លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងបើកកិច្ចប្រជុំជាមួយនឹងដៃគូរបស់លោកមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការតបតកាន់តែខ្លាំងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Obama នឹងបើកកិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃជាមួយនឹងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរជាសាកល និងបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាដៃគូការទូតនិងពាណិជ្ជកម្មដ៏ធំរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងមានអំនួតលើដំណើរវិវឌ្ឍន៍នៃកម្មវិធីអាវុធនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់ខ្លួន ដែលរួមមានទាំងការអះអាងអំពីការសាកល្បងដោយជោគជ័យទៅលើការបាញ់គ្រាប់រ៉ុកែតនិងគ្រាប់មីស៊ីលផងដែរ។ អំនួតនេះគឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីដែលធ្ងន់ធ្ងររបស់អង្គការសហប្រជាជាតិទៅលើរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជុំវិញការសាកល្បងនុយក្លេអ៊ែរនិងការបាញ់គ្រាប់មីស៊ីល និងសមយុទ្ធប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។
សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង រុស្សី ជប៉ុន និងកូរ៉េខាងជើងគឺជាសមាជិកទាំង៦នៃកិច្ចប្រជុំដែលមាន៦ភាគី ដែលមានគោលបំណងទប់ទល់នឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប៉ុន្តែកិច្ចប្រជុំនេះបានបញ្ចប់ដោយបរាជ័យកាលពីឆ្នាំ២០០៨៕