អ្នក​តាម​ដាន៖ ​ការ​បដិសេធ​របស់​សាលា​ក្រុង​មិន​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកដៃស្វាគមន៍សមាជិក និងអ្នកគាំទ្ររបស់គណបក្ស នៅទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ក្រុម​អ្នក​តាម​ដាន​មួយ​ចំនួន​ លើក​ឡើង​ថា ​ការ​បដិសេធ​របស់​សាលា​ក្រុង​ភ្នំពេញ​ដោយ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ លើក​ពេល​នៃ​ការ​ធ្វើ​សមាជ​របស់​ខ្លួន​ដើម្បី​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​នាយក​បន្ថែម​នោះ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​គណបក្ស​នយោបាយ។​

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែ​សីហា​ខាង​មុខ​នេះ​ ខណៈ​ប្រធាន​គណបក្ស​ជំទាស់​មួយ​នេះ​គឺ​លោក ​ស៊ុន ចន្ធី​ និង​មន្ត្រី​បក្ស​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្រោមការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណបក្ស​សម្រេច​លើក​ពេល​ធ្វើ​សមាជ​ទៅ​តាម​ការ​ទាមទារ​របស់​សាលាក្រុង​ ហើយ​គ្រោង​នឹង​រៀបចំ​ឡើងវិញ​នៅ​ខែ​កញ្ញា​ខាង​មុខ។ ​លោក​ចាត់​ទុក​ថា​ ការ​បដិសេធ​របស់​សាលា​ក្រុង​ភ្នំពេញ​មិន​ឱ្យ​គណបក្ស​ធ្វើ​សមាជ​នា​ពេល​នេះ​ គឺ​ជា​ការ​គាប​សង្កត់​សិទ្ធិ​នយោបាយ។​

លោក​ថ្លែង​ថា៖​ «បើ​យើង​ពិនិត្យ​មើល​ទៅ​ ​វា​ជា​ ការ​រឹត​ត្បិត​បន្តឹង​ទៅ​ដល់​សេរីភាព ​ហើយ​ការ​ដែល​អាជ្ញាធរ​ភ្នំពេញ​លើក​ឡើង​អំណះ​អំណាង​ ដែល​យើង​មើល​ទៅ​វា​មិន​ដល់​ថ្នាក់​ដែល​ថា ​ បិទ​មិន​ឱ្យ​ធ្វើ​ការ​ជួប​ប្រជុំ​ដូច្នេះ​ទេ​បាទ»។​

បើ​តាម​កំណត់​ហេតុ​មួយ​របស់​សាលា​ក្រុង​ភ្នំពេញ​ ការ​រៀបចំ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ​ នៅ​ខែ​សីហា​នេះ​ជា​ពេល​វេលា​មិន​សក្តិ​សម​ ខណៈ​ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ចលនា​ប្រមូល​ផ្តុំ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​

បន្ថែម​លើ​នោះ​ សាលា​ក្រុង​បាន​ព្រមាន​គណបក្ស​កម្លាំងជាតិ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ក្នុង​ករណី​គណបក្ស​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​សមាជ​វិសាមញ្ញ​នេះ​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ​ខែ​សីហា​ ខាង​មុខ​នេះ។​

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ និង ជាអ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា ចូលរួមក្នុងវេទិកាយុវជនថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ​ឯម សុវណ្ណារ៉ា ​យល់​ឃើញ​ថា ​ការ​ហាម​ប្រាម​នេះ​បង្ហាញ​ឱ្យ​សាធារណ​ជន​ឃើញ​ថា ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នយោបាយ​ និង​ថា ការ​ធ្វើ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ វៀតណាម​ CLV-DTA​ដែរ។​

លោក​ថ្លែង​ថា៖​«ដូច​ខ្ញុំ​បាន​លើក​ឡើង​ថា​ ទស្សនៈ​នៃ​ការ​ហាម​ប្រាម​ ការ​រឹត​ត្បិត​ហ្នឹង​ វា​ត្រូវ​បាន​យើង​មើល​ឃើញ​ថា​ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ដែល​រដ្ឋ​ធម្មនុញ្ញ​ផ្តល់​ឱ្យ។​ នៅ​ក្រសួង​មហាផ្ទៃ​ក៏​បាន​អនុញ្ញាត​គោល​ការណ៍​ច្បាប់​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​កិច្ចការ​នយោបាយ។ ​នេះ​គ្រាន់​តែ​ជា​សមាជ​ក្នុង​ផ្ទៃ​ក្នុង​បក្ស»។​

លោក​បន្ថែម​ថា ​តាម​គោល​ការណ៍​ច្បាប់​ គ្រប់​ភាគី​អនុវត្ត​ច្បាប់ ​និង​អ្នក​នយោបាយ​ទាំង​អស់​គួរតែ​គោរព​តាម​គោល​ការណ៍​ច្បាប់​ឱ្យ​បាន​ពេញ​លេញ ​រក្សា​នូវ​ទស្សនៈ​ឬ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​នាម​កម្ពុជា​ជា​ហត្ថលេខី​មួយ​នៅ​ក្នុង​អនុសញ្ញា​ និង​កតិការ​សញ្ញា​នានា​របស់​អន្តរជាតិ។​

ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក​ អ៊ូ ច័ន្ទរ័ត្ន​ យល់​ថា ​ការ​ហាម​ឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​ការ​ប្រុង​ប្រយ័ត្ន​«ហួសហេតុ​ពេក» ​ព្រោះ​ការ​ធ្វើ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ​គ្មាន​គោល​ដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។​

លោក​ប្រាប់​វីអូអេ​ថា៖​«ខ្ញុំ​គិត​ថា​ ការ​វាយ​តម្លៃ​របស់​រាជរដ្ឋាភិបាល​ឬ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហ្នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ហ្នឹង​វា​ហួស​ពេក។ ​ខ្ញុំ​មិន​ជឿ​ថា​ វា​មាន​រឿង​អី​អាច​នឹង​កើត​ឡើង​ទេ​ ព្រោះ​ខ្ញុំ​សង្កេត​មើល​ឃើញ​ថា​ ដូច​ជា​មិន​មាន​កម្លាំង​ចលនា​អី​ចង់​ទៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ អី​ដូច​ជា​មិន​មាន​ទេ ​គ្រាន់​តែ​ថា​ ជា​ការ​បញ្ចេញ​មតិ​ តស៊ូ​មតិ​មិន​ពេញ​ចិត្ត​មិន​គាំទ្រ​ចំពោះ​គម្រោង​CLV ​ វា​មាន។​ ប៉ុន្តែ​រឿង​ចលនា​ដើម្បី​ផ្តួល​រំលំ​ហាក់បី​មិន​មាន​ចលនា​អី​ធំ​ដុំ​ធ្វើ​ឱ្យ​រាជ​រដ្ឋាភិបាល​ឬ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ភ័យ​ដល់​ថ្នាក់​ហ្នឹង​ទេ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​បើ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​និង​ច្បាប់​ជាតិ​ផ្សេងៗ​ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ​នោះ​អាច​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​បាន​ដោយ​សេរី​ស្រប​តាម​គោល​ការណ៍​ច្បាប់​គណបក្ស​នយោបាយ។​

លោក​ថ្លែង​ថា៖​«យើង​ជា​ អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទួច​ថា​ រឿង​នយោបាយ​សូម​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ ឧត្តម​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជាធំ​ ធ្វើ​ម៉េច​កុំ​យក​ពលរដ្ឋ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​គ្រោះ»។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើតាម​លោក ​អំ សំអាត​ ស្ថានភាព​បច្ចុប្បន្ន​នេះ​ ហាក់ដូច​ជា​មាន​ភាព​តានតឹង​ច្រើន​ដូច​ជា​ការ​ចាប់​ខ្លួន​សកម្ម​ជន​ជា​បន្ត​បន្ទាប់​ ហើយ​កង​កម្លាំង​ក៏​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​និង​ ក្រុម​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ ដូច​ការ​ព្យាយាម​ធ្វើ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ។​

សមាជ​វិសាមញ្ញ​របស់​គណបក្ស​កម្លាំងជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ មាន​គោល​ដៅ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​ និង​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈ​កម្មការ​នាយក​បន្ថែម​ ខណៈ​ប្រធាន​គណបក្ស​លោក​ ស៊ុន ចន្ធី​ បន្ត​ជាប់​ឃុំ។ ​នេះ​បើ​តាម​ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ៕​