លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកនឹងបំពេញទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ានៅចុងខែនេះ ដែលលោកនឹងក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកលើកដំបូង ធ្វើដំណើរទៅកាន់ទីក្រុងរបស់ជប៉ុនដែលនៅទីនោះយន្តហោះចម្បាំងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកនៅឆ្នាំ១៩៤៥ នៅពេលជិតបញ្ចប់សង្គ្រាមលោកលើកទី២ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
កាលពី៧ទសវត្សរ៍មុន អស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ចៀសមិនបំពេញទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ា ទំនងដើម្បីបញ្ចៀសការចាប់អារម្មណ៍ថា ដំណើរបំពេញទស្សនកិច្ចបែបនេះ នឹងត្រូវបានគេមើលឃើញថា ជាការសុំទោសចំពោះការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកបរមាណូនៅទីនោះ ហើយនឹងទីក្រុងណាហ្គាស៊ីគី ដែលនៅទីនោះគ្រាប់បរមាណូទី២ បានត្រូវទម្លាក់៣ថ្ងៃក្រោយមក។
លោកប្រធានាធិបតី អូបាម៉ា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែឧសភា ដើម្បីចូលរួមជំនួបមួយជាមួយពួកមេដឹកនាំប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេលើពិភពលោកហៅថា G7។ សេតវិមាន បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី នឹងបំពេញទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅជិតបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់លោក រួមដំណើរដោយនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ដើម្បីសង្កត់ពីការបន្តការតាំងចិត្តរបស់លោក ដើម្បីស្វែងរកសន្តិភាព និងសន្តិសុខរបស់ពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែ។
សេចក្តីរាយការណ៍ជាវីដេអូជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា
Your browser doesn’t support HTML5
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានបំពេញទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែមុន ហើយបានមានប្រសាសន៍ថា «បូជនីយដ្ឋាននៅទីនេះជាការរំឭកឡើងវិញ មិនត្រឹមតែកាតព្វកិច្ចរបស់យើងដើម្បីបញ្ចប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែទេ ក៏ប៉ុន្តែត្រូវផ្តោតការយកចិត្តទុកដាក់របស់យើងជាថ្មីដើម្បីបញ្ចៀសសង្គ្រាម»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានសរសេរនៅក្នុងសៀវភៅកំណត់ត្រារំឭកវិញ្ញាណខណ្ឌនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាថា «សង្គ្រាមត្រូវតែជាជម្រើសចុងក្រោយបង្អស់។ វាមិនមែនជាជម្រើសទីមួយទេ។បូជនីយដ្ឋាននេះជំរុញឲ្យយើងបង្កើនការខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីធ្វើការផ្លាស់ប្តូរពិភពលោក ដើម្បីស្វែងរកសន្តិភាព ហើយនឹងស្ថាបនាអនាគតសម្រាប់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង»។
គ្រាប់បែកបរមាណូ២គ្រាប់របស់សហរដ្ឋអាមេរិក បានទម្លាក់ទៅទីក្រុងរបស់ជប៉ុនដោយបង្ខំ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ ចាប់តាំងពីអធិរាជជប៉ុន Hirohito បានប្រកាសថា ប្រទេសរបស់ព្រះអង្គបានចុះចាញ់ដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ៩ថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
គ្មានគ្រាប់បែកបរមាណូណា បានត្រូវគេទម្លាក់ក្នុងពេលមានជម្លោះទេ ហើយពិភពលោកបានធ្វើការជជែកដេញដោលយ៉ាងយូរពីទំហំនៃការឃ្លាំងស្តុកអាវុធនុយក្លេអ៊ែដែលត្រូវបានធ្វើឡើងដោយប្រទេស១០មកពីជុំវិញពិភពលោក។
ដោយមានបញ្ជាពីប្រធានាធិបតីសហរដ្ឋអាមេរិក Harry Truman យន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិកមួយគ្រឿងធុន B-29 បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ដែលគេស្គាល់ថា ក្មេងប្រុសតូច ឬ “Little Boy” លើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ភ្លាមៗនោះ គ្រាប់បែកនោះបានកម្ទេចទីក្រុងចំនួន៩០ភាគរយ ហើយបានសម្លាប់មនុស្ស៨ម៉ឺន នាក់។ មនុស្សរាប់ម៉ឺននាក់ទៀតក្រោយមក បានស្លាប់ដោយសារការសាយភាយនៃជាតិវិទ្យុសកម្ម។
ការទម្លាក់គ្រាប់បែកនៅលើទីក្រុងណាហ្គាសាគី ដែលបានត្រូវគេហៅថា «បុរសធាត់»ឬ “Fat Man” ភ្លាមៗ បានសម្លាប់មនុស្សប្រហែល៤ម៉ឺននាក់ ហើយមនុស្សពី ២ម៉ឺនទៅ៤ម៉ឺននាក់ទៀតបានស្លាប់ប៉ុន្មានខែក្រោយមក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន