ខណៈពលរដ្ឋរិះគន់ និងងឿងឆ្ងល់ចំពោះសកម្មភាពមន្ត្រីគយដែលចុះរឹបអូសទូរសព្ទតាមហាងមួយចំនួនក្នុងខេត្តត្បូងឃ្មុំ អ្នកតាមដានជំរុញឲ្យមន្ត្រីរឹតបន្តឹងការត្រួតពិនិត្យទំនិញនានាដែលនាំចូលតាមច្រកព្រំដែន ជាជាងប្រើវិធានការចុះបង្ក្រាប ដែលបានបង្កការរំខានខ្លាំងដល់អាជីវករ ក៏ដូចជាប៉ះពាល់សតិអារម្មណ៍ពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
កាលពីពេលថ្មីៗនេះ មន្ត្រីគយតំបន់៦ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបានគេរាយការណ៍ថាបានចុះ ឆែកឆេរ និងចាប់យកទូរសព្ទជាង ១.០០០គឿង ពីហាងទូរសព្ទមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលជាសកម្មភាពកម្រកើតមាននៅក្នុងប្រទេសកម្ពុជា។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ការរឹបអូសទូរសព្ទពីហាងទូរសព្ទមួយចំនួននៅខេត្តត្បូងឃ្មុំនោះ ហាក់ធ្វើបាបអាជីវករតូចតាច ដោយសារមន្ត្រី មិនបានជូនដំណឹងអំពីការអនុវត្តការងារ ឬណែនាំឲ្យអាជីវករចូលរួមសហការបង់ពន្ធបែបណានោះទេ។
បើតាមអតីតតំណាងរាស្ត្ររូបនេះ មន្ត្រីគយ ត្រូវតែត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញគេចពន្ធដែលនាំចូលតាមច្រកព្រំដែន ដែលនៅជាប់ប្រទេសជិតខាងឲ្យបានតឹងរ៉ឹង ហើយមន្ត្រីមិនគួរចុះចាប់ ដកហូតទូរសព្ទ ឬទំនិញផ្សេងៗតាមតូប ឬតាមផ្សារ រួចតម្រូវឲ្យអាជីវករ ជាអ្នកទទួលបន្ទុកបង់ពន្ធនោះឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ជាទូទៅមុននាំចូលដល់ប្រទេសកម្ពុជា វាត្រូវចូលតាមច្រកណាមួយ ហេតុអ្វីបានជាគយទាំងអស់នោះ មិនមានវិធានការ មិនពិនិត្យមើលច្រកចូលមួយណា អាចនាំចូលបាននោះ។ ហើយគេចពន្ធមក [បែរ]មកជាប់អ្នកលក់ដូរតាមតូប តាមផ្សារនេះ ត្រូវទទួលកាតព្វកិច្ចជាអ្នកបង់ពន្ធវិញ ខ្ញុំមើលទៅវាហាក់បីដូចជាមិនត្រឹមត្រូវ សោះហ្មង»។
ទោះជាយ៉ាងណាលោកថា ប្រសិនបើស្ថាប័នគយ ចង់អនុវត្តការប្រមូលពន្ធគយ ក៏ត្រូវទុករយៈពេលយ៉ាងហោចណាស់១ឆ្នាំ ក្នុងការផ្សព្វផ្សាយឲ្យពលរដ្ឋ និងអាជីវករបានដឹង និងត្រៀមខ្លួនជាមុន ដើម្បីកុំឲ្យប៉ះពាល់សតិអារម្មណ៍ និងប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ ដែលពិបាកទទួលយកបាន ដូចករណីនេះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា បើសិនជានៅមានបញ្ហាបែបហ្នឹង វិធានការបែបហ្នឹង មិនមែនត្រឹមតែអ្នកលក់ដូរទូរសព្ទ ធ្វើឲ្យអ្នកលក់ដូរទាំងអស់ មិនត្រឹមតែទូរសព្ទទេ អាចរឿងផ្សេងៗទៀត មានការភ័យខ្លាច»។
ជុំវិញការរឹបអូសទូរសព្ទដៃក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី ៣១ ខែឧសភាថា ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះ ដែលរួមមានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនៃស្នងការដ្ឋាននគរបាល និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បួងឃ្មុំ បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន៥ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយ រួមមាន ទូរសព្ទ ប្រេងម៉ាស៊ីន និងគ្រឿងអគ្គីសនីមួយចំនួន។
សេចក្តីបំភ្លឺនោះបន្ថែមថា៖ «ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា ទូរសព្ទស្មាតហ្វូនថ្មីចំនួន៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់»។
បើតាមសេចក្តីបំភ្លឺដដែលនោះ ទូរសព្ទទាំងនោះ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុកនោះ អង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានសម្តែងមតិតាមបណ្តាញសង្គមអំពីកាតព្វកិច្ចបង់ពន្ធដោយក្រុមហ៊ុននាំចូលទូរសព្ទ ដែលមិនតម្រូវឲ្យអាជីវករដែលយកទៅលក់បន្តជាអ្នកបង់ពន្ធនោះទេ។
លោកប្រាប់វីអូអេថា៖ «ហើយរឿងប្រហាក់ប្រហែលគ្នា ដូចជារឿងរថយន្តអ៊ីចឹង មកចាប់រថយន្តអត់បង់ពន្ធនៅកណ្តាលប្រទេស ធ្វើមើលតែរថយន្ត ឬទូរសព្ទហ្នឹងចេះឈ្មុលដី មុជទឹកចូលក្នុងប្រទេសអ៊ីចឹង»។
លោកបន្ថែមថា៖ «ខ្ញុំចង់ឃើញការប្រមូលពន្ធនៅក្នុងស្រុក គឺជាការងារមួយ ដែលទទួលខុសត្រូវរបស់ពន្ធដារឲ្យបានច្រើន ជាជាងគយចុះទៅបង្ក្រាប ឲ្យមើលទៅជាទម្រង់បទល្មើសជាក់ស្តែងអីជាដើមអ៊ីចឹង។ ខ្ញុំគិតថាវាមិនល្អមើល ហើយក៏គេអាចវាយតម្លៃទៅលើចំណុចខ្វះខាត ចំណុចខ្សោយរបស់សមត្ថកិច្ចគយនៅតាមព្រំដែនទាំងទឹក ទាំងអាកាស និង[ផ្លូវ]គោកហ្នឹងដែរ»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន មិនបានឆ្លើយតប ទៅនឹងសំនួររបស់អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក(វីអូអេ) ដោយលោកគ្រាន់តែផ្ញើសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលចុះថ្ងៃទី៣១ ខែឧសភានោះ មកឲ្យអ្នកសារព័ត៌មាន។
ក្រោយមន្ត្រីគយ ចាប់យកទូរសព្ទទាំងនោះ ពលរដ្ឋបានវែកញែកច្រើននៅតាមបណ្តាញសង្គម ដោយអ្នកខ្លះចោទសួរអំពីការយកពន្ធច្រើនលើទូរសព្ទម៉ាក Nokia ចុចពិល ដែលស្ទើរតែហួសសម័យទៅហើយ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា ទូរសព្ទNokiaចុចពិល ទូរសព្ទស្មាតហ្វូនថ្មីតម្លៃក្រោម៥០ដុល្លារអាមេរិក និងទូរសព្ទទិញដូរក្នុងស្រុក តម្រូវឲ្យបង់ពន្ធឬយ៉ាងណានោះទេ ខណៈក្រសួងសេដ្ឋកិច្ច បានចេញតារាងសង្ខេបទំនិញដែលត្រូវបិទត្រាពន្ធគយ រួមមាន«ទូរសព្ទស្មាតហ្វូនថ្មីតម្លៃពី៥០ដុល្លារឡើង» និងទំនិញផ្សេងទៀត ដូចជាស្រាបៀរ ភេសជ្ជៈជាដើម។
ម្ចាស់ហាងទូរសព្ទម្នាក់នៅស្រុកមេមត់ ដែលទូរសព្ទចម្រុះចំនួន៦៤២គ្រឿង ត្រូវបានមន្រ្តីគយតំបន់៦ ចុះចាប់យកកាលពីថ្ងៃទី៣០ខែឧសភា លោក ធី វុត្ថា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា រហូតមកដល់ថ្ងៃចន្ទនេះ លោកមិនទាន់ទទួលបានទូរសព្ទ ដែលគយបានរឹបអូសយកទៅនោះទេ។
បើតាមលោកលោក ធី វុត្ថា ទូរសព្ទជាង៦០០គ្រឿងនោះ គឺមានទាំងទូរសព្ទដែលលោកទិញពីក្រុមហ៊ុនទូរសព្ទ ទិញពីរាជធានីភ្នំពេញយកទៅលក់បន្ត និងទិញពីប្រជាពលរដ្ឋក្នុងស្រុកដែលដោះដូរសេរ៊ីទូរសព្ទជាដើម។
អាជីវកររូបនេះបានបន្ថែមថា ក្នុងរយៈពេល ១០ឆ្នាំ ដែលលោកប្រកបរបរលក់ទូរសព្ទនេះ លោកមិនធ្លាប់ដឹងថា អាជីវករលក់ដូរទូរសព្ទតម្រូវឲ្យបង់ពន្ធគយនោះទេ ដោយសារសមត្ថកិច្ចមិនបានផ្សព្វផ្សាយឲ្យលោក និងពលរដ្ឋផ្សេងទៀតបានដឹង ហើយថា នេះជាលើកទី១ដែលលោកបានឃើញមន្ត្រីគយចុះមកចាប់យកទូរសព្ទដាក់តាំងលក់តាមហាងលក់ទូរសព្ទ។
លោកប្រាប់វីអូអេថា៖ «យើងជាអាជីវករលក់ដូរតូចតាចក្នុងស្រុកអ៊ីចឹងទៅ យើងទិញពីក្រុមហ៊ុន អ៊ីចឹងក្រុមហ៊ុនគាត់អ្នកផ្ញើអ៊ីវ៉ាន់មកហើយ យើងអ៊ីចឹងត្រង់ពន្ធបង់មិនបង់ យើងមិនដឹងទេបង»។
លោកស្នើឲ្យមន្ត្រីគយ ប្រគល់ទូរសព្ទឲ្យលោកវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ខាងហិរញ្ញវត្ថុ ព្រោះលោកត្រូវបើកប្រាក់ខែបុគ្គលចំនួន២នាក់ បង់ថ្លៃជួលផ្ទះដែលបើកលក់ទូរសព្ទ និងបង់ធនាគារជាដើម។ លោកបន្ថែមថាប្រសិនបើរដ្ឋប្រកាសឲ្យអាជីវករលក់ទូរសព្ទនៅទូទាំងប្រទេស បង់ពន្ធគយបែបនេះ លោកមិនស្ទាក់ស្ទើរក្នុងការអនុវត្តតាមនោះទេ។
ជុំវិញបញ្ហានេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ហាងទូរសព្ទមួយចំនួនបន្តបិទទ្វារ ឬផ្អាករកស៊ីជាបណ្តោះអាសន្ន៕