ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនាសប្ដាហ៍នេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama កំពុងស្វះស្វែងធ្វើឲ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទុកចិត្តឡើងវិញ ដោយថាសហរដ្ឋអាមេរិកគឺប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឲ្យមានតុល្យភាពឡើងវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការធ្វើដំណើរទៅដល់ប្រទេសឡាវនាថ្ងៃចន្ទនេះ បង្ហាញឲ្យឃើញពីដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់ដំណែងទៅកាន់ប្រទេសនេះ។
លោក Barack Obama នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត ដែលនៅក្នុងកិច្ចប្រជុំទាំងពីរនោះ លោកនឹងស្វះស្វែងរឹតចំណងទាក់ទងឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងថែមទាំងស្វះស្វែងពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ។
មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោក Obama នឹងស្វះស្វែងបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឡាវ ដោយសារតែគោលនយោបាយការបរទេសសហរដ្ឋអាមេរិកមានការផ្ដោតខ្លាំងបន្ថែមទៀតនៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្ដោតលើគោលបំណងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យមានសមតុល្យជាមួយនឹងតួនាទី និងឥទ្ធិពលកាន់តែកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់។
លោក Obama នឹងជួបជាមួយប្រធានាធិបតីឡាវលោក Bounhang Vorachit នៅឯវិមានប្រធានាធិបតីឡាវនៅថ្ងៃអង្គារស្អែក។
មន្ត្រីសេតវិមានបញ្ជាក់ថា ជំនួបទ្វេភាគីនេះគឺក្នុងគោលបំណងបន្តនូវគោលនយោបាយរបស់រដ្ឋបាលលោក Obama នៃការសំដៅឆ្ពោះទៅរកប្រទេសឡាវ ដែលសហរដ្ឋអាមេរិកធ្លាប់មានទំនាក់ទំនងមិនល្អជាមួយក្នុងអំឡុងពេលសង្គ្រាមវៀតណាម៕