ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យអនុវត្តច្បាប់តឹងរ៉ឹងលើមន្រ្តីពន្ធនាគារដែលពាក់ព័ន្ធនឹងសកម្មភាពជនជាប់ឃុំចាក់បាស់រាំ និងប្រើគ្រឿងញៀនក្នុងពន្ធនាគារដូចក្នុងវីដេអូដែលត្រូវបានចែកចាយលើបណ្តាញសង្គម។
ក្នុងវីដេអូឃ្លីបរយៈពេល១៥វិនាទី ដែលត្រូវបានចែកចាយកាលពីពេលថ្មីៗនេះ គេឃើញមានបុរសប្រមាណជា១០នាក់ ចាក់ធុងបាស់រាំក្នុងបន្ទប់មួយដែលមានការរៀបចំដូចផ្ទះបាយ និងមានបុរសម្នាក់អង្គុយក្នុងកាយវិការកំពុងប្រើប្រាស់ម្សៅស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារ បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យស្រាវជ្រាវ និងបញ្ជាឱ្យប្តូរប្រធានមណ្ឌលអប់រំកែប្រែទី១ (ព្រៃស ម១) ព្រមទាំងពង្រឹងពន្ធនាគារនៅទូទាំងប្រទេស។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក [គឺ] ខ្ញុំឯកភាព ទី១ គឺពង្រឹងម១ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ។ អ៊ីចឹងក៏បានត្រៀម ហើយត្រូវធ្វើយ៉ាងណា ធានានូវការពង្រឹងសន្តិសុខ។ គ្រប់ទិដ្ឋភាពទាំងអស់ត្រូវតែធ្វើ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់វីអូអេនៅថ្ងៃពុធថា វីដេអូដែលឃើញជនជាប់ឃុំជនជាតិចិន និងខ្មែររាំច្រៀងនោះ ពិតជាកើតមានក្នុងពន្ធនាគារ (ម១) មែន ដោយកើតឡើងចំពេល ពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣។
បើតាមលោក នុត សវនា នៅពេលមានពិធីបុណ្យទាន គឺជនជាប់ឃុំតែងស្នើសុំឱ្យពន្ធនាគាររៀបចំកន្លែងរាំលេងកម្សាន្តជុំគ្នា ដែលពន្ធនាគារពិតជាបានអនុញ្ញាត។ ប៉ុន្តែលោកថា ក្នុងករណីជនជាប់ឃុំរាំលេងក្នុងបន្ទប់គឺជាការល្មើសនឹងបទបញ្ជាផ្ទៃក្នុង និងវិន័យ។
ពាក់ព័ន្ធនឹងរូបភាពបុរសម្នាក់ធ្វើសកម្មភាពដូចកំពុងប្រើម្សៅស គ្រឿងញៀន លោក នុត សវនា ប្រាប់ថា លោកមិនអាចបញ្ជាក់ថា នោះពិតជាសារធាតុញៀនមែន ឬយ៉ាងណានោះឡើយ។
លោកថ្លែងថា៖ «យើងកំណត់ថា អាហ្នឹងជាស្អី ទាល់យើងចាប់បាន ទាល់របស់ហ្នឹងយកមកពិនិត្យ។ អានេះមានតែក្នុងវីដេអូ មិនដឹងជាស្អីផង។ យើងមិនដឹងរកឯណាឥឡូវ ព្រោះយើងធ្វើការឆែកឆេរដែរ។ និយាយទៅ វាអត់មានអីខុសប្រក្រតី»។
ជាទូទៅ ក្រុមគ្រួសារ ឬអ្នកចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារមិនត្រូវបានអនុញ្ញាតឱ្យយក ទំនិញ ឬវត្ថុប្រើប្រាស់ទាំងឡាយណាដែលមានរូបរាងស្រដៀងនឹងម្សៅពណ៌សទៅឱ្យអ្នកជាប់ឃុំទេសូម្បីតែសាប៊ូបោកខោអាវ។
បើតាមលោក នុត សវនា នៅក្នុងពន្ធនាគារមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងញៀនទេ តែមានករណីឆកល្វែងមួយចំនួន តាមរយៈមន្ត្រី ឬបញ្ញើអីវ៉ាន់ពីក្រុមគ្រួសារឱ្យទៅអ្នកជាប់ឃុំដែលមានលាក់សារធាតុញៀនក្នុងពោះត្រី ឬទឹកផ្លែឈើជាដើម។ លោកថា ករណីទាំងនេះក៏មានការទប់ស្កាត់បានជាហូរហែ និងមានវិធានការផងដែរ។
លោក នុត សវនា បន្ថែមថា អគ្គនាយកដ្ឋាននឹងបំភ្លឺជាសាធារណៈ បន្ទាប់ពីក្រុមការងារជំនាញបិទបញ្ចប់ការស្រាវជ្រាវលើករណីនេះ។
លោក យិន គន្ធ គឺជាអតីតប្រធានមណ្ឌលអប់រំកែប្រែទី១ ដែលទើបចូលនិវត្តន៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមលោក នុត សវនា ចាប់តាំងពីប្រធានមណ្ឌលអប់រំកែប្រែទី១ ចូលនិវត្តន៍ ក្រសួងមហាផ្ទៃមិនទាន់តែងតាំងប្រធានថ្មីនៅឡើយទេ។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គមប្រាប់វីអូអេថា ករណីនេះមិនគួរដាក់ទោសត្រឹមវិន័យរដ្ឋបាលនោះទេ ដោយសារអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងជាការបើកដៃដោយមន្ត្រីពន្ធនាគារ។
លោកថ្លែងថា៖ «បើសិនជាស្ថានភាពបែបនេះ គេបណ្តោយឱ្យកើតឡើង វាប្រាកដជាមិនមែនជាការចាប់ផ្តើមឡើងរបស់ពិរុទ្ធជនទេ។ វាអាចចាប់ផ្តើមពីការបើកដៃពីមន្ត្រីនៅក្នុងពន្ធនាគារ។ អាហ្នឹងបើសិនជារឿងពិត»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ គាំទ្រការធ្វើអធិការកិច្ចលើករណីនេះ។ លោកថា ប្រសិនបើករណីនេះពិតជាកើតមានមែន គឺត្រូវតែពង្រឹងការគ្រប់គ្រងពន្ធនាគារ និងដាក់ទោសអ្នកពាក់ព័ន្ធ ដោយប្រើច្បាប់ពាក់ព័ន្ធនឹងពន្ធនាគារ និងច្បាប់ព្រហ្មទណ្ឌ ដើម្បីកុំឱ្យកើតមានភាពប្រក្រតីបន្តទៀត។
កន្លងមកមានការផ្សព្វផ្សាយព័ត៌មានអំពីការរកឃើញ និងបង្ក្រាបករណីនៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀនក្នុងពន្ធនាគារ ការប្រើទូរស័ព្ទបញ្ជាឱ្យចែកចាយគ្រឿងញៀនពីក្នុងពន្ធនាគារ ព្រមទាំងករណីមន្រ្តីពន្ធនាគារ រក្សាទុកគ្រឿងញៀនដើម្បីជួញដូរក្នុងពន្ធនាគារជាដើម៕