លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានអំពាវនាវដល់យុវជនអង់គ្លេសកុំឲ្យមានគំនិតទុទិដ្ឋិនិយម រើសអើង និងស្អប់ខ្ពើមជនបរទេស ក្នុងអំឡុងពេលនៃវេទិកាសួរដេញដោលគ្នាមួយក្នុងទីក្រុងឡុងដ៏នៅថ្ងៃសៅរ៍នេះ មួយថ្ងៃបន្ទាប់ពីលោកបានដោះស្រាយការរិះគន់ចំពោះសុន្ទរកថារបស់លោកដែលបានសម្តែងការគាំទ្រដល់ប្រទេសអង់គ្លេសនៅក្នុងការបន្តធ្វើជាសមាជិករបស់សហភាពអឺរ៉ុប។
លោក Obama ត្រូវបានសាកសួរពាក់ព័ន្ធនឹងប្រធានបទជាច្រើន ដោយបញ្ចូលទាំងអ្វីដែលលោកចង់ឃើញប្រធានាធិបតីបន្ទាប់ធ្វើ ហើយលោកក៏ចង់ឲ្យកេរដំណែលរបស់លោកឆ្លុះបញ្ចាំងពីពេលដែលលោកធ្វើជាប្រធានាធិបតីផងដែរ។ លោកបានមានប្រសាសន៍ថា លោកត្រូវរង់ចាំរយៈពេលប្រហែល១០ឆ្នាំទៀត ទម្រាំលោកអាចមើលត្រឡប់ក្រោយវិញនិងវាយតម្លៃឲ្យបានត្រឹមត្រូវទៅលើកេរដំណែលរបស់លោក ប៉ុន្តែលោកគិតថា លោកបានធ្វើត្រឹមត្រូវហើយ។
លោកបាននិយាយថា «ខ្ញុំនឹងក្រឡេកមើលអ្វីដែលខ្ញុំបានធ្វើនៅទីបញ្ចប់ ប៉ុន្តែខ្ញុំមានមោទនភាពចំពោះអ្វីដែលខ្ញុំបានធ្វើ»។
លោក Obama បានលើកឡើងពីប្រព័ន្ធសុខភាពដែលលោកបានបង្កើតជាប្រវត្តិសាស្រ្ត ការឆ្លើយតបទៅនឹងវិបត្តិជំងឺអ៊ីបូឡា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងប្រទេសអ៊ីរ៉ង់ ថាជាសមិទ្ធផលដ៏លេចធ្លោរបស់លោក ប៉ុន្តែសមិទ្ធផលដ៏ធំបំផុតរបស់លោកគឺ «ការសង្គ្រោះសេដ្ឋកិច្ចពិភពលោកពីការធ្លាក់ចុះខ្លាំង» នៅក្នុងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨៕