លោក​អូបាម៉ា​ចង់​ឲ្យ​សភា​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP

លោក​ប្រធានាធិបតី​អូបាម៉ា​ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយនៅ​ឯ​សេតវិមាន ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពីថ្ងៃ​អង្គារ ទី០២ ខែ​សីហា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​ចង់​ឲ្យ​សភា​អនុម័ត​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​រដ្ឋបាល​របស់​លោក​បាន​ព្យាយាម​ចរចា​ឲ្យ​មាន​ការ​អនុម័ត​ពី​សភា​ស្ទើរតែ​ពេញ​មួយអាណត្តិ​របស់​លោកជា​ប្រធានាធិបតី​ទៅ​ហើយ។ បេក្ខជន​ប្រធានាធិបតី​នា​អាណត្តិ​បន្ទាប់​ដែល​នឹង​ឡើង​កាន់​តំណែង​នា​ខែ​មករា​ឆ្នាំ​ក្រោយ ទំនង​ជា​មិន​ចរចា​ជាមួយ​សភា​ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង TPP នេះ​ត្រូវ​បាន​អនុម័ត​នោះ​ទេ។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) ថា៖ «ឥឡូវ​នេះ​ខ្ញុំ​ជា​ប្រធានាធិបតី ដូច្នេះ​ខ្ញុំ​គាំទ្រ​កិច្ច​ព្រមព្រៀង TPP នេះ»។

លោក​អូបាម៉ា​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង TPP នឹង​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​នាំចេញ​ នាំចូល​របស់​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​ធ្វើឲ្យ​ទីផ្សារ​មាន​ភាព​ស្មើគ្នា​ផង​ដែរ​សម្រាប់​កម្មករ​នៅ​ក្នុង​ប្រទេស​នីមួយៗ ដោយ​ហេតុ​ថា​ កិច្ច​ព្រមព្រៀង TPP នេះ​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​គោរព​ទៅ​តាម​បទដ្ឋាន​ពលកម្ម និង​បទដ្ឋាន​បរិស្ថាន​ដ៏​តឹងតែង

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ធ្លាប់​បាន​និយាយ​ក្តែងៗ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង TPP នេះ ក៏​ដូចជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដែរ ដោយ​បាន​សន្យា​ថា លោក​នឹង​ចរចា​ឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ទាំង​ប៉ុន្មាន​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ព្រមព្រៀង​ទាំងអស់​នោះ​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្មករ​ និង​អ្នក​ធ្វើការ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​និយាយ​កាល​ពី​ខែ​មុន ក្នុង​អំឡុង​ពេល​ឡើង​ថ្លែង​សុន្ទរកថា​នៅឯ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​ថា កិច្ច​ព្រមព្រៀង TPP នឹង «ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​គោរព​ទៅ​តាម​ច្បាប់​នានា​របស់​រដ្ឋាភិបាល​បរទេស» និង​ថែម​ទាំង​បំផ្លាញ​វិស័យ​ផលិតកម្ម​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក Trump បាន​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​បាន​អាន ឬ​យល់​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ទូលំទូលាយ​មួយ​នេះ​នោះ​ទេ។

កិច្ច​ព្រមព្រៀង TPP នេះ​មាន​ចំនួន​ច្រើន​ជាង ៨.៤០០​ទំព័រ។ រដ្ឋបាល​លោក Obama បាន​បញ្ជាក់​ថា គោលបំណង​នៃ​កិច្ច​ព្រមព្រៀង​គ្នា គឺ​ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​រីកចម្រើន និង​បង្កើត​ការងារ​គុណភាព​ខ្ពស់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ដោយ​ការ​បង្កើន​ការ​នាំចេញ៕