លោក​ស៊ី ជីង​ពីង​ និង​លោក​អូបាម៉ា​នឹង​ជជែក​លើ​ប្រធានបទ​រសើប​នានា​នៅ​អំឡុង​ពេល​ជំនួបពិភាក្សា

ប្រធានាធិបតី​ចិន​លោក ស៊ី ជីងពីង​ញញឹម ខណៈដែល​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អនុវិទ្យាល័យ Licoln High School កាល​ពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​ចិន​ស៊ី ​ជីង​ពីង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ចរចា​ជាមួយ​ប្រធានា​ធិបតី​ស.រ.អា​លោក ​បារ៉ាក់ ​អូបាម៉ាលើ​បញ្ហា​សំខាន់​ៗជា​ច្រើន ដែល​រួម​មាន​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត សិទ្ធិ​មនុស្ស​ និង​បញ្ហា​សេដ្ឋ​កិច្ច​ ​បន្ទាប់​ពីចំណាយ​ពេល​២​ថ្ងៃ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចលើក​ទី​មួយ​របស់​លោក​នៅ​ស.រ.អា​ដោយ​ផ្តោត​លើ​សារៈ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

កាលពី​ថ្ងៃ​ពុធ លោក​ប្រធា​នា​ធិបតី​ស៊ី​បាន​ជួប​ជាមួយមេដឹកនាំ​កំពូល​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅស.រ.អា​មួយ​ចំនួន ​ដែល​រួមមាន​ក្រុមហ៊ុន Amazon, Apple, Microsoft, Boeingនិង Facebook។​ មេដឹកនាំ​ចិន​រូប​នេះ​ក៏​បាន​បញ្ជាក់​ប្រាប់​មេដឹកនាំ​កំពូល​ក្រុម​ហ៊ុន​ធំ​ៗ​ទាំង​នោះ​ថា ​លោក​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​កម្មសិទ្ធ​បញ្ញា​ និង​ធ្វើ​ឲ្យ​កាន់​តែងាយ​ស្រួល​ឡើង​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន។

លោក​ប្រធានាធិបតី​ស៊ី ​បាន​ប្រាប់​ក្រុម​នាយក​ប្រតិបត្តិមុនពេល​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​ក្រុម​ហ៊ុន Microsoft ​ហើយ​ទស្សនា​រោងចក្រ Boeing នៅ​ក្បែរ​នោះ​ថា «យើង​កំពុង​ធ្វើ​ការ​ដើម្បី​បង្កើតប្រ​ព័ន្ធ​សេដ្ឋ​កិច្ច​បើក​ចំហរ​ថ្មី​មួយ ​ដោយ​ធ្វើ​ឲ្យ​ជឿន​លឿនដល់​ការ​ធ្វើ​កំណែ​ទម្រង់​ការ​រៀប​ចាត់​ចែង​ការ​វិនិយោគ​ទុន​បរទេស និង​កាត់​បន្ថយ​ការ​រឹតត្បិត​យ៉ាង​ខ្លាំងលើ​ការ​វិនិយោគ​ទុន​បរទេស‍»។

ក្រុមហ៊ុនBoeing និង​លោក​ប្រធានា​ធិបតី​ស៊ី​បាន​ប្រើ​ប្រាស់​ឱកាស​នេះ​ ដើម្បី​ប្រកាស​ថា ​ក្រុម​ហ៊ុន​ចិន​បាន​ព្រម​ព្រៀង​ទិញយន្តហោះ​ចំនួន​៣០០​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​ស.រ.អា។ យន្តហោះ​ប្រភេទ​៧៣៧​ចំនួន​២៥០​គ្រឿង​ និង​យន្តហោះ​ធុន​ធំ​ចំនួន​៥០​គ្រឿង​បាន​ស្ថិតនៅ​ក្នុង​បញ្ជី​ដែល​មាន​តម្លៃ​៣៨​ពាន់​លាន​ដុល្លារ។ កិច្ចព្រម​ព្រៀង​នោះ​បាន​អំពាវនាវដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បង្អស់​របស់​ស.រ.អាមួយ​នេះ​ស្ថាបនា​រោង​ចក្រ​ដំឡើង​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​ចិន៕