ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីហ្គេម​លើកទី​៣២​នៅ​កម្ពុជា​នឹង​មាន​ការ​ប្រកួត​កីឡា​គុន​ខ្មែរ​ ដោយ​គ្មាន​វត្តមាន​ថៃ


ការ​ប្រកួត​ប្រដាល់​មួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៣។ (ហ្វេសប៊ុក/​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ)
ការ​ប្រកួត​ប្រដាល់​មួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៣។ (ហ្វេសប៊ុក/​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ)

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ ហៅ​កាត់ថា​ SEA Games (ស៊ីហ្គេម) ​លើក​ឡើង​ថា កម្ពុជា​នឹង​ប្រកួត​កីឡា​គុនខ្មែរ​ក្នុងស៊ីហ្គេម​ឆ្នាំ​ ២០២៣ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដោយ​មិន​មាន​កីឡាករ​មក​ពី​ប្រទេស​ថៃ​ចូល​រួម ក្រោយ​មាន​ការ​មិនពេញ​ចិត្ត​ក្នុង​ការ​ប្រើ​ឈ្មោះ​កីឡា​គុនខ្មែរ តែ​មិនមែន​ Muay Thai។​

លោក វ៉ាត់ ចំរើន អគ្គលេ​ខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា កម្ពុជា​បាន​សម្រេច​ប្រើឈ្មោះ​កីឡា​គុន​ខ្មែរ សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នា​ខែ​ឧសភា​ខាង​មុខ ដោយ​សារ​គុនខ្មែរ​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ។

លោក​ថ្លែង​ថា៖ «គុនខ្មែរ​របស់​យើង​គឺជា​ឈ្មោះ​ដើម​របស់ក្បាច់​គុន​ខ្មែរ អត្តសញ្ញាណ​ជាតិ​របស់​យើង ហើយ​ជា​សិល្បៈ​ក្បាច់​គុន គេ​ហៅ​ថា​ យុទ្ធគុន​មួយ​ដែល​មាន​ចំណាស់ មាន​ដូនតា​យើង មាន​ចម្លាក់​មាន​អី។ អ៊ីចឹង​វាជា​របស់​យើង ​បើ​យើង​ធ្វើជា​ម្ចាស់​ផ្ទះ​ យើង​ត្រូវ​តែ​រៀបចំ​ដើម្បី​បំពេញ​ការ​ពេញ​ចិត្ត​របស់​ប្រជាជាតិ​របស់​យើង របស់​ខ្មែរ​យើង។ អ៊ីចឹង​យើង​អត់​មាន​អី​ប៉ះពាល់​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​ទៀតទេ»។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​បន្ថែម​ថា បើទោះ​បី​ជា​ថៃ​មិន​បញ្ជូន​កីឡាករ​មក​ចូលរួម​ការ​ប្រកួត​គុន​ខ្មែរ​ក្នុង​កីឡា​ស៊ីហ្គេម​ក្តី ក៏​នៅ​មាន​ប្រទេស​យ៉ាង​ហោច​ណាស់​បួន​បាន​កំណត់​មក​ចូល​រួម ហើយ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​កំពុង​ពិភាក្សា​ក្នុងការ​ត្រៀម​មក​ចូល​រួម​ផង​ដែរ។

បើ​តាម​លោក វ៉ាត់ ចំរើន ​ប្រទេស​ទាំង​នោះ​ រួម​មាន​ប្រទេស​ឡាវ វៀតណាម មីយ៉ាន់ម៉ា​ ឬ​ភូមា ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូណេស៊ី​ជាដើម។​

ការ​លើកឡើង​របស់​អគ្គលេ​ខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​កើត​មាន​ឡើង​ បន្ទាប់​ពី​ភាគីថៃ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើពាក្យ​គុនខ្មែរ​ក្នុង​កីឡា​ស៊ីហ្គេម ដោយ​ពួកគេ​ចង់​ឲ្យ​មាន​ការ​កំណត់​ជា​ឈ្មោះ «Muay Thai» ទៅ​តាម​កីឡា​ដែល​ជា​តំណាង​ជាតិ​របស់​ថៃ។

សារព័ត៌មាន AFP បានស្រង់​សម្តី​របស់​លោក Charoen Wattanasin អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ​ ដែល​ថា ប្រទេស​ថៃ​នឹង​មិន​បញ្ជូន​កីឡា​ករ​មក​ចូល​រួម​ការ​ប្រកួត​កីឡា​គុន​ខ្មែរ ក្នុង​ស៊ីហ្គេម​លើកទី​ ៣២ ​នៅ​កម្ពុជា​ឡើយ។

បើតាម​លោក វ៉ាត់ ចំរើន បើទោះបីជា​ថៃ​មិន​បញ្ជូន​កីឡាករ​មក​ចូល​រួម​កីឡា​គុនខ្មែរ​ក្តី ក៏​ពួកគេ​នៅ​តែបញ្ជូន​កីឡាករ​មក​ចូល​រួម​ការ​ប្រកួត​កីឡា​ផ្សេងៗ​ទៀត ក្នុង​ស៊ីហ្គេម​លើកទី​ ៣២ ​នេះ។​

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះនេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០២៣៕

XS
SM
MD
LG