ​ទាក់ទង​គ្នាទៅវិញទៅមក


សិស្សនិស្សិតដែលបានចូលរួមក្នុងវេទិកា «ការទូតវប្បធម៌» និងវាគ្មិនថតរូបជុំគ្នាក្នុងវេទិកា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (សើ ដាវី/វីអូអេ)
សិស្សនិស្សិតដែលបានចូលរួមក្នុងវេទិកា «ការទូតវប្បធម៌» និងវាគ្មិនថតរូបជុំគ្នាក្នុងវេទិកា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (សើ ដាវី/វីអូអេ)

សិស្សានុសិស្ស​ប្រមាណ​១០០​នាក់​ មក​ពី​បណ្តា​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ជុំ​គ្នា​ក្នុង​វេទិកា​មួយនៅរាជធានី​ភ្នំពេញ ដើម្បី​សិក្សា និង​ឈ្វេង​យល់​ពី​វប្បធម៌​ការ​ទូត​ ក្នុង​ការ​អភិវឌ្ឍ​វិជ្ជា​ជីវៈ និង​ដឹក​នាំ​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​។

«វេទិកា​ការ​ទូត​វប្បធម៌»​ ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)​កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិចិ្ឆកា ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចែករំលែកគំនិត ព័ត៌មាន សិល្បៈ ភាសា និង​ទិដ្ឋភាព​ផ្សេង​គា្នៗ​នៃ​វប្បធម៌​របស់​ប្រជាជាតិ​នានា​ ក៏​ដូច​ជា​ជំរុញ​ការ​យល់​ដឹង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោមយុវជន​កម្ពុជា​ផង​ដែរ​។

ការ​ទូត​វប្បធម៌​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ «អំណាច​ឬ​ឥទ្ធិពល​ត្រជាក់​» ដែល​បាន​បង្កើន​ទំនាក់​ទំនង​អន្តរ​ជាតិ​រវាង​ប្រជា​ជាតិ និង​ប្រជាជនក្នុង​សាកលលោក​ ហើយ​ការ​ទូត​វប្បធម៌នេះ​ទៀត​សោត​ ​គឺ​មិន​ត្រឹម​តែ​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់​នៃ​កិច្ច​ការ​បរទេស​របស់​ប្រទេស​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បង្ហាញ​ទិដ្ឋភាព​សំខាន់ៗនៃ​ការ​ដឹក​នាំ​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី សូ ហ្វារីណា នាយិកា​រង​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។

អ្នកស្រី​លើក​ឡើង​ថា ការ​បង្កើត​វេទិកា​ការ​ទូត​វប្បធម៌​នេះ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ជំនាញ​ទំនាក់​ទំនង​ និង​ការ​យល់​ដឹង​ពី​របៀប​នៃ​ការ​ចរចា​លើ​បញ្ហា​ជាក់​លាក់​ណាមួយដល់​យុវជន​កម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នោះ​មាន​ការ​ត្រៀម​ខ្លួន​រួច​ស្រេច​ជាមុន​។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​ផល​ប្រយោជន៍​ដែល​គាត់​ទទួល​បាន​គឺ​ទាក់​ទង​ជាមួយ​នឹង​វិធី​សាស្ត្រ​នៃ​ការ​ចរចា​ វិធី​សាស្ត្រ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ វិធី​សាស្ត្រ​នៅ​ក្នុង​ការ​ធ្វើ​ម៉េច​ឲ្យ​យើង​មាន​អី​មួយ​ជា​ភាព​ខ្លាំង​របស់​យើង​ ដើម្បី​យើង​ទៅ​ចរចា​ ឬ​ទៅ​និយាយ​ជាមួយ​ភាគី​ណា​មួយ​ទៀត​។ បើ​ទោះ​បី​ជា Non-State ដែល​គេ​ហៅ​ថា​ស្ថាប័ន​សង្គម​ស៊ីវិល​ក៏​ដោយ ឬក៏​ជា​ស្ថាប័ន​ថ្នាក់​ជាតិ​ក៏​ដោយ​ អន្តរ​ជាតិ​ក៏​ដោយ»។

អ្នក​ស្រី ​ហ៊ុល​ ថុន​ណាក់​ ប្រធាន​ការិ​យាល័យ​បណ្តុះ​បណ្តាល​ក្រសួង​ការ​ប្រទេស ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​វេទិកា​«ការ​ទូត​វប្បធម៌​» ពន្យល់ថា ការទូតវប្បធម៌​គឺ​ជា​វិជ្ជា​ជីវៈ​ជំ​នាញ​ ឬ​សកម្ម​ភាព​មួយ​ដែល​ប្រទេស​មួយ​យក​វប្បធម៌​ខ្លួនទៅ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ ដើម្បី​ទាក់​ទាញ​ពាណិជ្ជ​កម្ម​ ការវិនិយោគ​ និងទាញយកផល​ប្រយោជន៍​នៃ​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​បណ្តាល​ប្រទេស​ផ្សេងៗ។

អ្នក​ស្រី​បន្ត​ថា ​សារៈ​ប្រយោជន៍​របស់​វប្ប​ធម៌​ការ​ទូត​មាន​ដូច​ជា​ ការ​បង្កើន​ទំនុក​ចិត្ត​ ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការ​ផ្លាស់​ប្តូរ​ប្រយោជន៍​រវាង​គ្នា​និង​គ្នា​ ការ​វិនិយោគ ទេសចរណ៍​ និង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​ដើម។

អ្នក​ស្រី​ថ្លែង​នៅ​ក្នុង​វេទិកានោះថា​៖ «​សារៈ​សំខាន់​ហ្នឹង​គឺ​យើង​ទាក់​ទាញ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មកច៎ា ទាំង​ប្រជា​ជន​យើង​និង​ប្រជា​ជន​គេ​ វប្បធម៌​យើង​និង​វប្បធម៌​គេ​ ហើយ​ក៏​វា​មាន​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ដែរ​ច៎ា»។

សិស្សនិស្សិតកំពុងអង្គុយស្តាប់នៅក្នុងវេទិកា «ការទូតវប្បធម៌» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
សិស្សនិស្សិតកំពុងអង្គុយស្តាប់នៅក្នុងវេទិកា «ការទូតវប្បធម៌» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើ​តាម​អ្នក​ស្រី សូ ហ្វារីណា​ វេទិកា​«ការ​ទូត​វប្បធម៌​»នេះ​ក៏​ផ្តោត​លើ​ការ​គិត​បែប​ស៊ី​ជម្រៅ ការ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង និង​សកម្មភាព​ជជែក​ពិភាក្សា​ជាច្រើន។ នៅ​ពេល​បញ្ចប់​វេទិកា​នេះ អ្នក​ចូល​រួម​រំពឹង​នឹង​បញ្ចូល​ចំណេះ​ដឹង ការ​យល់​ដឹង និង​ការ​ណែ​នាំ​ដែល​ទទួល​បាន​ទៅ​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត និង​ការ​ប្រកប​អាជីព​នា​ពេល​បច្ចុប្បន្ន និង​អនាគត​របស់​ពួកគេ​។

និស្សិត​ឱសថ​ការី​ ឆ្នាំ​ទី៤ ​កញ្ញា​ លីវ​ សុ​ម៉ា​លី ​និយាយ​ថា ​កញ្ញា​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​បន្ទាប់​ពី​បាន​ចូល​រួម​វេទិកាអប់​រំ​មួយ​នេះ​។ កញ្ញា​បន្ថែម​ថា​ ខ្លួន​ទទួល​បាន​ការ​អប់​រំ​ផ្នែក​ប្រា​ស្រ័យ​ទាក់​ទង​ខាង​វប្ប​ធម៌​ និង​អត្ថ​ប្រយោជន៍​ក្នុង​ការ​ចែក​រំលែក​អំពី​វប្បធម៌​ទៅ​កាន់​បរ​ទេស​។

កញ្ញា​ថ្លែង​ថា៖​ «ការ​ពិត​ទៅ​ខ្ញុំ​ ពី​មុន​មក​ខ្ញុំ​អត់​ដែរ​ អត់​សូវ​មាន​ចំណេះ​ដឹង​ច្រើន​ទូលំ​ទូលាយ​ទាក់​ទង​នឹង​ទំនាក់​ទំនង​ការ​បរទេស​ ឬ​ការ​ទូត​បែប​ហ្នឹង​ទេ ​តែ​ដល់​ពេល​ស្តាប់​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ ទី​មួយ​ខ្ញុំ​គឺ​ជា​និស្សិត​ចឹង​ខ្ញុំ​អាច​នឹង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម​ច្រើន​ ហើយ​ទីពី​រ ខ្ញុំ​បាន​យល់​ដឹង​ពី​ទំនាក់​ទំនង​ដូច​គាត់​បាន​ពិភាក្សា​មុន​ហ្នឹង​ លោក​ John​ គាត់​បាន​លើក​ឡើង​ទាក់​ទង​នឹង​សង្គ្រាម​របស់​អ៊ីស្រាអែល​ ប៉ាឡេស្ទីន ​ឬ​ក៏​អី​ចឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​រៀន​បន្ថែម​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ​»។​

ចំណែក​លោក សេវ ប្រាក់ អាយុ​២៦​ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចារាយ និង​ជា​និស្សិត​ប្រវតិ្ត​វិទ្យា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា ការ​ចូល​រួម​ក្នុង​វេទិកា​ការ​ទូត​វប្បធម៌​នេះ​បាន​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​លោក និង​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​ផង​ដែរ។ លោក​បន្ត​ថា ការ​សិក្សា​ពី​ការ​ទូត​វប្បធម៌​បាន​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​មាន​ទំនាក់​ទំនង និង​ឈ្វេង​យល់​ពី​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ ក៏​ដូច​ជា​អាច​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌​របស់​ប្រទេស​មួយ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ទាក់​ទង​នឹង​ការ​ទូត​វប្បធម៌​នេះ​បាន​បង្រៀន​ឲ្យ​ខ្ញុំ​ចេះ​រស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​ប្រកាន់​ ហើយ​ក៏​ផ្តល់​ទំនុក​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ វា​ជា​កត្តា​ដ៏​សំខាន់​ដែល​យើង​ត្រូវ​តែ​ធ្វើ​។ ជាក់​ស្តែង​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​វប្បធម៌​ការ​ទូត​ហ្នឹង​បាន​ធ្វើ​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌​ជា​ច្រើន​របស់​ខ្មែរ ដូច​ជា​ប្រាសាទ​អង្គរ​វត្ត​ ម្ហូប​អាហារ វប្បធម៌​ប្រពៃណី​ទាក់​ទង​នឹង​ការ​សំពះ​ជា​ដើម»។

កញ្ញា ស៊ិន សុខលី អាយុ​២៤​ឆ្នាំ​ មក​ពី​ខេត្ត​បាត់​ដំបង និង​ជា​គ្រូ​បង្រៀន​ប្រវត្តិ​វិទ្យា​ ប្រាប់​វីអូអេ​ថា ការ​ដែល​កញ្ញា​ចូល​រួម​កម្មវិធី​នេះ​គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រវតិ្តសាស្ត្រ​កម្ពុជា ក៏​ដូចជា​ការ​ចុះ​ជួប​ផ្ទាល់​ពី​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ផង​ដែរ។ កញ្ញា​បន្ត​ថា ការ​សិក្សា​ពី​ការ​ទូត​វប្បធម៌​ក្នុង​កម្មវិធី​នេះ​ធ្វើ​ឲ្យ​កញ្ញា​យល់​ដឹង​ពី​វប្បធម៌​នៃ​ការ​ដាក់​ទូត​របស់​ប្រទេស​នានា។

កញ្ញា​ថ្លែង​ថា៖ «ទាក់​ទង​ជាមួយ​នឹង​ការ​ទូត​វប្បធម៌​ពេល​ខ្ញុំ​ចូល​រួម ហើយ​ខ្ញុំ​អាច​ដឹង​ពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌ អរិយធម៌​ និង​ពី​ការ​ទូត​វប្បធម៌​ខាង​ក្រៅ​មក​ខាង​ក្នុង​ផង​ដែរ»។

ការ​ទូត​វប្ប​ធម៌​នេះ​សំដៅ​លើ​ទំ​នាក់​ទំនង​នៃ​វប្ប​ធម៌​ដែល​ផ្អែក​លើ​ចំ​ណាប់​អារម្មណ៍​ និង​ជា​រឿយៗ​ដឹក​នាំ​ដោយ​រដ្ឋា​ភិបាល​ ដោយ​មាន​គោល​ដៅ​ក្នុង​ការ​ទទួល​បាន​ឥទ្ធិ​ពល​ និង​ការ​កំណត់​ពី​ឥរិយា​បថ​របស់​ប្រទេស​ដទៃ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្គាល់​កាន់​តែ​ច្បាស់​ពី​វប្ប​ធម៌​ បទដ្ឋាន​ និង​ស្ថាប័ន​របស់​ខ្លួន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្រ្តា​ចារ្យ​ John​ Ciorcari ​សាស្ត្រា​ចារ្យ​នៃ​គោល​នយោ​បាយ​សាធា​រណៈ​នៃ​សាកល​វិទ្យាល័យ Michigan ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ Zoom ​នៅ​ក្នុង​វេទិកា​មួយ​នេះ​ជា​ភា​សា​អង់គ្លេស ​និង​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា​៖ «តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ​ វប្ប​ធម៌​ការទូត​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​កត្តា​ចំនួន​បី​ គឺទី​១ ត្រូវ​ពាំនាំ​ឲ្យ​មាន​អត្ថ​ប្រយោជន៍​មិន​ថា​នៅ​ក្នុង​កម្ម​វិធី​សិក្សា​ក្តី​ ឬ​ការ​ផ្លាស់​ប្តូរ​ការ​សិក្សា​ក្តី ជា​វប្បធម៌​ការ​ទូត​ទាំង​អស់។ ទី២​គឺ ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាក់​ទាញ​ និង​ត្រាប់​តាម​វប្បធម៌ និង​ទី​៣​គឺ​បង្កើន​ការ​យល់​ដឹង​ទាក់​ទង​ជាមួយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ដៃ​គូ​ប្រទេស​»។

សាស្រ្តា​ចារ្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា​ វប្ប​ធម៌​ការទូត​ធ្វើ​ឡើង​គឺ​ដើម្បី​កំណត់​បាន​នូវ​ចំណង់ចំណូល​ចិត្តរបស់អ្នក​ដែល​ចង់​ដឹង​អំពី​រឿងរ៉ាវ​ផ្សេង​ៗ​នៅ​ក្នុង​ពិភពលោក ហើយ​វាក៏មាន​សារៈ​សំខាន់​ចំពោះ​ប្រទេសមួយក្នុង​ការ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​របស់​ខ្លួន​ឲ្យ​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់ និង​បាន​ដឹងផងដែរ​៕

XS
SM
MD
LG