ភាពរកាំរកូស និងសង្គ្រាមពាក្យសម្តីរវាងប្រជាជនកម្ពុជា និងថៃ ទៅលើភាពជាម្ចាស់ដើមកំណើតនៃវប្បធម៌ទាំងឡាយ បានបន្តឡើងកម្តៅ ដែលអ្នកតាមដានលើកឡើងថាអាចបង្កឱ្យមានអរិភាពកាន់តែខ្លាំង និងអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន។
មួយរយៈពេលចុងក្រោយនេះ ការវាយប្រហារពាក្យសម្តីទៅវិញទៅមករវាងប្រជាជនកម្ពុជានិងថៃ កាន់តែឡើងកម្តៅនៅតាមបណ្តាញសង្គម ជាពិសេសមានការលើកឡើងអវិជ្ជមាន ពាក់ព័ន្ធនឹងកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)។
ថ្មីៗនេះផងដែរ គេឃើញមានការចែករំលែកវីដេអូនៅលើបណ្តាញសង្គមដែលប្រជាជនកម្ពុជាបាននិយាយពាក្យលាហើយថៃ ឬ ''Goodbye to Thailand" ក្រោយក្រុមបាល់ទះកម្ពុជាបានប្រកួតឈ្នះក្រុមបាល់ទះថៃ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣។
ការប្រើប្រាស់ពាក្យសម្តីវាយប្រហារនេះកើតឡើង ក្រោយមានភាពចម្រូងចម្រាសរវាងភាគីកម្ពុជានិងថៃផងដែរ ក្នុងការប្រើប្រាស់ឈ្មោះប្រភេទកីឡាគុនខ្មែរ។ ថៃពុំមានវត្តមានកីឡាករចូលរួមប្រកួតប្រជែងកីឡាប្រដាល់ឡើយ បន្ទាប់ពីភាគីថៃមិនពេញចិត្តនឹងការប្រើពាក្យគុនខ្មែរ ដោយពួកគេចង់ឱ្យមានការកំណត់ជាឈ្មោះ «Muay Thai» ទៅតាមកីឡាដែលជាតំណាងជាតិរបស់ថៃ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក រ៉ឹម សុខវី ប្រាប់វីអូអេថា សង្គ្រាមពាក្យសម្តីនេះអាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងថៃ។ លោកបន្ថែមថា អំពើហិង្សា និងជម្លោះប្រដាប់អាវុធកន្លងមកដែលកើតឡើងរវាងកម្ពុជា និងថៃ មួយផ្នែកគឺកើតចេញពីការវាយប្រហារគ្នាតាមពាក្យសម្តីនេះ។
បើតាមអ្នកស្រាវជ្រាវរូបនេះ ហេតុការណ៍ដែលប្រជាជនកម្ពុជាបាននាំគ្នាធ្វើបាតុកម្មនិងដុតស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ កាលពី ២០ ឆ្នាំមុន និងជម្លោះប្រដាប់អាវុធនៅប្រាសាទព្រះវិហារ កាលពីឆ្នាំ ២០០៨ ក៏មួយផ្នែកជាហេតុបណ្តាលមកពីសង្គ្រាមពាក្យសម្តីនេះដែរ។
លោកថ្លែងថា៖ «អានេះយើងឃើញថា ផលប៉ះពាល់ វាមាន ជួនកាលវាអាចកើតឡើងខ្លាំងលើសពីអីយើងគិតឃើញទៀត ពីព្រោះយើងមើលឃើញទៅក្នុងបច្ចុប្បន្ននេះ។ ខ្ញុំមើលឃើញសកម្មភាពមួយចំនួនដែលខ្ញុំអត់ពេញចិត្ត ដូចជានៅពេលដែលកីឡាករថៃចាញ់នៅក្នុងការប្រកួតស៊ីហ្គេមទាក់ទងនឹងកីឡា Volleyball(កីឡាបាល់ទះ)។ អ៊ីចឹងនៅពេលនោះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន គឺគាត់ទៅហ៊ោកញ្ជ្រៀវហើយថា Go home Thailand [ទៅផ្ទះ ប្រទេសថៃ]។ អ៊ីចឹងមានន័យថា អាពាក្យហ្នឹង គឺជាពាក្យមិនសមរម្យ ព្រោះពីយើងជាម្ចាស់ផ្ទះ បានន័យថា បើយើងធ្វើសកម្មភាពបែបហ្នឹងទៅ វាធ្វើឱ្យបាក់មុខមាត់ប្រទេសរបស់យើង»។
បើតាមអ្នកវិភាគរូបនេះ គោលដៅចម្បងរបស់កីឡា គឺធ្វើឱ្យមានការយល់គ្នា និងមានមនោសញ្ចេតនាជាមួយគ្នាកាន់តែច្រើន មិនមែនបង្កការស្អប់គ្នាឡើយ។
ចំណែកសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា ប្រាប់វីអូអេថា ការឈ្លោះប្រកែកគ្នារវាងប្រជាជនកម្ពុជា និងថៃ មិនមែនជាលើកទី ១ ឡើយ ខណៈអរិភាពទាំងនេះកើតឡើងពីក្រុមជ្រុលនិយម ដែលពួកគេចង់បង្ហាញពីការស្នេហាជាតិ។ បើតាមសាស្ត្រាចារ្យរូបនេះ ពួកគេទាំងនោះមិនបានសិក្សាពីប្រវត្តិសាស្ត្រឱ្យបានស៊ីជម្រៅឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងទេ យើងនាំគ្នាជួយផ្សះផ្សា ដោយបង្ហាញប្រាប់ពីគ្រឹះពិត។ ឧទាហរណ៍ថា អ្នកឆ្លើយថា នោះជារបស់អ្នក អ្នកខំប្រឹងអះអាងជារបស់អ្នកទៅ។ ហើយយើងឆ្លើយថាជារបស់យើង ខំប្រឹងស្រាវជ្រាវជារបស់យើងទៅ ហើយយើងកុំទ្រគោះបោះបោកដាក់គ្នា កុំជេរគ្នា ដើម្បីឱ្យគុណធម៌និងសីលធម៌យើងហ្នឹងលើកស្ទួយបាន»។
អ្នកជំនាញប្រវត្តិសាស្ត្ររូបនេះអះអាងថា នេះជាផលវិបាកសម្រាប់ប្រជាជាតិទាំងពីរ ប៉ុន្តែអរិភាពពាក្យសម្តីនេះ មិនអាចធ្វើឱ្យមានវិបត្តិនៃចំណងការទូតរវាងប្រទេសទាំងពីរឡើយ ខណៈរដ្ឋាភិបាលកម្ពុជា និងថៃ គិតគូរពីរឿងកសាងជាតិ ដើម្បីឆ្ពោះទៅមុខ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងវិលមកវិញ ខ្ញុំមិនខ្វល់គិតថា វានឹងអាចឱ្យមានវិបត្តិនៃប្រទេសជាតិចំពោះជាតិយើងទាំងពីរនោះទេ ពីព្រោះរដ្ឋាភិបាលឬក៏ប្រមុខរដ្ឋាភិបាល អត់ដែលបាននាំគ្នាអរិភាពពីរឿងនោះទេ គេគិតពីរឿងទំនាក់ទំនង និងការកសាងជាតិ។ អ៊ីចឹងមិនមានវិបត្តិអីធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេ»។
លោកបន្ថែមថា៖ «ប៉ុន្តែអ្វីដែលសំខាន់បំផុត បងប្អូនខ្មែរយើងនេះ សូមឱ្យរម្ងាប់មុនគេទៅ រម្ងាប់ចិត្ត រម្ងាប់គំនិតមុនគេទៅ យកខួរក្បាលមកគិត ដើម្បីលាងជម្រះមន្ទិល ខំប្រឹងគិតគំនិតល្អៗ ដើម្បីអភិវឌ្ឍជាតិវិញ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកពាក្យរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា ការប៉ះទង្គិចពាក្យសម្តីរវាងប្រជាជនថៃ និងកម្ពុជានេះ មិនមែនជារឿងថ្មីឡើយ។ បើប្រៀបធៀបគ្នារវាងការប្រើប្រាស់ពាក្យសម្តីវាយប្រហារគ្នានៅក្នុងពេលព្រឹត្តិការណ៍ស៊ីហ្គេម គឺមិនខ្លាំង ដូចកាលជម្លោះ នៅពេលប្រាសាទព្រះវិហារត្រូវបានដាក់ជាបេតិភណ្ឌរបស់អង្គការយូណេស្កូឡើយ។
បើតាមអ្នកវិភាគរូបនេះ ទំនាស់ពាក្យសម្តីនេះ មិនអាចនាំឱ្យចំណងការទូតរវាងប្រទេសទាំងពីរដល់ភាពរកាំរកូស ឬក៏ប្រេះឆាឡើយ ពីព្រោះថា វាកើតឡើងត្រឹមតែក្នុងរង្វង់ «យុវជនឈាមរាវ» ដែលលោកថា មិនបានសិក្សាឱ្យបានស៊ីជម្រៅប៉ុណ្ណោះ។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំមើលទៅការប៉ះទង្គិចពាក្យសម្តីនេះ គ្រាន់តែជារឿងតូចតាច ហើយមិនមានផលប៉ះពាល់អីទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃទេ។ ហើយភាគច្រើន ការប៉ះទង្គិចពាក្យសម្តីហ្នឹង សុទ្ធតែជាយុវជនឈាមរាវ ដែលមិនមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់នៃជម្លោះវប្បធម៌នេះ ហើយមួយក្រុមទៀតសុទ្ធតែជាអ្នកជាតិនិយមជ្រុល ដែលតែងតែមើលអ្នកជិតខាងថា គ្មាននរណាគ្រាន់បើជាងខ្លួន ទាំងភាគីខាងថៃ ទាំងភាគីកម្ពុជា»។
កម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនជាប់គ្នា ហើយវប្បធម៌ និងអរិយធម៌នៃប្រទេសទាំងពីរនេះ ក៏មានភាពស្រដៀងគ្នាដែរ។ ភាពស្រដៀងគ្នានេះបាននាំមកនូវផលវិបាកនៃភាពតានតឹង ការឈ្លោះប្រកែកគ្នា ដោយពាក្យសម្តីតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ពេលខ្លះទៀត សង្គ្រាមពាក្យសម្តីនាំឱ្យទៅជាអំពើហិង្សានិងការរើសអើងជាតិសាសន៍គ្នាផងដែរ។
ទោះជាយ៉ាងណា បើតាមលោក រ៉ឹម សុខវី អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព រដ្ឋាភិបាលត្រូវតែយកចិត្តដាក់ចំពោះបញ្ហានេះ ហើយត្រូវចាត់វិធានការ កុំឱ្យអ្នកល្បីៗ ឬអ្នកបង្កើតមាតិកានៅក្នុងបណ្តាញសង្គមប្រើប្រាស់ពាក្យទាំងឡាយណាដែលជះឥទ្ធិពលមិនល្អ ឬក៏បង្កើតអរិភាពចំពោះគ្នានិងគ្នា៕